អានតួអត្ថបទ
ស៊ីរី-ONU

អង្គការសហប្រជាជាតិ​បារម្ភ​ខ្លាច​វិបត្តិ​នៅ​ស៊ីរី​បែកធ្លាយ​ជា​ជម្លោះ​នៅ​ក្នុង​តំបន់

អង្គការ​សហប្រជាជាតិ​កំពុង​ព្រួយបារម្ភ​ខ្លាច​វិបត្តិ​អូសបន្លាយ​នៅ​ក្នុង​ប្រទេស​ស៊ីរី​បែកធ្លាយ​ជា​ជម្លោះ​នៅ​ក្នុង​តំបន់ ពិសេស​នៅ​ក្នុង​ប្រទេស​លីបង់។ ការ​បារម្ភ​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​មាន​ការ​វាយប្រហារ​គ្នា​យ៉ាង​ហិង្សា​រវាង​ក្រុម​និកាយ​សាសនា Sunnites និង Alaouites នៅ​ក្នុង​ប្រទេស​លីបង់​នា​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។ អំពើហិង្សា​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ៩នាក់ និង​របួស ៨៤នាក់​ផ្សេង​ទៀត។ អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​គំាទ្រ​ចំពោះ​កងទ័ព​រដ្ឋាភិបាល​លីបង់ និង​បាន​ចោទ​ប្រកាន់​ប្រទេស​អៀរ៉ង់​ពី​ការ​បញ្ជូន​គ្រឿងសព្វាវុធ​ទៅ​ឲ្យ​ប្រទេស​ស៊ីរី។

អង្គការសហប្រជាជាតិ​បារម្ភ​ខ្លាច​វិបត្តិ​នៅ​ស៊ីរី​បែកធ្លាយ​ជា​ជម្លោះ​នៅ​ក្នុង​តំបន់
អង្គការសហប្រជាជាតិ​បារម្ភ​ខ្លាច​វិបត្តិ​នៅ​ស៊ីរី​បែកធ្លាយ​ជា​ជម្លោះ​នៅ​ក្នុង​តំបន់ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ឥឡូវ​នេះ ការ​ព្រួយបាម្ភ និង​ការ​សំឡឹង​ឃើញ​វិបត្តិ​នៅ​ក្នុង​ប្រទេស​ស៊ីរី ឆ្លង​រាលដាល​ចូល​ក្នុង​ប្រទេស​លីបង់​ត្រូវ​បាន​អង្គការសហប្រជាជាតិ​លើក​ឡើង​ជា​ចំហ​ហើយ។ ហានិភ័យ​នៃ​អស្ថិរភាព​នយោបាយ​នៅ​លីបង់​ពិត​ជា​មិន​អាច​ចៀសរួច នេះ​ជា​ការ​អះអាង​របស់​លោក Jeffrey Feltman នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃ​ពុធ ទី២២ សីហា​ម្សិលមិញ។ លោក Jeffrey Feltman គឺ​ជា​អ្នកទទួលខុសត្រូវ​ផ្នែក​កិច្ចការ​នយោបាយ​របស់​អង្គការសហប្រជាជាតិ។

លោក Jeffrey Feltman បាន​កត់សម្គាល់​ឃើញ​ថា ចំ​ពេល​ដែល​វិបត្តិ​នៅ​ស៊ីរី​កំពុង​បន្ត​ធ្លាក់​ដុនដាប ស្ថានការណ៍​នៅ​ក្នុង​ប្រទេស​លីបង់​ក៏​កាន់​តែ​ពុះកញ្រ្ជោល​ឡើងៗ ហើយ​ការ​បន្ត​គំាទ្រ​រដ្ឋាភិបាល​លីបង់ ព្រម​ទំាង​កងទ័ព គឺ​ជា​រឿង​មួយ​មិន​អាច​ខ្វះ​បាន។ យោង​តាម​លោក Jeffrey Feltman ភាព​តានតឹង​នៅ​ផ្ទៃក្នុង​លីបង់​មាន​កាន់​តែ​ខ្លំាង និង​ដែល​ងាយ​​ផ្ទុះ​ឡើង​​ដោយសារ​តែ​ព្រឹត្តិការណ៍​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ការ​អះអាង​យ៉ាង​ដូច្នេះ​ដោយ​លោក Jeffrey Feltman បាន​លើក​យក​ករណី​អតីត​រដ្ឋមន្រ្តី​លីបង់​ម្នាក់​ដែល​ទើប​ចាប់​ខ្លួន​ពី​បទ​បាន​ព្យាយាម​នំា​យក​គ្រឿង​ផ្ទុះ​ពី​ស៊ីរី​ចូល​លីបង់។ អ្នក​ទទួល​ខុស​ត្រូវ​​របស់​អង្គការសហប្រជាជាតិ​រូបនេះ​ដដែល​បាន​សម្តែង​ការ​សោកស្តាយ​ថា ការ​ធ្វើ​ចរាចរណ៍​គ្រឿង​សព្វាវុធ​នៅ​តាម​បណ្តាយ​ព្រំដែន​រវាង​លីបង់ និង​ស៊ីរី​មាន​លក្ខណៈ​ងាយស្រួល និង​មិន​ត្រូវ​បាន​ត្រួតពិនិត្យ​ម៉ត់ចត់​ទេ។ ទន្ទឹម​គ្នា​នេះ លោក Jeffrey Feltman ក៏​បាន​ចោទ​ប្រទេស​អៀរ៉ង់​ដែល​បាន​លួច​បញ្ជូន​អាវុធ​ទៅ​ឲ្យ​ប្រទេស​ស៊ីរី ដែល​នេះ ជា​ការ​រំលោភបំពាន​លើ​ទ័ណ្ឌកម្ម​ស្តីពី​ការ​នំា​អាវុធ​ចេញ និង​ដែល​អៀរ៉ង់​ខ្លួនឯង ក៏​កំពុង​ជាប់​ទ័ណ្ឌកម្ម​នេះ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ