អានតួអត្ថបទ
កម្ពុជា​

ផ្លូវដែក ​កម្ពុជា ផ្តើម​ដំណើរការ​ឡើង​វិញ​ហើយ

នៅ​ថ្ងៃ​សុក្រ​នេះ កំណាត់​ផ្លូវ​ដែក​លើក​ដំបូង​នៅ​កម្ពុជា ពី​ស្ថានីយ​ភ្នំពេញ ទៅកាន់​ទូក​មាស ក្នុង​ខេត្ត​កំពត ប្រវែង ១១០ គីឡូម៉ែត្រ បាន​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ហើយ។ ដំណើរការ​រថភ្លើង នៅ​កម្ពុជា​ជា​ថ្មី​ឡើង​វិញ​នា​ពេលនេះ គឺ​ដើម្បី​បម្រើ​ឲ្យ​ការដឹកជញ្ជូន​ទំនិញ មិន​ត្រឹមតែ​នៅក្នុង​ប្រទេស​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ផ្លូវ​ដែក​កម្ពុជា ក៏​ដើម្បី​ត​ភ្ជាប់​បណ្តាញ​ផ្លូវដែក​អាស៊ាន​ចិន​ផង​ដែរ។

ខ្សែ​រថភ្លើង​ភ្នំពេញ​-ទូកមាស ផ្តើម​ដំណើរ​ការ​ឡើង​វិញ​
ខ្សែ​រថភ្លើង​ភ្នំពេញ​-ទូកមាស ផ្តើម​ដំណើរ​ការ​ឡើង​វិញ​ © RFI
ផ្សាយពាណិជ្ជកម្ម

03:09

សេចក្តី​រាយការណ៍​របស់ លី ម៉េងហួរ ពីទីក្រុង​ភ្នំពេញ

កំណាត់​ផ្លូវ​ដែក ភ្នំពេញ​-ទូកមាស ក្នុង​ខេត្ត​កំពត ដែល​បាន​បើក​សម្ពោធ​ឲ្យ​រថភ្លើង​ឆ្លងកាត់ នៅ​ថ្ងៃ​សុក្រ​នេះ ស្ថិត​នៅក្នុង​គម្រោង​ជួសជុល​ស្តារ​ផ្លូវដែក ពី​ភ្នំពេញ ទៅ​ខេត្ត​ព្រះ​សីហនុ ដែល​មាន​ប្រវែង​សរុប ២៦៦ គីឡូម៉ែត្រ។ គម្រោង​នេះ នឹង​បញ្ចប់ នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១១។​
​ការ​បើក​ឲ្យ​ដំណើរការ​ផ្លូវ​រថភ្លើង ពី​ភ្នំពេញ​-ទូកមាស កំពត នា​ពេលនេះ គឺ​សម្រាប់​តែ​ដឹក​ទំនិញ​ប៉ុណ្ណោះ ពិសេស​ការ​ដឹក​ស៊ីម៉ង់ និង​កុងទីណឺ​ប្រេងសាំង ជាដើម។ ចំណែក​ការដឹក​ជញ្ជូន​អ្នក​ដំណើរ តាម​រថភ្លើង នឹង​ត្រូវ​ដំណើរការ​នា​ពេល​បន្ទាប់។

​រដ្ឋាភិបាល​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​សម្បទាន​ជាមួយ​ក្រុមហ៊ុន Toll Holding របស់​ប្រទេស​អូស្ត្រាលី សម្រាប់​ការ​ធ្វើ​អាជីវកម្ម​លើ​ផ្លូវដែក។ មាន​ន័យ​ថា ក្រុមហ៊ុន​អូស្ត្រាលី​នេះ មាន​ភារកិច្ច​ធ្វើ​អាជីវកម្ម​លើ​ផ្លូវដែក និង​ជួសជុល​ថែទាំ ក្នុង​រយៈពេល ៣០ ឆ្នាំ។
​ក្រៅពី​កំណាត់​ផ្លូវដែក​ភ្នំពេញ​-កំពត ផ្លូវដែក​កម្ពុជា ក៏​ត្រូវ​ជួសជុល​ស្តារ​ឡើងវិញ ពី​ភ្នំពេញ​-សិរីសោភ័ណ្ឌ ក្នុង​ខេត្ត​បន្ទាយមានជ័យ ភ្ជាប់​ទៅ​ប្រទេស​ថៃ ដែល​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​២០១២ ព្រមទាំង​ការសាងសង់​ស្ថានីយ​រថភ្លើង​សំរោង ដែល​ជា​ស្ថានីយ​ផ្ទេរ​-ផ្ទុក​ទំនិញ និង​ការសាងសង់​ឃ្លាំង​ផ្ទុក​ធំៗ សម្រាប់​បម្រើ​ឲ្យ​វិស័យ​ដឹកជញ្ជូន​តាម​ផ្លូវ​ដែក។ ស្ថានីយ​រថភ្លើង​សំរោង ស្ថិត​នៅ​ប្រមាណ ៩ គីឡូម៉ែត្រ ពី​ស្ថានីយ​រថភ្លើង​ភ្នំពេញ គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​២០១៣។​

ការស្តារ​ផ្លូវដែក​នៅ​កម្ពុជា​ឡើង​វិញ ត្រូវ​ប្រើប្រាស់​នូវ​ទឹកប្រាក់​សរុប​ចំនួន ១៤១,៦ លាន​ដុល្លារ​អាមេរិក ក្នុងនោះ រួមមាន​ ៖ ហិរញ្ញប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ចំនួន ៨៤ លាន​ដុល្លារ​ ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ចំនួន ២១,៥ លាន​ដុល្លារ ឥណទាន​ពី​អង្គការ OPEC ចំនួន ១៣ លាន​ដុល្លារ និង​អំណោយ​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី នូវ​ដែក​រ៉ៃ គិត​ជា​ទឹកប្រាក់​ចំនួន ២,៨ លាន​ដុល្លារ​អាមេរិក ព្រមទាំង​ថវិកា​បដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ចំនួន ២០,៣ លាន​ដុល្លារ​អាមេរិក។
​ការស្តារ​ផ្លូវដែក​នៅ​កម្ពុជា​ឡើង​វិញ នៅ​ពេលនេះ ដើម្បី​ភ្ជាប់​ជាមួយ​ផ្លូវដែក​ប្រទេស​ថៃ និង​បន្ត​ទៅកាន់​ប្រទេស​វៀតណាម នៅ​គម្រោង​ផ្លូវដែក​អាស៊ាន។ នោះ​គឺ​គម្រោង​ផ្លូវ​ដែក​សិង្ហបូរី​-គុនមិញ ( SKRL ) ដែល​ត្រូវ​ឆ្លងកាត់​ពី​ប្រទេស​សិង្ហបូរី ម៉ាឡេស៊ី ថៃ កម្ពុជា វៀតណាម និង​គុនមិញ ប្រទេស​ចិន។

​ផ្លូវដែក ដែល​មាន​ស្រាប់ ក្នុង​ប្រទេស​កម្ពុជា​មាន ២ ខ្សែ។ ខ្សែ​ទី​១-​ភ្នំពេញ ទៅ​ប៉ោយប៉ែត ជាប់​ព្រំដែន​ប្រទេស​ថៃ ប្រវែង ៣៨៦ គីឡូម៉ែត្រ ត្រូវ​បាន​សាងសង់​ឡើង​ពី​ឆ្នាំ​១៩២៩ ដល់​ឆ្នាំ​១៩៤២ និង​ខ្សែ​ទី​២- ​ពី​ភ្នំពេញ ទៅ​កំពង់​ផែ​សមុទ្រ​ក្រុង​ព្រះសីហនុ ដោយ​ឆ្លងកាត់​ខេត្ត​កំពត មាន​ចម្ងាយ​ចំនួន ២៦៦ គីឡូម៉ែត្រ ត្រូវបាន​សាងសង់​ពី​ឆ្នាំ​១៩៦០ ដល់​ឆ្នាំ​១៩៦៩។

​ក្រោយ​ឆ្នាំ​១៩៧០ ផ្លូវដែក​ទាំង​ពីរ​ខ្សែ​នេះ មាន​សភាព​ចាស់​ទ្រុឌទ្រោម និង​ត្រូវបាន​បំផ្លាញ​ដោយ​សង្គ្រាម​រ៉ាំរ៉ៃ ពិសេស​ក្រុម​ខ្មែរក្រហម បាន​ពួន​ស្ទាក់​បាញ់​កម្ទេច​ជា​ញឹកញាប់ កាលពី​មុន​ឆ្នាំ​១៩៩៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ