ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ចូលប្រឡូកក្នុងឆាកនយោបាយឡើងវិញ?
នៅថ្ងៃនេះ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានអនុញ្ញាតឲ្យយកព្រះនាមព្រះអង្គ ដាក់ជាឈ្មោះគណបក្សនយោបាយជាថ្មីឡើងវិញ គឺជំនួសឈ្មោះគណបក្សជាតិនិយម។ គណបក្សជាតិនិយម ត្រូវបានប្តូរឈ្មោះ មកពីគណបក្ស នរោត្តម រណឫទ្ធិ ក្រោយពេលព្រះអង្គម្ចាស់ បានប្រកាសលាឈប់ពីឆាកនយោបាយ និងចូលបំពេញការងារ ជាប្រធានក្រុម ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កាលពីចុងឆ្នាំ២០០៨។
ចុះផ្សាយនៅថ្ងៃ៖
សេចក្តីរាយការណ៍របស់ លី ម៉េងហួរ ពីទីក្រុងភ្នំពេញ
នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ចំថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូក ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានជួបជាមួយគណៈកម្មការនាយក និងថ្នាក់ដឹកនាំតាមបណ្តាខេត្ត គណបក្សជាតិនិយម ដែលជាអតីតគណបក្ស នរោត្តម រណឫទ្ធិ ដោយមានទាំងការសោយអាហារ និងទទួលទានបាយថ្ងៃត្រង់រួមគ្នា នៅភោជនីយដ្ឋានទន្លេបាសាក់ ក្នុងទីក្រុងភ្នំពេញ។
ញត្តិស្នាមមេដៃជាច្រើនរបស់សមាជិកគណបក្សជាតិនិយម នៅមូលដ្ឋាន ត្រូវបានថ្វាយដល់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដើម្បីទី១-ទូលសុំព្រះនាមព្រះអង្គ ដាក់ជំនួសឈ្មោះគណបក្សជាតិនិយមឡើងវិញ ដោយសារថា ព្រះនាមព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មានប្រជាប្រិយភាព និងទី២-ញត្តិនោះ បានសុំយាងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ វិលមកដឹកនាំគណបក្សឡើងវិញ។
លោក ប៉ែន សង្ហារ អ្នកនាំពាក្យគណបក្សជាតិនិយម បានបញ្ជាក់ថា នៅក្នុងជំនួបជាងមួយម៉ោង នៅព្រឹកមិញ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានប្រកាសឲ្យប្រើព្រះនាមរបស់ព្រះអង្គ ជាឈ្មោះគណបក្សឡើងវិញ។ ចំណែកសំណើទី២ ដែលសុំយាងព្រះអង្គ មកគង់ដឹកនាំគណបក្ស នរោត្តម រណឫទ្ធិ ព្រះអង្គម្ចាស់មិនទាន់មានបន្ទូលអ្វីទេ។
ការប្តូរឈ្មោះគណបក្សជាតិនិយម មកជាគណបក្ស នរោត្តម រណឫទ្ធិ អាចនឹងធ្វើឡើងក្នុងសមាជវិសាមញ្ញ នៅខែធ្នូខាងមុខ។ គណបក្ស នរោត្តម រណឫទ្ធិ បានបង្កើតឡើង កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៦ ក្រោយពីគណបក្សហ្វ៊ុនស៊ិនប៉ិច បានរៀបចំសមាជ នាថ្ងៃទី១៨តុលា ឆ្នាំ២០០៦ ដើម្បីផ្លាស់ប្តូរព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ចេញពីប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច។ ក្នុងការបោះឆ្នោតជាតិ ឆ្នាំ២០០៨ គណបក្ស នរោត្តម រណឫទ្ធិ ទទួលបានអាសនៈ ២ ក្នុងចំណោមអាសនៈ ១២៣ នៅក្នុងរដ្ឋសភា។
កាលពីខែតុលា ឆ្នាំ២០០៨ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានប្រកាសលាឈប់ពីឆាកនយោបាយ មុនពេលព្រះមហាក្សត្រ តែងតាំងព្រះអង្គ ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១វិច្ឆិកា ឆ្នាំ២០០៨។ ក្រោយមកបន្តិច ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ក៏បានតម្រូវឲ្យសមាជិកអ្នកគាំទ្រ ដកព្រះនាមព្រះអង្គ ចេញពីឈ្មោះគណបក្ស នរោត្តម រណឫទ្ធិ ដោយប្តូរជា គណបក្សជាតិនិយម។
លោក ជា ច័ន្ទបូរិបូរណ៍ អ្នកនាំពាក្យរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មិនហ៊ានធ្វើអត្ថាធិប្បាយ ថាតើការសម្រេចព្រះទ័យរបស់ព្រះអង្គម្ចាស់ ចំពោះការដាក់ព្រះនាមព្រះអង្គ ជាឈ្មោះគណបក្សឡើងវិញនាពេលនេះ ជាការបើកផ្លូវសម្រាប់ព្រះអង្គ ចូលប្រឡូក ក្នុងឆាកនយោបាយឡើងវិញ ឬយ៉ាងណា?
ក៏ប៉ុន្តែកន្លងមក សេចក្តីបដិសេធជាច្រើន ត្រូវបានធ្វើឡើង ដោយអ្នកនាំពាក្យ និងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ។ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១០ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានចេញសេចក្តីប្រកាសព័ត៌មានយ៉ាងខ្លីថា ព្រះអង្គពុំអាចទៅដឹកនាំសម្ព័ន្ធភាពហ្វ៊ុនស៊ិនប៉ិច-ជាតិនិយម និងមិនវិលត្រឡប់ទៅដឹកនាំគណបក្សហ្វ៊ុនស៊ិនប៉ិច វិញទេ។
យ៉ាងណាក៏ដោយ សេចក្តីរាយការណ៍របស់គេហទំព័រដើមអំពិល បានបង្ហាញថា ក្នុងពិធីសំណេះសំណាល នៅព្រឹកមិញ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានប្រកាសថា បើព្រះអង្គយាងត្រឡប់ចូលឆាកនយោបាយ ដោយដឹកនាំគណបក្ស នរោត្តម រណឫទ្ធិ ឡើងវិញ គឺព្រះអង្គមានតួនាទីប្រមែប្រមូលនូវអ្នករាជានិយម និងសីហនុនិយម ប៉ុន្តែព្រះអង្គ មិនដើរតួនាទីជាបក្សប្រឆាំង និងមិនប៉ះពាល់ដល់គណបក្សប្រជាជនកម្ពុជាឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ