អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ទឹក​មិន​ស្អាត​ប្រភព​ចម្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ A និង E

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​សុខភាព​​ថ្ងៃ​នេះ អៀង សុខម៉ិញ សូម​ជម្រាប​ជូន​អំពី ជំងឺ​រលាក​ថ្លើម​ប្រភេទ A និង​ E។ រលាក​ថ្លើម​ប្រភេទ​ពីរ​នេះ ភាគ​ច្រើន​ជា​ជំងឺ​ស្រាល​អាច​ជា​សះស្បើយ​ដោយ​គ្មាន​បន្សល់​ទុក​នូវ​ផល​វិបាក​ទៅ​ថ្ងៃ​ក្រោយ​ ប៉ុន្តែ​ងាយ​ កើត​ ងាយ​ឆ្លង​ តាម​រយៈទឹក​មិន​ស្អាត ឬ​តាម​រយៈ​ចំណីអាហារ។  

ទឹក​និង​សុវត្ថិភាព​សុខភាព
ទឹក​និង​សុវត្ថិភាព​សុខភាព ©rfi-ម៉េងហូរ
ផ្សាយពាណិជ្ជកម្ម

អង្គការ​សហប្រជាជាតិ​បាន​អនុម័ត​ កំណត់​យក​ថ្ងៃទី ២២​មីនា ជា​រៀង​រាល់​ឆ្នាំ ជា​ទិវា​ទឹក​អន្តរជាតិ តាំង​ពី​ឆ្នាំ​១៩៩៣មក។ សេចក្តី​សម្រេច​ចិត្ត​នេះ​ធ្វើ​ឡើង​ក្នុង​បំណង​ជំរុញ​ឱ្យ​រដ្ឋ​ជា​សមាជិក បញ្ចេញ​សកម្មភាព​គ្រប់​បែប​យ៉ាង​តាម​ដែល​អាច​ធ្វើ​ដើម្បី​ផ្សព្វផ្សាយ​ ពន្យល់​បំភ្លឺ​អំពី​ភាព​ចាំបាច់​ក្នុង​ការ​រក្សា​ និង​អភិវឌ្ឍ ធនធានទឹក។

 
ការ​គិត​គូ​រ​អំពី​បញ្ហា​ទឹក​មិន​មែន​សំដៅ​ទៅ​លើក​ការ​រក្សា​ធនធាន បរិមាណ​ទឹក​ទេ តែ​ម្យ៉ាង​ប៉ុណ្ណោះ​ទេ។ គុណភាព​ទឹក​ និង​ការ​ផ្គត់​ផ្គង់​ក៏​ជា​ចំណោទ​ចម្បងមួយ​របស់​ពិភពលោក​ទាំងមូល​ដែរ។ បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ចុង​ក្រោយ​របស់​ធនាគារ​​អភិវឌ្ឍន៍​អាស៊ី ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ពុធ​សប្ហាហ៍​មុន បណ្តាជន​អាស៊ី​ប្រមាណ​ជិត ពីរភាគបី គ្មាន​ទឹក​ស្អាត ទឹក​រ៉ូប៊ីណេ ប្រើប្រាស់​ក្នុង​ផ្ទះ​របស់​ខ្លួន​ទេ។ ស្ថានភាព​នេះ​កាន់​តែដុន​ដាប់​ទៀត​សម្រាប់​បណ្តាជន​នៅ​តំបន់​អាស៊ី​ខាង​ត្បូង។ សម្រាប់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី គុណភាព​ទឹក​មាន​ចំណង​ទាក់​ទង​មិន​អាច​កាត់​បាន​ពី​គុណភាព​នៃ​ការ​គ្រប់គ្រង​ប្រទេស។

នៅ​ឆ្នាំ​២០១៣​នេះ ទិវា​ទឹក​អន្តរជាតិ​ប្រារព្ធ​ធ្វើ​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​អង្គការ​យូនេស្កូ ស្តីពី​សហប្រតិបត្តិការ​ក្នុង​វិស័យធនធាន​ទឹក។

ទឹក​ជា​ប្រភព​នៃ​ជា​ជីវិត​របស់​សត្វ​រុក្ខជាតិ និង​មនុស្ស ប៉ុន្តែ​ទឹក​ក៏​អាច​សម្លាប់​ និង​បំផ្លាញ​ជីវិត​ទាំងនោះ​បាន​ដែរ និង​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ជំងឺ​រលាក​ថ្លើម។ ឆ្លៀត​ក្នុង​ឱកាស​នេះ នាង​ខ្ញុំ​សូម​ជម្រាប​ជូន​លោក​អ្នក​នាង​អំពី​ជំងឺរលាក​ថ្លើម​ប្រភេទ A និង E​ ដែល​បណ្តា​ជន​ទូទៅ​មិន​សូវ​ចាប់​អារម្មណ៍ និង​ដែល​បង្ក​ឡើង​ដោយ​ទឹក​មិន​ស្អាត។

ការ​រលាក​ថ្លើម​ អាចកើត​​ឡើង​ដោយមូលហេតុ​ច្រើន​យ៉ាង ដោយ​ការ​បង្ក​រោគ ឬ​ដោយ​មិន​បង្ក​រោគ។ មាន​វីរ៉ុស​ពី​រ​ប្រភេទ​​ដែល​ជា​ភ្នាក់ងារ​បង្ក​ជំងឺរ​លាក​ថ្លើម​ប្រភេទ ​A និង​E ហើយ​អាច​ចម្លង​តាម​ទឹក និង​តាម​ចំណី​អាហារ។ ដូច្នេះ​អនាម័យ​ក្នុង​រស់​នៅ​ប្រចាំ​ថ្ងៃ​ជា​កត្តា​សំខាន់​បំផុត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រលាក​ថ្លើម​ប្រភេទ​នេះ។
នៅ​ក្នុង​ចំណោម​នៃ​មូល​ហេតុ​បង្ក​រោគ​ជា​ច្រើន​ ​ថ្លើមអាច​រលាក ឬ​ថ្លើម​មាន​ការ​បង្ក​រោគ ក៏​អាចបណ្តាលមក​ពី​​​ការ​បរិភោគ​ទឹកមិន​គ្រប់គ្រាន់ដែរ។

ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A និង ​Eនេះ ស្តែង​ឡើង ដោយ​លេច​ចេញ​ជា​អាការៈ​ក្តៅ​ខ្លួន​ ភ្លាម​មួយ​រំពេច​ សរីរាង្គកាយ​ធ្លាក់​ខ្សោយ​ បាយ​មិន​ឆ្ងាញ់ ​ចង់​ក្អួត ឈឺពោះ ពីរបី​ថ្ងៃក្រោយ​មុខមាត់​ស្បែក​ស្លេកស្លាំង​ឡើង​លឿង​ល្អូក ក្លាយ​ជា​អ្នក​កើត​ជំងឺខាន់លឿង។ បើ​ជា​ជំងឺ​ស្រាល​ មួយ​អាទិត្យ ឬ​ពីរ​អាទិត្យ​យ៉ាងយូរ អ្នក​ជំងឺ​នឹង​បាន​ធូរស្បើយ។ ប៉ុន្តែ​បើ​ជា​ករណី​ធ្ងន់ធ្ងរ អាច​អូស​បន្លាយ​ពេល​វេលា​ដល់​ទៅ​រាប់​ខែ។ ចំពោះ​បណ្តា​ជន​រស់​នៅ​ក្នុង​តំបន់​ងាយ​កើត​ជំងឺ​រលាក​ថ្លើម​ប្រភេទ ​អា និង ​អឺ អ្នក​ជំងឺ​ភាគ​ច្រើន​បាន​ទទួល​ឆ្លង​មេរោគ​នេះ​ តាំង​ពី​ក្នុង​វ័យ​កុមារ។ ជា​ទូទៅ​ គ្មាន​រោគ​សញ្ញា​ ឯករណី​ស្លាប់​ព្រោះ​ជំងឺ​រលាក​ថ្លើម​ប្រភេទA និងE​នេះ កម្រ​បំផុត​ អ្នក​ជំងឺ​តែង​បាន​ជា​សះស្បើយ ស្ទើរ​តែ​គ្រប់​គ្នា​ និង​គ្មាន​បន្សល់​ទុក​ជា​ផលវិបាក​អ្វី​ទៅ​ថ្ងៃ​ក្រោយ​ឡើយ។

រីរ៉ុស​បង្ក​ជំងឺ​រលាក​ថ្លើម​ប្រភេទ A និង E ជា​វីរ៉ុស​ពី​ផ្សេង​គ្នា គ្មាន​ចំណង​ទាក់ទង​រវាងគ្នា​​ ប៉ុន្តែ​ទាំង​ពីរ​សុទ្ធ​ធ្វើ​ការ​ចម្លង​ផ្លូវ​អាហារ​ មាត់ បំពង់ក។ ជាញឹកញាប់​ តាម​រយៈ​ទឹក​មិន​ស្អាត និង​ពី​មនុស្ស​ម្នាក់ទៅ​មនុស្ស​ម្នាក់ទៀត​។ រលាក​ថ្លើម​ប្រភេទ​A អាច ចម្លង​តាម​រយៈ​ចំណី​អាហារ​មិន​ស្អាត ចំណីអាហារ​មាន​មេរោគ ចំណីអាហារ​ឆៅ ឬ​ម្ហូបអាហារ​ចម្អិន​ហើយ​តែ​ប៉ះពាល់​ ឬ​ទុក​ដាក់​មិន​ស្រួល។ ការរីករាល​ដាល​នៃ​ជំងឺ​រលាកថ្លើម​ប្រភេទ​A ក៏​អាច​បណ្តាល​មក​ពី​ប្រើប្រាស់​គ្រឿង​ញៀន តាម​មាត់ តាម​ការ​ចាក់​បញ្ចូល​តាម​សរសែឈាមផងដែរ។

ជំងឺ​រលាក​ថ្លើម​ប្រភេទ A និង E មាន​កើត​នៅ​គ្រប់​ទិសទី លើ​ពិភពលោក ! ប៉ុន្តែ​គេសង្កេត​ឃើញ​មាន​ករណី​រលាកថ្លើម​ប្រភេទAញឹកញាប់​និង​ច្រើន​ខ្លាំង​នៅ​ក្នុង​ប្រទេស​ ដែល​មាន​លក្ខខណ្ឌ​អនាម័យ​ទាប (​នៅ​អាហ្វ្រិក អាមេរិកកណ្តាល អាមេរិក​ខាងត្បូង និង​អាស៊ី)។ ប្រទេស​មាន​អន្តរកាល​​សេដ្ឋកិច្ច​​ ឬ​តំបន់​ឧស្សាហកម្ម​ ដែល​គ្មាន​​គិត​គូរ​ដល់​បញ្ហា​សុខភាព​សុវត្ថិភាព សុទ្ធ​សឹង​ជា​តំបន់​ដែល​មាន​កើត​ជំងឺ​រលាក​ថ្លើម​ច្រើន។ ចំណែក​ជំងឺ​រលាក​ថ្លើម​ប្រភេទ E វិញ មាន​កើត​ច្រើន​នៅ​តាម​បណ្តា​ប្រទេស អាល់ហ្សេរី បង់ក្លាដេស ចិន អេត្យូពី ឥណ្ឌូនេស៊ី អ៊ីរ៉ង់ អារ៉ាប ម៉ិចស៊ិក ភូមា នេប៉ាល់ ប៉ាគីស្ថាន​ សូមាលី និង​បណ្តាប្រទេស​នៅ​អាស៊ី​កណ្តាល។

 
ជំងឺ​រលាក​ថ្លើម​ប្រភេទ A និង Eថ្វីដ្បិត​តែ​មាន​អត្រា មរណៈទាប​បំផុត ពោល​គឺ​ប្រមាណ​តែ​០,២%​ក៏​ពិត​មែន​ ប៉ុន្តែ​​មាន​ករណី​កម្រ​ខ្លះ ដែល​នាំ​​ដល់​ការ​កើត​ជំងឺ​រលាក​ថ្លើម​ធ្ងន់ធ្ងរខ្លាំង Hépatite Fulminante។ ធ្ងន់ធ្ងរ​រហូត​ទាល់​តែ​សាច់​ថ្លើម​រលួយ​ ក្នុង​​អំឡុង​ពេល​ឈឺ​ ពី​៦​ទៅ​៨​សប្តាហ៍​ដំបូង​​។ ​ក្រៅ​អំពី​រោគ​សញ្ញា​ ក្តៅ​ខ្លួន​ខ្លាំង​ ឈឺ​ចុក​ពោះ​ ក្អួត ឡើង​លឿង​ និង​ឡើង​រោគ​ឆ្លង​ដល់​ខួរ​ក្បាល រហូត​​​អ្នក​ជំងឺ​ធ្លាក់​ខ្លួន​សន្លប់​បាត់​ស្មារតី​។ ​គ្រោះ​ថ្នាក់​បាត់​បង់ជីវិត​ឡើង​ដល់ពី​៧០​ទៅ​៩០%។ ករណី​នេះ​មាន​ទំនាក់ទំនង​ទៅ​មក​ខ្លាំង​រវាង​ពាក្យ​ថា​ចាស់​និង​ស្លាប់។ បាន​ន័យ​ថា ការ​ជួយ​សង្គ្រោះ​អ្នក​ជំងឺ​ក្នុង​ដំណាក់កាល​នេះ​ បើ​អ្នក​ជំងឺ​មាន​អាយុ​ជ្រេរ​បន្តិច លើស​ពី​៥០​ឆ្នាំ​ឡើង​ទៅ គឺ​​មាន​សំណាង​រួច​ជីវិត​តិច​តួច​ណាស់។ ចំពោះ​អ្នក​ធ្លាប់​មាន​ប្រវត្តិ​កើត ឬ​កំពុង​មាន​​ជំងឺរលាក​ថ្លើម​ប្រភេទ​ B ឬ C ទៀត បើ​ហ៊ាន​បណ្តោយ​ឱ្យ​ឆ្លង​វីរ៉ុស​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A ឬ​ E អត្រា​នៃ​គ្រោះ​ថ្នាក់​ដល់​ស្លាប់​មាន​កាន់​តែ​ខ្ពស់ ទៅ​តាម​នោះ​ដែរ។

អ្នក​ដំណើរ​ពី​ប្រទេស​មួយ​ដែល​មាន​កំរិត​កើត​ជំងឺ​រលាក​ថ្លើម​តិច​តួច ងាយ​នឹង​ទទួល​យក​ជំងឺ​នេះ​ណាស់​ពេល​ធ្វើ​ដំណើរ។

ស្ត្រី​មាន​ផ្ទៃពោះ​ដល់​ត្រីមាស​ទីបី ងាយ​នឹង​ជួប​គ្រោះ​កើត​ជំងឺ​រលាក​ថ្លើម​ធ្ងន់ធ្ងរ​ ដែល​បណ្តាល​មក​ពី​ការ​បង្ក​រោគ​របស់​វីរ៉ុស​នៃ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ E​។

ជំងឺ​រលាក​ថ្លើម​ប្រភេទ អា និង​ អឺ គ្មាន​ថ្នាំ​ប្រឆាំង​​​​វីរ៉ុសជា​​ពិសេសណា​មួយ​អាច​ទៅ​សម្លាប់​វីរ៉ុស​រលាក​ថ្លើម​ប្រភេទ A និង ​Eបាន​ឡើយ ! ដូច្នេះ ការការពារ​ ជា​មធ្យោបាយ​ដ៏​ប្រសើរ​បំផុត។
- វិធីការពារ ដ៏​​ចាំ​បាច់ និង​ងាយ​ស្រួល​បំផុត គឺ​ការ​រក្សា​អនាម័យឱ្យ​ស្អាត​ជានិច្ច​ លាង​ដៃ​ឱ្យ​បាន​ញឹកញាប់

- បរិភោគ តែ​ទឹកស្អាត និង​គ្រប់គ្រាន់

- ចាក់​ថ្នាំ​ការ​ពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​ A ប្រសិន​បើ​ដឹង​ថា​ត្រូវ​ធ្វើ​ដំណើរ​ទៅ​​កាន់​តំបន់​ដែល​មាន​គ្រោះ​កើត​ជំងឺ​នេះ​ខ្ពស់។
 

ព័ត៌មាន​នេះ​ដក​ស្រង់​ចេញ​ពី​ឯកសារ​របស់​អង្គការ​សុខភាព​ពិភពលោក​ “ទឹក​និង​សុវត្ថិភាព​ចំណី​អាហារ” ដែល​អ្នក​ឯកទេស​រៀប​ចំ​ឡើង​សំរាប់​ចូល​រួម​ក្នុង​ទិវា​ទឹក​អន្តរជាតិឆ្នាំ​២០១២។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ