អានតួអត្ថបទ
កម្ពុជា

ហ៊្វុនស៊ិនប៉ិច-ជាតិនិយម​ប្រកាស​រចនាសម្ព័ន្ធ​ក្រុម​ការងារ​ចម្រុះ​ថ្នាក់​ខេត្ត​លើកដំបូង​នៅ​ព្រៃវែង

នៅ​ថ្ងៃ​អាទិត្យ​នេះ សម្ព័ន្ធភាព​ហ៊្វុនស៊ិនប៉ិច-ជាតិនិយម​ប្រកាស​រចនា​សម្ព័ន្ធ​ក្រុម​ការងារ​ ចម្រុះ​ថ្នាក់​ខេត្ត​លើក​ដំបូង​នៅ​ក្នុង​ខេត្ត​ព្រៃវែង​​ដោយ​មាន​ការ​ចូលរួម​ពី​សមាជិក​ថ្នាក់​ក្រោម​ប្រមាណ​ជា​៤០០នាក់។ លោក ញឹក ប៊ុនឆៃ សហ​ប្រធាន​ស្តីទី​សម្ព័ន្ធភាព​ហ៊្វុនស៊ិនប៉ិច-ជាតិនិយម បាន​បញ្ជាក់​ប្រាប់​​ថា កៅអី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នឹង​កើន​ឡើង​វិញ​សម្រាប់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​ បន្ទាប់​ពី​ការ​រំលាយ​បញ្ចូលគ្នា។

លោក កែវ ពុទ្ធរស្មី និង​លោក ឈឹម សៀកឡេង ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ពិធីសារសម្ព័ន្ធភាព​គណបក្ស​រាជានិយម
លោក កែវ ពុទ្ធរស្មី និង​លោក ឈឹម សៀកឡេង ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ពិធីសារសម្ព័ន្ធភាព​គណបក្ស​រាជានិយម © សុវណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

02:59

សេចក្តីរាយការណ៍​របស់ គី សុខលីម ពីភ្នំពេញ

បន្ទាប់​ពី​ប្រកាស​បង្កើត​សម្ព័ន្ធភាព​ជា​ផ្លូវការ​អស់​រយៈពេល​ជាង​មួយ​ខែ​រួចមក សម្ព័ន្ធភាព​ហ៊្វុនស៊ិនប៉ិច-ជាតិនិយម​ បាន​ប្រកាស​បង្កើត​រចនា​សម្ព័ន្ធ​ក្រុម​ការងារ​ចម្រុះ​ថ្នាក់​ខេត្ត​ជា​លើក​ដំបូង​ នៅ​ថ្ងៃ​អាទិត្យ​ ទី១៨​ ខែកក្កដា​នេះ​ នៅក្នុង​ខេត្ត​ព្រៃវែង។ លោក ឈឹម សៀកឡេង ​និង​លោក ញឹក ប៊ុនឆៃ សហ​ប្រធាន​​ស្តីទី​នៃ​សម្ព័ន្ធភាព​ហ៊្វុនស៊ិនប៉ិច-ជាតិនិយម​ មាន​វត្តមាន​នៅក្នុង​ពិធី​ប្រកាស​បង្កើត​រចនា​សម្ព័ន្ធ​ក្រុម​ការងារ​ចម្រុះ​ថ្នាក់​ខេត្ត។

ថ្លែង​ប្រាប់​តាម​ទូរស័ព្ទ​ពី​ខេត្ត​ព្រៃវែង លោក ប៉ែន សង្ហា អ្នក​នាំពាក្យ​គណបក្ស​ជាតិនិយម ​ដែល​ជា​អតីត​គណបក្ស​នរោត្តម រណឫទ្ធិ​ បាន​បញ្ជាក់​ប្រាប់​ថា នៅ​ថ្ងៃនេះ គណបក្ស​សម្ព័ន្ធភាព​បាន​ប្រកាស​ជា​ផ្លូវវការ​ នូវ​រចនា​សម្ព័ន្ធ​ក្រុម​ការងារ​ចម្រុះ​ និង​គណៈកម្មាធិការ​ប្រតិបត្តិ​ចម្រុះ​នៃ​សម្ព័ន្ធភាព។ សមាជិក​ថ្នាក់​ក្រោម​របស់​គណបក្ស​ទាំងពីរ​ ប្រមាណ​ជា​៤០០​នាក់​ បាន​ចូលរួម​ស្តាប់​ការ​ប្រកាសបង្កើត​រចនា​សម្ព័ន្ធ​ការងារ​ចម្រុះ​ថ្នាក់​ខេត្ត​នេះ។ លោក ប៉ែន សង្ហា បាន​បញ្ជាក់​ប្រាប់​ទៀត​ថា ការប្រកាស​រចនាសម្ព័ន្ធ​ចម្រុះ​ការងារ​តាម​ខេត្ត​ដទៃ​ទៀត​ ​នឹង​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់ ​រហូត​ដល់​គ្រប់​២៤​ខេត្ត​-ក្រុង​នៃ​ប្រទេស​កម្ពុជា។

លោក ញឹក ប៊ុនឆៃ អគ្គ​លេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​បាន​ថ្លែង​ប្រាប់​ពី​ខេត្ត​ព្រៃវែង​មក​ថា សមាជិក​ថ្នាក់​ក្រោម​នៃ​គណបក្ស​ទាំងពីរ​បាន​សម្ដែង​សេចក្តី​សប្បាយ​រីករាយ ​ដោយ​ឃើញ​មេ​ដឹកនាំ​គណបក្ស​ទាំងពីរ​រួបរួម​គ្នា​ឡើងវិញ ​បន្ទាប់​ពី​ការ​បាក់បែក​ដែល​ឈាន​ទៅដល់​ការ​បរាជ័យ​នោះ។ លោក ញឹក ប៊ុនឆៃ បាន​បន្ត​ទៀត​ថា គណបក្ស​ទាំងពីរ​សម្រេច​គ្រវាត់​ចោល ​ឬ​កប់​ចោល​រឿង​អតីត​កាល​ជូរចត់ ហើយ​បញ្ហា​ដែល​ត្រូវ​គិត​នៅ​ពេល​នេះ ​គឺ​ការ​ចាប់​ផ្ដើម​ការងារ​ជាមួយ​គ្នា​ជាថ្មី​ឡើងវិញ

គណបក្សហ៊្វុនស៊ិនប៉ិច​ធ្លាប់​ជា​គណបក្ស​ឈ្នះ​ឆ្នោត​ កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣​ ប៉ុន្តែ​​១៥​​ឆ្នាំ​ក្រោយ​មក គណបក្ស​នេះ​បាន​ក្លាយ​ទៅ​ជា​គណបក្ស​ចាញ់​ឆ្នោត​នៅ​ចុង​ប៉ូច​គេ​ទៅ​វិញ ​កាល​ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០០៨​កន្លងមក។  ការ​ចាញ់​ឆ្នោត​នេះ ​ត្រូវ​បាន​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ស្តី​បន្ទោស​ទៅ​លើ​ជម្លោះ​ផ្ទៃ​ក្នុង​គណបក្ស​នា​ពេល​កន្លងមក។ ជម្លោះ​នេះ​បាន​បង្ក​អោយ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​បែក​ខ្ញែក​គ្នា​ទាំង​សម្លេង​ឆ្នោត ទាំង​ធនធាន​មនុស្ស​របស់​គណបក្ស។

លោក ញឹក ប៊ុនឆៃ ​បាន​ទទួល​ស្គាល់​ថា ប្រសិន​បើ​គណបក្ស​ទាំងពីរ​មិនបាន​បែក​ចេញ​ជា​ពីរ​នៅក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០០៨​ទេ​នោះ គណបក្ស​ហ៊្វុនស៊ិនប៉ិច​អាច​ទទួល​បាន​កៅអី​នៅ​រដ្ឋ​សភាជាតិ​រហូតដល់​ទៅ​១៧​កៅ​អី​ឯណោះ ​ប៉ុន្តែ​ ដោយសារ​ការ​បែកបាក់ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ និង​គណបក្ស​នរោត្តម រណឫទ្ធិ​ ទទួល​បាន​ម្នាក់ៗ​តែ​ពីរ​កៅអី​ប៉ុណ្ណោះ។

ប៉ុន្តែ ​បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ លោក ញឹក ប៊ុនឆៃ បាន​បញ្ជាក់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា កៅអី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នឹង​កើន​ឡើង​វិញ​សម្រាប់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​ បន្ទាប់​ពី​ការ​រំលាយ​បញ្ចូល​គ្នា។ ការ​ច្របាច់​បញ្ចូល​គ្នា​អាច​នឹង​ត្រូវ​ធ្វើ​ឡើង ​នៅមុន​ការ​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១២ ​​ឬ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣​ខាង​មុខ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ