អានតួអត្ថបទ
ទុយនីស៊ី

គណបក្ស​កាន់​អំណាច​បែងចែក​​ជា​​ពីរ​​​​បក្សពួក ​​​ចំពោះ​​​​គោលការណ៍​​បង្កើត​​រដ្ឋាភិបាល​ថ្មី​​​​

នៅ​​​ចុង​សប្តាហ៍​នេះ គណបក្ស​​អ៊ីស្លាម​និយម​ Ennahda នៅ​ប្រទេស​ទុយនីស៊ី កំពុង​តែ​​ជួប​​នូវ​វបត្តិ​ផ្ទៃ​ក្នុង​ ដោយ​សារ​តែ​​ការ​​​​គំរាម​របស់​​មេដឹកនាំ​​សំខាន់​ទី​ពីរ​របស់​ខ្លួន​​ គឺ​នាយក​រដ្ឋមន្ត្រី​ Hamadi Jebali ​​ដែល​ថា លោក​នឹង​លា​លែង​ពី​តំណែង ​ប្រសិន​បើ​​​​រដ្ឋាភិបាល​ក្រៅ​នយោបាយ មិន​អាច​​មាន​រូបរាង​ឡើង​នោះ។ កាល​ពី​ថ្ងៃ​ពុធ​​ ដើម្បី​​សំរាល​​កំហឹង​របស់​បាតុករ​​​នានា​​ដែល​តវ៉ា​ប្រឆាំង​នឹង​ការ​បាញ់​សម្លាប់​ មេដឹក​នាំ​សំខាន់​​​​របស់​គណបក្ស​ប្រឆាំង​មួយ​រូប នាយក​រដ្ឋមន្ត្រី​​ទុយនីស៊ី​ បាន​​​ប្រកាស​​ ថានឹង​​បង្កើត​​រដ្ឋាភិបាល​ថ្មី​មួយ​ ដោយ​មាន​ការ​ចូលរួម​របស់​​អ្នក​បច្ចេកាធិបតេយ្យ។​​ ការ​ប្រកាស​របស់​លោក​ Jebali ​បាន​​ធ្វើ​អោយ​​​គណបក្ស​​កាន់​អំណាច​ Ennahda បែក​បាក់​គ្នា​​ ជា​ពីរ​បក្ស​ពួក។ សមាជិក​​នានា​ក្នុង​​គណបក្ស​​នេះ​​យល់​ថា វា​គឺ​ជា​គំនិត​ផ្ទាល់​ខ្លួន​របស់​​​នាយក​រដ្ឋ​មន្ត្រី​ តែ​ប៉ុណ្ណោះ។ តាម​ក្រិតក្រម ក្រុម​ប្រឹក្សា​គណបក្ស​ត្រូវ​ប្រជុំ​គ្នា​ជា​មុន​សិន​ មុន​នឹង​​ធ្វើ​ការ​សំរេច​ចិត្ត​បែប​នេះ។ ទន្ទឹម​នឹង​នេះ​​ដែរ​ បាតុករ ​៣០០​នាក់ បាន​ចុះ​ធ្វើ​បាតុកម្ម​​​នៅ​ក្រុង​Tunis កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ ដើម្បី​​គាំទ្រ​គណបក្ស​ Ennahda ដែល​​ត្រូវ​​គេ​ចោទ​ប្រកាន់​ថា បាន​ធ្វើ​ឃាត​មេដឹក​​នាំ​គណបក្ស​ប្រឆាំង។

បាតុកម្ម​គាំទ្រ​​គណបក្ស​កាន់​អំណាច​អ៊ីស្លាម Ennahda
បាតុកម្ម​គាំទ្រ​​គណបក្ស​កាន់​អំណាច​អ៊ីស្លាម Ennahda REUTERS/Zoubeir Souissi
ផ្សាយពាណិជ្ជកម្ម

ការប្រកាស​លាលែង​ពី​តំណែង​របស់​​នាយក​រដ្ឋមន្ត្រី​ Hamadi Jebali បាន​ធ្វើ​អោយ​គណបក្ស​អ៊ីស្លាម​និយម​ ​ដែល​កំពុង​កាន់​អំណាច​​នៅ​ទុយនីស៊ី​ រង​នូវ​វិបត្តិ​ផ្ទៃ​ក្នុង​​​​។​​ លោក​ Jebali ដែល​ជា​មេដឹក​នាំ​សំខាន់​ទី​​ពីរ​ ក្នុង​គណបក្ស បាន​​គំរាម​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិល​មិញ​ថា នឹង​លាលែង​ពី​តំណែង​ ប្រសិន​បើ​​​​រដ្ឋាភិបាល​ក្រៅ​នយោបាយ​ មិន​អាច​លេច​ជា​រូបរាង​ឡើង​ទេ​នោះ​។​

ការ​ប្រកាស​បង្កើត​រដ្ឋាភិបាល​ថ្មី​​របស់​នាយក​រដ្ឋមន្ត្រី​ទុយនីស៊ី កាល​ពី​ថ្ងៃ​ពុធ​កន្លង​មក គឺ​ជា​ដំណោះ​ស្រាយ​ឆ្លើយ​តប​ ទៅ​នឹង​បាតុកម្ម​ប្រឆាំង​​តវ៉ា​​ថា​ គណបក្ស​កាន់​អំណាច​បាន​ធ្វើ​ឃាត​​មេដឹកនាំ​សំខាន់​របស់​គណបក្ស​ប្រឆាំង​មួយ​រូប​​ គឺ​លោក Chokri Belaïd ដែល​បាន​បរិហារ​​ថា​រដ្ឋាភិបាល​ បាន​បង្ក​អំពើ​ហិង្សា។ នាយក​រដ្ឋ​មន្ត្រី​ទុយនីស៊ី គិត​ថា​​លោក​​មិន​​​​ត្រូវ​ការ​ទំនុកចិត្ត​ពី​សភា​ជាតិ​នោះ​ទេ​ ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី។ គួរ​បញ្ជាក់​ថា គណបក្ស​កាន់​អំណាច​ Ennahda មាន​អសនៈ​ ៨៩ ក្នុង​ចំណោម​អសនៈ​សរុប​ ២១៧ ក្នុង​សភា។

គណបក្ស​​អ៊ីស្លាម​និយម​ Ennahda បាន​បែក​បាក់​ចេញ​ជា​ពីរ​បក្សពួក។ សមាជិក​នានា​​មាន​ការ​ជំទាស់​នឹង​ការ​ប្រកាសបង្កើត​​រដ្ឋាភិបាល​ថ្មី​ ដោយ​យល់​ថា នេះ​គឺ​ជា​គំនិត​ផ្ទាល់​ខ្លួន​របស់​លោក Jebali​ តែ​ប៉ុណ្ណោះ​។ លោក​ Jebali គ្មាន​សិទ្ធិ​នឹង​សំរេច​ចិត្ត​បែប​នេះ​ទេ តាម​ក្រិតក្រម​ ក្រុម​ប្រឹក្សា​គណបក្ស​ត្រូវ​​ប្រជុំ ធ្វើ​ការ​សំរេច​ចិត្ត​ជា​មុន​សិន។

អស់​រយៈ​ពេល​ច្រើន​ខែ​មក​ហើយ ដែល​​សមាជិក​នានា​ក្នុង​គណបក្ស​កាន់​អំណាច​​​ ពិបាក​នឹង​​​ចុះ​សម្រុង​គ្នា​ ក្នុង​​ការ​​​​រុះរើ​​សមាសភាព​ក្នុង​រដ្ឋាភិបាល។ នៅ​ក្នុង​​ប្រទេស​​វិញ អសន្តិសុខ និង​ជម្លោះ​សង្គម​ផ្សេងៗ​​មាន​ការ​កើន​ឡើង​ទ្វេដង។

នៅ​​ថ្ងៃ​សៅរ៍​ម្សិលមិញ បាតុករ ​៣០០​នាក់ បាន​ចុះ​ធ្វើ​បាតុកម្ម​​​នៅ​ក្រុង​Tunis​ ដើម្បី​​គាំទ្រ​គណបក្ស​កាន់​អំណាច​​ ដែល​​ត្រូវ​​គេ​ចោទ​ប្រកាន់​ថា ធ្វើ​ឃាត​មេដឹក​​នាំ​គណបក្ស​ប្រឆាំង។
គណបក្ស​ Ennahda បាន​បដិសេធ​ដាច់ខាត​នូវ​ការ​ចោទ​ប្រកាន់​នេះ។ ទាហាន​ទុយនីស៊ី​បាន​ដាក់​ពង្រាយ​កង​កម្លាំង​របស់​ខ្លួន​ ដើម្បី​ចៀស​វៀង​ហេតុការណ៍​​​​​​ផ្សេងៗ ដែល​អាច​បង្ក​ដោយ​អំពើ​បាតុកម្ម។

កាល​ពី​ថ្ងៃ​ពុធ​ កន្លង​មក ក្នុង​បាតុកម្ម​​​ប្រឆាំង​​តវ៉ា​នឹង​ការ​សម្លាប់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ ការ​ប្រឈម​មុខ​រវាង​ក្រុម​​បាតុករ និង​ប៉ូលិស បាន​ធ្វើ​អោយស្លាប់​​​​ប៉ូលិស​ម្នាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ