អានតួអត្ថបទ
កម្ពុជា-អាមេរិក

កម្ពុជា​និង​សហរដ្ឋអាមេរិក​​​ចូលរួម​លំហាត់​​សមយុទ្ធ​យោធា​រួមគ្នា​

កងទ័ព​កម្ពុជា និង​សហរដ្ឋអាមេរិក នឹង​ចូលរួម​ក្នុង​លំ​ហាត់​សមយុទ្ធ​យោធា​រួមគ្នា ដែល​មានឈ្មោះ​ថា “​ឆ្មាំ​អង្គរ ឆ្នាំ​២០១៣” ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២៩​ឧសភា នៅក្នុង​ខេត្ត​កំពង់ស្ពឺ។ ឆ្មាំ​អង្គរ​ឆ្នាំ​២០១៣ គឺជា​លំ​ហាត់​សមយុទ្ធ​ទ្វេភាគី​ធំ​មួយ ដែល​ជា​ការ​បន្ត​ការខិតខំ​ប្រឹងប្រែង​លើ​រយៈពេល​ច្រើន​ឆ្នាំ​របស់​កងកម្លាំង​ទ័ព​សហរដ្ឋអាមេរិក ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក និង​បញ្ជាការដ្ឋាន​​សហរដ្ឋអាមេរិក ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ដើម្បី​ចូលរួម​អោយ​បាន​សកម្ម​ជាមួយ​កងយោធពល​ខេមរភូមិន្ទ ហើយ​ពង្រីក​ប្រតិបត្តិ​ការថែរក្សា​ស្ថិរភាព និង​សន្តិភាព។

ទាហាន​អាមេរិក​មក​ធ្វើ​សមយុទ្ធ​ឆ្មាំ​អង្គរ នៅ​កម្ពុជា​ (រូបភាព​ឆ្នាំ​២០១១)
ទាហាន​អាមេរិក​មក​ធ្វើ​សមយុទ្ធ​ឆ្មាំ​អង្គរ នៅ​កម្ពុជា​ (រូបភាព​ឆ្នាំ​២០១១) © ចាន់ណា
ផ្សាយពាណិជ្ជកម្ម

សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៣ បង្ហាញថា លោក Jeff Daigle អនុប្រធាន​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា នឹង​ចូលរួម​បើក​លំ​ហាត់​សមយុទ្ធ​រយៈពេល ២​សប្តាហ៍ ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែ​ឧសភា។ សមយុទ្ធ​នោះ នឹង​ធ្វើឡើង នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កងកំលាំង​ថែរក្សា​សន្តិភាព​ពហុ​ជាតិ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ក្នុង​ភូមិ​ទួល ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។​

​សេចក្តីប្រកាស​ដដែល បាន​បញ្ជាក់​ថា ក្នុង​លំ​ហាត់​សមយុទ្ធ ​រយៈពេល ១៤ ថ្ងៃនោះ កងកម្លាំង​​ទ័ព​សហរដ្ឋអាមេរិក ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក និង​កង​យោធពល​ខេមរភូមិន្ទ នឹង​ផ្តោត​លើ​ប្រតិបត្តិការ​ផ្តល់​ជំនួយ​ម​នុស្ស​ធម៌ និង​ថែរក្សា​សន្តិភាព ដែល​រួមមាន​លំ​ហាត់​សមយុទ្ធ​​តាម​កងវរសេនាតូច លំ​ហាត់​សមយុទ្ធ​លើ​ទីលាន​ប្រឆាំង​យុទ្ធភណ្ឌ​ផ្ទុះ​កែច្នៃ សកម្មភាព​ពេទ្យ​ក្នុង​សមរភូមិ ​ដើម្បី​ជួយ​កងទ័ព​កម្ពុជា​លើ​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ។​

​សេចក្តីប្រកាស​លើក​ឡើង​ថា នៅក្នុង​លំ​ហាត់​សមយុទ្ធ​រួម​រវាង​កងទ័ព​កម្ពុជា និង​អាមេរិក លើក​នេះ បុគ្គលិក​ទាហាន​អាមេរិក និង​កម្ពុជា ដែល​ចូលរួម ក៏​នឹង​ទទួលបាន​ការបង្រៀន លើ​ប្រព័ន្ធ​ទំនាក់ទំនង និង​កុំព្យូទ័រ ការបណ្តុះបណ្តាល​បុគ្គលិក និង​ការកសាង​ក្រុម។ សកម្មភាព​ទាំងនេះ មាន​ភាព​ចាំបាច់​សំរាប់​ដោះស្រាយ​ភារកិច្ច​ស្មុគស្មាញ​ផ្នែក​សន្តិសុខ។ លើសពីនេះ​ទៀត អ្នកចូលរួម​នឹង​មាន​ការផ្លាស់ប្តូរ​បទ​ពិសោធន៍​គ្នា ស្តីពី​ការងារ​តាម​អង្គភាព​តូចៗ ដែល​ធ្វើ​បាន​ល្អ និង​ការវាយតំ​លៃ​កងទ័ព​ដែល​មាន​បំណង​សង្គ្រោះ​ជីវិត ហើយ​ការពារ​កុំអោយ​មាន​ការរាំងស្ទះ​ដល់​ប្រតិបត្តិការ​យោធា។​

​ឆ្មាំ​អង្គរ គឺជា​លំ​ហាត់​សមយុទ្ធ​ទ្វេភាគី​ប្រចាំឆ្នាំ ដែល​ឧបត្ថម្ភ​ដោយ​កងកម្លាំង​ទ័ព​សហរដ្ឋ​អាមេរិក​ ប្រចាំ​នៅ​តំបន់​ប៉ាស៊ីហ្វិក ដោយ​មាន​កងយោធពល​ខេមរភូមិន្ទ​របស់​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ។ ឆ្មាំ​អង្គរ​ឆ្នាំ​២០១៣ គឺជា​លំ​ហាត់​សមយុទ្ធ​ចុងក្រោយ ក្នុងចំណោម​លំហាត់​សមយុទ្ធ​ដែល​មាន​លក្ខណៈ​ស្វិតស្វាញ និង​ច្រើន​វិញ្ញាសារ​បន្តបន្ទាប់​គ្នា ដែល​មាន​ធ្វើ​ជា​បន្ត ដើម្បី​លើក​កំពស់​សន្តិភាព និង​សន្តិសុខ​ក្នុង​តំបន់។ លំ​ហាត់​សមយុទ្ធ​នេះ កត់សំគាល់​ខួប​លើក​ទី ៤ នៃ​លំហាត់​សមយុទ្ធ​ប្រចាំ​តំបន់ ប្រកបដោយ​ផ្លែផ្កា និង​មាន​អត្ថន័យ​យ៉ាង​សំខាន់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ