អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

មូស្គូចោទ​ទីក្រុង​វ៉ាស៊ីនតោន​ថា​មាន​ចេតនា​ផ្លាស់ប្តូរ​របប​គ្រប់គ្រង​នៅ​រុស្ស៊ី​

សេចក្តី​នេះ ត្រូវ​បាន​បន្លឺ​ឡើង​ម្សិលមិញ​ដោយ​លោក​អនុរដ្ឋមន្ត្រី​ការបរទេស រុស្ស៊ី Serguei Riabkov ដែល​ចោទ​ស.រ.អា. ថា​ចង់​ផ្តួល​លោក​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន តាម​រយៈមធ្យោបាយ​វៀចវេរ​ដាក់​ទណ្ឌកម្ម​លើ​រុស្ស៊ី​​ចំពោះ​តួនាទី​រុស្ស៊ី​ក្នុង​វិបត្តិ​នៅ​អ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី . REUTERS/Arnd Wiegman
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ថ្ងៃ​ចន្ទ​ទី៨​ធ្នូ ពី​លើ​វេទិកា​សភា​ឌូម៉ា ក្នុង​សម័យ​ប្រជុំ ឧទ្ទិស​ដល់​ទំនាក់ទំនង រុស្សី-អាមេរិក លោក​អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Riabkov​លើក​ឡើង​ជាអាទ៏ ៖

គោលដៅ​ជា​ទម្រង់ការ​នៃ​ទណ្ឌកម្ម​ដែល​ថា ដើម្បី​បង្ខំ​ក្រុង​ម៉ូស្គូ ឲ្យ​កែប្រែ​ទៅ​គោលជំហរ ចំពោះ​ស្ថានការណ៍​នៅ​អ៊ុយក្រែន​តាម​ពិត​គឺ​បង្កប់ទៅ​ដោយ​ចេតនា​បង្ក​ឡើង​ជា​លក្ខណៈ​សង្គម- សេដ្ឋកិច្ច ដើម្បី​ផ្លាស់​ប្តូរ​អំណាច​នៅ​រុស្ស៊ី​តែ​ម្តង​ហើយ​ចេតនា​នេះឯង ថែមទាំង​ពុំ​ត្រូវ​ពួក​គេ​លាក់បាំង​ទៅ​ផង។

តាមប្រសាសន៍​អ្នកការ​ទូតរុស្ស៊ី ទោះបី​រដ្ឋបាល​អាមេរិកាំង ខិតខំ​បដិសេធ​ហេតុការណ៍​នេះក្តី ក៏​រាល់អ្វីៗ​ដែល​មាន សឲ្យ​ឃើញ​ថា ក្នុង​ចំណោម​អាទិភាព​នយោបាយ​បរទេស របស់ វ៉ាស៊ីនតោន​ គឺ​មាន​ការ​ប៉ុនប៉ង​ផ្លុំ​បញ្ឆេះ​បរិយាកាស ញ៉ាំង​អ្នក​ស្រុក​រុស្ស៊ី​ឲ្យ​ក្តៅក្រហាយ នឹង​ទណ្ឌកម្ម​ទាល់តែ​ជម្រុញ​ឲ្យ​ព្រឹត្តិការណ៍​វិវឌ្ឍ​ទៅ​យ៉ាង​នេះ​ឯង ក្នុង​ប្រទេស​រុស្ស៊ី។ ​

លោក​អនុរដ្ឋមន្ត្រី​ការបរទេស កត់​សម្គាល់​ថា ប្រទេស​រុស្ស៊ី​មុខ​ជាត្រូវ​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ​ទម្រាំ​ដក​ខ្លួន​ចេញ​ឲ្យ​ផុត​ពី​ផលវិបាក​នៃ​ទណ្ឌកម្ម​អាមេរិកាំង។ គាត់ គូស​បញ្ជាក់​ថា រុស្ស៊ី នឹង​ពុំ​ចូល​ខ្លួន​ទៅ​ពិភាក្សា​អំពី​ល័ក្ខខ័ណ្ឌ​សម្រាប់ ស.រ.អា. លុប​ទណ្ឌកម្ម​នោះ​ទៅ​វិញ​ឡើយ​ហើយ ម៉ូស្គូ​ពុំត្រៀម​ធ្វើ​សម្បទាន​ចំពោះ​ស.រ.អា​.ឡើយ​ជុំវិញ​បញ្ហាណា​ដែល​មាន​ន័យ​ជា គោលការណ៍ សម្រាប់​រុស្ស៊ី។

អំពី​ទឹកដី​គ្រីមេ ដែល​បណ្តាល​ឲ្យ​មាន​ទណ្ឌកម្ម ​លោក​អនុរដ្ឋមន្ត្រី ក្រើន​រំលឹក ពួក​អ្នក តំណាងរាស្ត្រ​រុស្ស៊ី​ថា​ស.រ.អា​.ក្នុង​រាប់​សឹបឆ្នាំ​ទៅ​មុខទៀត នៅតែ​មិន​ទទួលស្គាល់​ទឹកដី​នេះ ជា​ភាគ​មួយ​របស់​សហព័ន្ធ​រុស្ស៊ី​ឡើយ។

ជាការកត់សម្គាល់ បទអន្តរាគមន៍ លោក​អនុ​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Riabkov ក្នុង សភា​ឌូម៉ា​ឧទ្ទិស​ដល់​ទំនាក់​ទំនង​រុស្ស៊ី-អាមេរិក បន្លឺ​ឡើង​នៅ​ចំ​ថ្ងៃ​ដែល អង្គការ​សង្គមសាស្ត្រ​ឯករាជ្យ​នៅរុស្ស៊ី Levada-Center បាន​ចេញ​ផ្សាយ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ គឺ​ថា ៖ ប្រជាពលរដ្ឋ​រុស្ស៊ី ដល់​ទៅ ៧៤% ឯណោះ មាន​មតិ​អវិជ្ជមាន ចំពោះ​ស.រ.អា.​រីឯ មតិ​ជា វិជ្ជមាន​វិញ គឺ​មានតែ ១៦% លុះទាល់តែ អង្គការ​សង្គមសាស្ត្រ​នេះ កត់​សម្គាល់​ថា តាំងពី​ឆ្នាំ ១៩៩០​មក គឺ​មួយ​ឆ្នាំ​មុន សហភាព​សូវៀត​រលំរលាយ​ទៅ អ្នកស្រុក​រុស្ស៊ី មិន​ដែល​យល់​ឃើញ​អវិជ្ជមាន​យ៉ាង​នេះឡើយ អំពី​ស.រ.អា.៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ