អានតួអត្ថបទ
ម៉ាលី

ទាហាន​ឆាដ​ស្លាប់​១៣​នាក់​និង​ពួក​ឧទ្ទាម​ Jihad ​ស្លាប់​៦៥​នាក់​នៅ​ភាគ​ខាង​ជើង​ម៉ាលី​

នៅ​ភាគ​ខាង​ជើង​បំផុត​នៃ​ប្រទេស​ម៉ាលីជិត​តំបន់ Tessali ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​តំបន់​ព្រំដែន អាល់ហ្សេរី មាន​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅ​ព្រឹក​មិញ​នេះ​រវាង​ក្រុម ឧទ្ទាម​ទូរអារិក(Touareg) ដែល​សហប្រតិបត្តិការ​ជា​មួយ​កង​ទ័ព​បារាំង​និង​ក្រុមប្រដាប់អាវុធ​មួយ​​ដែល​គេ​នៅ​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយ​ទេ-នេះ​បើ​យោង​តាម​ប្រភព​សន្តិសុខ​សាធារណៈ​នានា។ នៅ​ថ្ងៃ​សុក្រ​២២​កុម្ភៈ​ម្សិលមិញ មាន​ការ​ផ្ទុះ​​អាវុធ​ដ៏​​កាច​សាហាវ​បំផុតនៅTessalit នេះ​ដែរ ដែល​បាន​បណ្តាល​​ឲ្យ​ស្លាប់​ពួក​ឧទ្ទាម​អ៊ីស្លាម Jihad ៦៥​នាក់​និង​១៣​នាក់​នៅ​ក្នុង​ជួរ​កងទ័ព​ឆាដ។​កង​ទ័ព​​ឆាដ ធ្លាប់​បាន​បាត់បង់​កង​ទ័ព​របស់​ខ្លួន​ពីរ​នាក់​រួច​មក​ហើយ​ចាប់​តាំង​ពី​បាន​ចូល​រួម​ក្នុង​ប្រតិបត្តិការយោធា​នៅ​ប្រទេស​ម៉ាលី​មក។

កង​ទាហានឆាដនៅតំបន់ Kidal ថ្ងៃ៧កុម្ភៈ២០១៣
កង​ទាហានឆាដនៅតំបន់ Kidal ថ្ងៃ៧កុម្ភៈ២០១៣ Cheick Diouara/Reuters
ផ្សាយពាណិជ្ជកម្ម

សេនាធិការដ្ឋាន​ឆាដ បាន​ថ្លែងបញ្ជាក់​​ថា “គឺ​ជា​ការ​ប្រឈម​អាវុធ​ដាក់​គ្នា​មួយ ដ៏​កាច​សាហាវ​បំផុត”។ ឧប្បត្តិហេតុ​ហិង្សា​នេះ បាន​ប្រព្រឹត្ត​នៅ​ព្រឹក​ថ្ងៃ​សុក្រ​២២​កុម្ភៈ​ម្សិលមិញ​នៅ​ម៉ោង​១១.១៥​នាទី នៅ​តំបន់​ភ្នំ Ifoghas ក្នុង​ភាគ​ខាង​ជើង​​បំផុត​នៃ​ប្រទេសម៉ាលី​គឺម្តុំជួរភ្នំ ​Tighargha ដែលស្ថិតនៅមិនឆ្ងាយ​ប៉ុន្មាន​ពី​​ព្រំដែន​ប្រទេស​​អាល់ហ្សេរី។ ​ជា​តំបន់​ភ្នំ ​ដែល​មាន​ផ្ទាំង​សិលា​ធំៗនិង​ដែលគេ​ពិបាក​ចូល​ណាស់។នៅ​ទីនោះសោត​ក៏​មាន​រូង​ភ្នំ​ជា​ច្រើន​កន្លែង​​​ដែល​​​ពួក​ឧទ្ទាម​​ Jihad ស្គាល់ ​កន្លុក​កន្លៀត​គ្មាន​សល់​ដែរ។

 
នៅ​ក្នុងការវាយ​ប្រយុទ្ធគ្នា​ដ៏​កាច​សាហាវ​រវាង​កងទ័ព​ឆាដ​និង​​ពួក​ឧទ្ទាម​អ៊ីស្លាម​Jihad ម្សិល​មិញ​ បាន​បណ្តាល​ឲ្យ​ពួក​ឧទ្ទាម​ Jihad ស្លាប់​៦៥​នាក់​និង​ស្លាប់​ទាហាន​ឆាដ ១៣​​នាក់-នេះ​បើ​យោង​តាម​តួលេខ​នៃ​សេនាធិការដ្ឋាន​ឆាដ។

គឺ​​ជា ការ​ដាក់​មួយ​ព្រនង់​​យ៉ាងខ្លាំងដែរ​ទៅ​លើ​កងទ័ព​ឆាដ​​ដែល​បាន​ដាក់​ពង្រាយ​កងទ័ពខ្លួន​ចំនួន​ប្រមាណជា១៨០០​នាក់​នៅក្នុង​តំបន់ ​Kidal ដើម្បី​អម​ក្បែរ​កង​កម្លាំង​ពិសេស​បារាំង​នៅ​ក្នុង​ប្រទេស​ម៉ាលី។

ទន្ទឹមនេះដែរ ពួក​ឧទ្ទាម Jihad ​ កាន់តែ​បង្កើន​ការ​វាយ​ប្រយុទ្ធ​​របស់​ពួក​គេ​ដែរ។ ដោយ នៅ​​តំបន់​ដដែល​នេះ ជិត Tessalit  មាន​អំពើ​ភេរវកម្ម​អត្តឃាត​មួយ​កើត​ឡើង​​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ម្សិលមិញដែរ ដែល​សំដៅ​ប្រឆាំង​ទៅ​លើ​ទីតាំង​មួយ​របស់​ចលនា​ឧទ្ទាម touareg ​MNLA ​ក្នុង​ភាគ​ឥសាន​ប្រទេស​ម៉ាលី។ គឺ ជា​ការ​បំផ្ទុះ​រថយន្ត​ពីរ​គ្រឿង​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​២​នាក់​និង​របួស​ពីរ​នាក់​ខាង​ចលនា​ឧទ្ទាម touareg​ -ចលនា​ដែល​សហ​ប្រតិបត្តិការ​ជាមួយ​កងទ័ព​បារាំង​នៅ​​ភាគ​ឥសាន​​ម៉ាលី។

ចំណែក​ ពួក​ភេរវជន​ Jihad ​ពីរ​​នាក់ដែល​​ជា​អ្នក​បំផ្ទុះ​​​រថយន្ត​ ​​បាន​​ស្លាប់​ទាំង​អស់​គ្នា។ យោង​តាម​ចលនា ឧទ្ទាម touareg ​MNLA  គឺ​ក្រុម​ចលនា​ឧទ្ទាម​អ៊ីស្លាម​ Mujao ដែល​ជា​ចលនា​ឧទ្ទាម​នៅ​អាហ្វ្រិក​ខាង​លិច​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​អំពើ​ភេរវកម្ម​អត្តឃាត​នេះ។ “ពួក​យើង ជា​ចំណុច​ផ្ទាំង​​ស៊ីប​ដ៏​​ពិតៗ​នៃ​ការ​វាយ​ប្រហារ​ ពីព្រោះពួក​យើង បាន​រួម​សហ​ប្រតិ​បត្តិការ​​ជា​មួយ​កងទ័ព​បារាំង”នេះ​ជា​ការ​ពន្យល់​របស់​ចលនា​ឧទ្ទាម touareg ​MNLA ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ