អានតួអត្ថបទ
បារាំង-ម៉ាលី

ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​គាំទ្រ​អន្តរាគមន៍​បារាំង​នៅ​ម៉ាលី​ជា​ឯកច្ឆន្ទ​​

កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​នេះ ប្រទេស​បារាំង​បាន​សុំ​អោយ​ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ រៀបចំ​កិច្ច​ប្រជុំ​មួយ​ ដើម្បី​​ធ្វើ​​ការ​ពិចារណា ​ទៅ​លើ​ស្ថាន​ការ​​អន្តរាគមន៍​របស់​ខ្លួន​​នៅ​ប្រទេស​ម៉ាលី​។ ជា​លទ្ធផល ៖ អង្គការ​សហប្រជាជាតិ ​គាំ​ទ្រ​​​​​​អន្តរាគមន៍​បារាំង​នៅ​ម៉ាលី​​ជា​ឯកច្ឆន្ទ។ ទន្ទឹម​នេះ​ដែរ​ ក៏​មាន​ចោទ​ជា​សំណួរ​ឡើង​ អំពី​ស្ថានការ​​នៅ​ពេល​ដែល​ ​​​​​​អន្តរាគមន៍​បារាំង ត្រូវ​បញ្ចប់​ ព្រោះ​ថា​​​អ្នក​ជំនាញ​នានា បាន​ប្រមើល​មើល​ថា បេសកកម្ម​​​​​អន្តរជាតិ​​ជួយ​​ប្រទេស​ម៉ាលី ដែល​គេ​អោយ​​ឈ្មោះ​​ថា​ Misma នោះ ប្រហែល​​ជា​មិន​អាច​ នឹង​​​ដណ្តើម​បាន​ភាគ​ខាង​ជើង​ប្រទេស​នេះ ពី​ក្រុម​ប្រដាប់​អាវុធ​អ៊ីស្លាម​​មក​វិញ មុន​រយៈ​ពេល​ច្រើន​ខែ​នោះ​ឡើយ។

អន្តរាគមន៍​របស់​បារាំង​នៅ​ម៉ាលី​​ ​ធ្វើ​ឡើង​ស្រប​តាម​​​ច្បាប់​ និង​​តាម​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ
អន្តរាគមន៍​របស់​បារាំង​នៅ​ម៉ាលី​​ ​ធ្វើ​ឡើង​ស្រប​តាម​​​ច្បាប់​ និង​​តាម​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ REUTERS/Joe Penney
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ដែល​​ខ្លួន​ជា​អ្នក​ផ្តួច​ផ្តើម អោយ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ រៀបចំ​កិច្ច​ប្រជុំ​ ​​​​​ទាក់​ទង​នឹង​ស្ថានការ​នៅ​ប្រទេស​ម៉ាលី បារាំង​​បាន​ប្រកាស​ថា ​​ខ្លួន​​មាន​បំណង​​អោយ​អន្តរាគមន៍​​ ធ្វើ​ឡើង​ក្នុង​​បែប​ផែន​មួយ​​​ច្បាស់​លាស់។ នៅ​ក្នុង​កិច្ច​ប្រជុំ​ កាល​ពី​ម្សិលមិញ​នេះ គ្មាន​​ប្រទេស​ណា​មួយ​ រិះ​គន់​​ការ​ប្រកាស​នេះ​​ឡើយ​ សូម្បី​តែ​រុស្ស៊ី​ រឺ​ក៏​ចិន ដែល​​បាន​អនុម័ត​អោយ​មាន ​​អន្តរាគមន៍​បារាំង​ នៅ​ប្រទេស​ម៉ាលី ក៏​មិន​បាន​​ហារ​មាត់​​មួយ​ម៉ាត់​ដែរ។

ប្រទេស​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នានា យល់ស្រប​ថា អន្តរាគមន៍​របស់​បារាំង​ ប្រព្រិត្តិ​ទៅ​ស្រប​តាម​​​ច្បាប់​ និង​​តាម​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ។ យោង​តាម​តំណាង​​​បារាំង​​ នៅ​​អង្គ​ការ​សហប្រជាជាតិ​ ​ លោក​ Gérard Araud អាទិភាព​​​សំខាន់​នៅ​ពេល​នេះ​ គឺ​ផ្តោត​លើ​ ការ​អនុវត្ត​អោយ​បាន​ឆាប់​រហ័ស​ នូវ​​សេចក្តី​សំរេច​ចិត្ត​លេខ​​ ២០៨៥ របស់​​​​អង្គ​ការ​សហប្រជាជាតិ ដែល​អនុម័តនៅ​​ថ្ងៃ​​ទី ២០​ធ្នូ ​កន្លង​មក នៅ​ពេល​ដែល​អន្តរាគមន៍​បារាំង​នៅ​ម៉ាលី ត្រូវ​បញ្ចប់។ ​​

សេចក្តី​សំរេច​ចិត្ត លេខ​​ ២០៨៥ របស់​​​​អង្គ​ការ​សហប្រជាជាតិ អនុញ្ញាត​អោយ​​មាន​​ការ​ដាក់​​ទ័ព​មួយ ​​មាន​លក្ខណៈ​​ជា​​​​​​​អន្តរជាតិ​​ ដែល​គេ​អោយ​​ឈ្មោះ​​ថា​ Misma ដើម្បី​ជួយ​​ប្រទេស​ម៉ាលី ​​​ដណ្តើម​យក​តំបន់​​​ភាគ​ខាង​ជើង​ ពី​ក្រុម​ប្រដាប់​អាវុធ​អ៊ីស្លាម​​មក​វិញ។ សេចក្តី​សំរេច​ចិត្ត​​នេះ ក៏​បាន​ចែង​ផង​ដែរ​ នូវ​ដំណើរ​ការ​ផ្សះ​ផ្សារ​នយោបាយ​​​​នៅ​ក្រុង​បាម៉ាកូ និង​​ការ​ចរចា​​ជាមួយ​​ឧទ្ទាម​​នៅ​ភាគ​ខាង​ជើង​​ ដែលធ្វើ​ការផ្តាច់​​ខ្លួន​ចេញ​ពី​​ភេរវកម្ម។

នៅ​ពេល​នេះ បារាំង​កំពុង​តែ​​រង់​ចាំ​ អោយ​​បេសកកម្ម​ទាហាន​អន្តរជាតិ​​ជួយ​​​ម៉ាលី ឈ្មោះ​ Misma បាន​រៀប​ចំ​​ស្រេច​បាច់ ដើម្បី​បន្ត​វេន​ពី​ខ្លួន។ កង​អង្គភាព​ ប្រទេស​សេណេហ្កាល់ តូហ្កូ នីហ្ស៊ែរ និង​ បៀរគីណា នឹង​​ទៅ​ដល់​ម៉ាលី ឆាប់ៗនេះ​​ហើយ។ ប៉ុន្តែ អ្នក​ជំនាញ​នានា បាន​ប្រមើល​មើល​ថា បេសកកម្ម​​​​​អន្តរជាតិ​ Misma ប្រហែល​​ជា​មិន​អាច​ នឹង​​​​​ប្រតិបត្តិការ​ទៅ​បាន ​ មុន​រយៈ​ពេល​ច្រើន​ខែ​នោះ​ឡើយ។

លើស​ពី​នេះ ថ្វី​ដ្បិត​តែ​​អាមេរិក​​​សរសើរ​​បារាំង​ថា​ មាន​ជំនាញ​​ក្នុង​ការ​ប្រឈម​មុខ​នឹង​ការ​​គំរាម​កំហែង​​ភេរវកម្ម​ ​ក្រុង​ Washington នៅ​មិន​ទាន់​ទុកចិត្ត​ ចំពោះ​​​បេសកកម្ម​ ​​ Misma នៅ​ឡើយ​។ អាមេរិក​ ទាមទារ​អោយ​មាន​ការ​ពិនិត្យ​មើល បេសកកម្ម​នេះ​​ឡើង​វិញ​អោយ​បាន​គ្រប់​ជ្រុង​ជ្រោយ ព្រោះ​ថា​ស្ថានការ​​នៅ​សមរភូមិ​ មាន​ការ​​​ផ្លាស់​ប្តូរ​ច្រើន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ