សម្ព័ន្ធភាពហ្វ៊ុនស៊ិនប៉ិច-ជាតិនិយម ប្រកាសថ្នាក់ដឹកនាំក្រុមការងារចម្រុះ
រចនាសម្ព័ន្ធថ្នាក់ដឹកនាំក្រុមការងារចម្រុះ របស់សម្ព័ន្ធភាពគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សជាតិនិយមទូទាំងប្រទេស ត្រូវបានប្រកាសជាផ្លូវការ នៅរសៀលថ្ងៃសុក្រ ទី២៣ កក្កដានេះ។ ការប្រកាសពីថ្នាក់ដឹកនាំគណបក្សរាជានិយម បងប្អូនសត្រូវទាំងពីរ នាពេលនេះ ដើម្បីប្រមូលសម្លេងគាំទ្រ នៅតាម ២៤ ខេត្ត-រាជធានី សម្រាប់ចូលរួមការបោះឆ្នោតឃុំសង្កាត់ នៅឆ្នាំ២០១២ និងការបោះឆ្នោតជាតិ ឆ្នាំ២០១៣៕
ចុះផ្សាយនៅថ្ងៃ៖
សេចក្តីរាយការណ៍របស់លី ម៉េងហួរពីទីក្រុងភ្នំពេញ
ពិធីប្រកាសរចនាសម្ព័ន្ធប្រធាន និងអនុប្រធានក្រុមការងារចម្រុះថ្នាក់ខេត្ត-រាជធានីទូទាំងប្រទេសរបស់សម្ព័ន្ធភាពហ្វ៊ុនស៊ិនប៉ិច-ជាតិនិយម នៅរសៀលថ្ងៃសុក្រនេះ បានធ្វើឡើង បន្ទាប់ពីការបង្កើតសម្ព័ន្ធភាពគណបក្សរាជានិយមទាំងពីរ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១០។
ការរួបរួមជាសម្ព័ន្ធភាពគណបក្សរាជានិយមនេះ ដើម្បីបង្កើតនូវបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរួម ក្នុងគណបក្សតែមួយ ដើម្បីចូលរួមការបោះឆ្នោតឃុំសង្កាត់នាឆ្នាំ២០១២ និងការបោះឆ្នោតជាតិឆ្នាំ២០១៣ខាងមុខ។ គណបក្សរាជានិយមទាំងពីរ ក៏បានប្រកាសថា នឹងឈានដល់ការបង្រួបបង្រួមជាគណបក្សតែមួយឡើងវិញ នាពេលឆាប់ៗនេះ។
លោក កែវ ពុទ្ធរស្មី ប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាសហប្រធានសម្ព័ន្ធភាពហ្វ៊ុនស៊ិនប៉ិច-ជាតិនិយម បានលើកឡើងក្នុងពិធីប្រកាសសុពលភាពនៃការតែងតាំងសមាជិកក្រុមការងារថ្នាក់រាជធានី-ខេត្តទាំង ២៤ ទូទាំងប្រទេសថា មានតែការរួបរួមវិលទៅរកគណបក្សដើមឡើងវិញ នាពេលខាងមុខទេ ទើបឈានទៅរកជោគជ័យក្នុងការបោះឆ្នោត។
ចំណែកលោក ឈឹម សៀកឡេង ប្រធានគណបក្សជាតិនិយម និងជាសហប្រធានសម្ព័ន្ធភាពហ្វ៊ុនស៊ិនប៉ិច-ជាតិនិយម បានលើកឡើងថា សម្ព័ន្ធភាពនេះជាការរឹតចំណងសាមគ្គីភាព និងប្រតិបត្តិការរួមគ្នាទាំងផ្នែកនយោបាយ យុទ្ធសាស្ត្រ ក្នុងស្មារតីដើម ជាអ្នករាជានិយម អ្នកជាតិនិយម អ្នកសីហនុនិយម និងអ្នកប្រជាធិបតេយ្យ ក្នុងគោលដៅបង្រួបង្រួម ឲ្យទៅជាគណបក្សនយោបាយតែមួយ នាពេលអនាគត ដើម្បីចូលរួមក្នុងការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១២ និងការបោះឆ្នោតជាតិឆ្នាំ២០១៣ ព្រមទាំងការបោះឆ្នោតជាបន្តបន្ទាប់ទៅទៀត។
លោក ឈឹម សៀកឡេង បានគូសបញ្ជាក់ថា គណបក្សរាជានិយមទាំងពីរ ធ្លាប់មានឫសគល់តែមួយ ជាគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច។ ហ្វ៊ុនស៊ិនប៉ិច ធ្លាប់ជាគណបក្សឈ្នះឆ្នោត តែក៏ធ្លាប់ជួបប្រទះនូវការបែកបាក់យ៉ាងជូរចត់ ប៉ុន្តែសមាជិកទាំងអស់ ត្រូវបំភ្លេចរឿងចាស់ ហើយរួបរួមចាប់ដៃគ្នា តាំងពីថ្នាក់កណ្តាល ដល់ថ្នាក់មូលដ្ឋាន ដើម្បីធ្វើឲ្យប្រសើរឡើងវិញ នូវសម្លេងគាំទ្រ ដែលគណបក្សរាជានិយមនេះ ធ្លាប់មានពីមុន។
គណបក្សហ្វ៊ុនស៊ិនប៉ិច បានក្លាយជាគណបក្សឈ្នះឆ្នោត កាលពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣ ប៉ុន្តែការបោះឆ្នោតជាបន្តបន្ទាប់កន្លងមក គណបក្សនេះ បានក្លាយទៅជាគណបក្សចាញ់ឆ្នោត ។ ការចាញ់ឆ្នោត ក៏ដោយសារតែគណបក្សរាជានិយមហ្វ៊ុនស៊ិនប៉ិច មានជម្លោះផ្ទៃក្នុង និងការបែកបាក់ជាបន្តបន្ទាប់។ ចុងក្រោយ នៅឆ្នាំ២០០៦ ហ្វ៊ុនស៊ិនប៉ិច បានបែកជាពីរ ហើយត្រូវ ចាញ់ឆ្នោតទាំងហ្វ៊ុនស៊ិនប៉ិច របស់លោកញឹក ប៊ុនឆៃ និងទាំងហ្វ៊ុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ