ទាហានឆាដកំចាត់បាន Abou Zeid មេដឹកនាំឧទ្ទាមនៃចលនាជីហាដ
ក្នុងប្រតិបត្តការយោធានៅប្រទេសម៉ាលី ប្រធានាធិបតីឆាដបានប្រកាសជាផ្លូវការ កាលពីថ្ងៃសុក្រម្សិលមិញថា កងទ័ពឆាដបានកំចាត់ Abou Zeid ដែលជាមេដឹកនាំសំខាន់មួយរូបនៃចលនាជីហាដ នៅក្នុងការប្រយុទ្ធគ្នារវាងក្រុមជីហាដ នៅតំបន់ភ្នំ Ifogha នៅម៉ាលី។ Abou Zeid ជាជនជាតិអាល់ហ្សេរី អាយុ ៤៥ឆ្នាំ បានជាប់សង្ស័យថាបានចាប់ជំរិតពលរដ្ឋប្រទេសលោកខាងលិច ជាច្រើននាក់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៥
ប្រធានាធិបតីឆាដបានប្រកាសជាផ្លូវការ កាលពីថ្ងៃសុក្រម្សិលមិញថា កងទ័ពឆាដបានកំចាត់ Abou Zeid ដែលជាមេដឹកនាំសំខាន់មួយរូបនៃចលនាជីហាដ នៅក្នុងការប្រយុទ្ធគ្នារវាងក្រុមជីហាដ នៅតំបន់ភ្នំ Ifogha នៅម៉ាលី។ ហើយទាហានឆាដ ក៏រំដោះបាន តេសាលីត ដែលស្ថិតនៅចុងភាគខាងជើងប្រទេសផងដែរ។
“យើងបានបាត់បង់កងទ័ពអស់ជាច្រើននៅក្នុងតំបន់ភ្នំ Ifogha បន្ទាប់ពីបានកំចាត់ទីតាំងក្រុមឧទ្ទាមជីហាដ ។ នេះជាលើកទីមួយហើយ ដែលមានការប្រឈមមុខគ្នាដោយផ្ទាល់ ជាមួយក្រុមឧទ្ទាមជីហាដ។ ទាហានយើងបានកំចាត់មេដឹកនាំចលនាជីហាដពីររូប ក្នុងនោះក៏មាន Abou Zeid ផងដែរ។" នេះជាការប្រកាសរបស់លោក Idriss Déby Itno ក្នុងឧកាសបុណ្យសព្វគោរពដល់វិញ្ញាណក្ខ័ន្ធកងទ័ពឆាដ ២៦នាក់ ដែលបានបាត់បង់ជីវិត នៅក្នុងការវាយប្រហារជាមួយក្រុមឧទ្ទាមនៃចលនាជីហាដ កាលពីថ្ងៃ ២២កុម្ភៈ កន្លងមក។
Abou Zeid ជាជនជាតិអាល់ហ្សេរី អាយុ ៤៥ឆ្នាំ ត្រូវបានជាប់សង្ស័យថាបានចាប់ជំរិតពលរដ្ឋប្រទេសលោកខាងលិចជាច្រើននាក់។ កាលពីថ្ងៃព្រហស្បតិ៍ ទូរទស្សន៍ឯកជនអាល់ហ្សេរីមួយ បានប្រកាសនូវការស្លាប់របស់មេដឹកនាំចលនាជីហាដរូបនេះ។
ប៉ុន្តែ ប្រទេសបារាំងមិនបានបញ្ជាក់ព័ត៌មាននេះជាផ្លូវការនោះឡើយ។ យោងតាមប្រធានាធិបតីបារាំង លោក François Hollande បារាំងត្រូវតែសំរេចប្រតិបត្តការយោធានៅម៉ាលីអោយបានចប់សព្វគ្រប់សិន ទើបអាចបញ្ជាក់បានថា តើព័ត៌មាននេះអាចយកជាការពិតបានរឺក៏យ៉ាងណា។ យោងតាមលោក Hollande ប្រតិបត្តការនេះប្រហែលជាឈានទៅដល់វគ្គបញ្ចប់ហើយ ហើយក៏ប្រហែលជានឹងពិបាកបំផុតផងដែរ។
ទោះយ៉ាងនេះក្តី ក្រុងប៉ារីស នៅតែបន្តការគាំទ្រប្រទេសឆាដ ក្នុងប្រតិបត្តការយោធាកំចាត់ក្រុមឧទ្ទាមនៅម៉ាលី។ គួររំលឹកថា ក្នុងប្រតិបត្តការនៅម៉ាលី ប្រទេសឆាដបានដាក់ពង្រាយកងទ័ពខ្លួន ប្រមាណជា១៨០០នាក់ ក្នុងតំបន់ Kidal ដើម្បីអមក្បែរកងកម្លាំងពិសេសរបស់បារាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ