អានតួអត្ថបទ
ដើមបូព៌ា

បេសកជន​ពិសេស​អាមេរិក​ត្រលប់​ទៅ​ជួប​មេដឹកនាំ​អ៊ីស្រាអែល និង​ប៉ាលេស្ទីន

លោក George Mitchell បេសកជន​ពិសេស​របស់​អាមេរិក ទទួល​បន្ទុក​កិច្ច​ការ​ដើម​បូព៌ា បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់​ដើម​បូព៌ា​ជា​ថ្មី​នៅ​ថ្ងៃចន្ទ​នេះ ដើម្បី​ជួប​ពិភាក្សា​ជាមួយ​នឹង​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល បែនយាមែន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅ​ល្ងាច​នេះ និង​ជាមួយ​ប្រធាន​រដ្ឋ​អំណាច​ប៉ាលេស្ទីន ម៉ះមូដ អាបាស់ (Mahmoud Abbas) នៅ​ថ្ងៃ​ស្អែក។

លោក​ George Mitchell (ឆ្វេង) និង​លោក Mahmoud Abbasនៅ​ Ramallah កាលពី​ថ្ងៃ​ទី​១ តុលា ២០១០
លោក​ George Mitchell (ឆ្វេង) និង​លោក Mahmoud Abbasនៅ​ Ramallah កាលពី​ថ្ងៃ​ទី​១ តុលា ២០១០ REUTERS/Mohamad Torokman
ផ្សាយពាណិជ្ជកម្ម

 

01:39

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

កម្មវត្ថុ​នៃ​ជំនួបរវាង​លោក​ មីតហ្សែល ​ជាមួយ​លោក​ នេតាន់យ៉ាហ៊ូ នៅ​ល្ងាច​នេះ គឺ​ដើម្បី​​បង្ហាញ​ពី​សំណើ​ថ្មីៗ សម្រាប់​វិល​ទៅ​រក​ការ​ចរចា​សន្តិភាព​ដើម​បូព៌ា ដែល​លោក​ស្រី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ថ្មីៗ​នេះ។

ចំណែក​លោក​ម៉ះមូដ អាបាស់ ដែល​កំពុង​ជួប​ប្រជុំ​ជាមួយ​គណៈកម្មាធិការ​ នៃ​អង្គការ​រំដោះ​ប៉ាលេស្ទីន OLP  នៅ​រសៀល​ថ្ងៃ​នេះ នឹង​ទទួល​ជួប​​លោក​ មីតហ្សែល (George Mitchell) នៅ​ស៊ីហ្ស័រដានី នៅ​ថ្ងៃ​អង្គារ​ស្អែក។ ហើយ​បន្ទាប់​ពី​បាន​ជួប​ពិភាក្សា​ជាមួយ​នឹង​បេសកជន​ពិសេស​របស់​អាមេរិក​រូប​នេះហើយ លោក​ អាបាស់ នឹង​ចេញ​ដំណើរ​ភ្លាម​ទៅ​កាន់​ប្រទេស​អេហ្ស៊ីប ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​សម្ព័ន្ធ​អារ៉ាប់ ស្តីពី​ដំណើរ​ការ​ស្វែង​រក​សន្តិភាព​ឲ្យ​តំបន់​ដើម​បូព៌ា​នេះ។

សូម​រំលឹក​ជូនថា ​ លោក Mitchell ដែល​បេសកជន​ពិសេស​របស់​សហរដ្ឋ​អាមេរិក ក្នុង​ក្រប​ខ័ណ្ឌ​ នៃ​ការ​ស្វែង​រក​សន្តិភាពនៅ​ដើម​បូព៌ា បាន​អញ្ជើញ​មក​កាន់​តំបន់​នេះ ជា​ចុង​ក្រោយ​កាលពី​ពីរ​ខែ​មុន គឺ​ក្នុង​ថ្ងៃ​ដែល​ការ​ផ្អាក​ធ្វើ​អាណានិគមកិច្ចអ៊ីស្រាអែល បាន​អស់​សុពលភាព ហើយ​អ៊ីស្រាអែលសម្រេច​​ផ្តើម​សាងសង់​លំនៅដ្ឋាន ​ក្នុង​​​ក្រុង​យេរូសាឡឹម​ឡើង​វិញ។  

ការ​សម្រេច​បន្ត​សាង​សង់​លំនៅដ្ឋាន នៅ​ស៊ីហ្ស័រដានី​ឡើង​វិញ​ ដែល​ប៉ាលេស្ទីន​​ទាមទារ​និង​ប្រឆាំងជា​ដាច់​ខាត ជាបុព្វហេតុ​ចំបង​នាំ​ឲ្យ​ការ​ចរចា​ដោយ​ផ្ទាល់រវាង​អ៊ីស្រាអែល និង​ប៉ាលេស្ទីន -ផ្តួច​ផ្តើម​ដោយ​សហរដ្ឋ​អាមេរិក ត្រូវ​ទទួល​បរាជ័យ។ អាមេរិក ទទួល​ស្គាល់​បរាជ័យ​នេះ ​នៅ​ថ្ងៃ​ទី ៧​ធ្នូ២០១០ ប៉ុន្តែ​មិន​អស់​សង្ឃឹម និង​មិន​បោះ​បង់​ចោល ​ការ​ស្វែង​រក​សន្តិភាព​សំរាប់​តំបន់​ទេ។ ​នៅ​ថ្ងៃ​សុក្រ​ទី​១០​ធ្នូ​កន្លង​ទៅ​ថ្មីៗ​នេះ លោកស្រី​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ ហ៊ីឡារី គ្លីនតុន បាន​ប្រកាស​ជ្រើស​រើស​ យក​​ការ​ចរចា​ ដោយ​ប្រយោលវិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ