អានតួអត្ថបទ
ទុយនីស៊ី

កិច្ចចរចា​គិតគូរ​បង្កើត​រដ្ឋាភិបាល​ទុយនីស៊ី​ថ្មី​

សមាជិកសំខាន់​នានា​នៃ​​​រដ្ឋាភិបាល​ទុយនីស៊ី នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ចន្ទ​នេះ​ ដើម្បី​​គិតគូរ​សំរេច​បង្កើត​​​សមាសភាព​រដ្ឋាភិបាល​ថ្មី​​​​​​។ ប៉ុន្តែ​​កិច្ច​ចរចា​នេះ​ ប្រហែល​ជា​មិន​អាច​នឹង​រក​បាន​នូវ​ការ​ចុះ​សម្រុង​​ណាស់។ ថ្វីដ្បិត​តែ​ នាយក​រដ្ឋ​មន្ត្រី​ Hamadi Jebali ដែល​ជា​មេដឹក​នាំ​សំខាន់​ទី​ពីរ​​នៃ​គណបក្ស​កាន់​អំណាច​អ៊ីស្លាម​និយម​ Ennahda ​មាន​សុទិដ្ឋិ​និយម​ ប៉ុន្តែ​​​​មេដឹក​នាំ​​ទីមួយ​ និង​សមាជិក​ជា​ច្រើន​ទៀត​​នៃ​គណបក្ស​កាន់​អំណាច​ នៅ​តែ​បដិសេធ​មិន​ព្រម​​​​​​​​អោយ​​​​​ក្រសួង​សំខាន់​នានា​ ដូច​ជា​ក្រសួង​ការ​បរទេស ក្រសួង​មហាផ្ទៃ រឺ​ក៏​ក្រសួង​យុត្តិធម៌​ជាដើម​នោះ ​ឃ្លាត​ចេញ​ពី​ការ​​គ្រប់គ្រង​ដោយ​ផ្ទាល់​របស់​គណបក្ស​ខ្លួន​នោះ​ឡើយ។

ប្រធានាធិបតី​ទុយនីស៊ី​ Moncef Marzouki (ឆ្វេង) ជួប​នាយករដ្ឋមន្ត្រី​ Hamadi Jebali កាល​ពី​ឆ្នាំ​២០១១
ប្រធានាធិបតី​ទុយនីស៊ី​ Moncef Marzouki (ឆ្វេង) ជួប​នាយករដ្ឋមន្ត្រី​ Hamadi Jebali កាល​ពី​ឆ្នាំ​២០១១ AFP
ផ្សាយពាណិជ្ជកម្ម

នៅ​ប្រទេស​ទុយនីស៊ី នៅ​ថ្ងៃ​ចន្ទ​នេះ កិច្ច​ចរចា​​ដើម្បី​​គិតគូរ​​បង្កើត​​សមាសភាព​រដ្ឋាភិបាល​​​​ថ្មី​ ប្រហែល​ជា​ពិបាក​នឹង​​រក​ការ​ចុះ​សម្រុង​ណាស់។ ស្ថានភាព​នយោបាយ​​​នៅ​ប្រទេស​ទុយនីស៊ី នៅ​​តែ​ស្ថិត​ក្នុង​​ភាព​តានតឹង​ដដែល។

ទោះបី​ជា​នាយក​រដ្ឋ​មន្ត្រី​ទុយនីស៊ី​​​​​​មាន​សុទិដ្ឋិនិយម​​​នឹង​សំរេច​បង្កើត​បាន​រដ្ឋាភិបាល​​ទុយនីស៊ីថ្មី​​មួយ​ ដែល​មាន​សមាសភាព​អ្នក​អធិបកាតេយ្យ​​ចូលរួម​ក្តី​ ប៉ុន្តែ​មេដឹក​នាំ​ធំ និង​​​សមាជិក​មួយ​ភាគ​ធំ​​នៃ​​​គណបក្ស​កាន់​អំណាច​​ នៅ​តែ​​បដិសេធ​​​ផ្តល់​នូវ​ការ​កាន់​កាប់​ក្រសួង​​សំខាន់​នានា ទៅ​អោយ​គណបក្ស​ដទៃ​ទៀត។ គួរ​រំលឹក​ថា នាយក​រដ្ឋ​មន្ត្រី​ Hamadi Jebali ជា​មេដឹកនាំ​សំខាន់​ទី​ពីរ​នៃ​គណបក្សអ៊ីស្លាម​និយម​​ Ennahda បាន​​​​គំរាម​ចុះ​ពី​តំណែង​​របស់​លោក ដើម្បី​ជា​ថ្នូរ​ទៅ​នឹង​ការ​​បង្កើត​រដ្ឋាភិបាលទុយនីស៊ី​​ថ្មី​​​ ប៉ុន្តែ​ទង្វើ​​របស់​លោក​មិន​បាន​​ធើ្វ​អោយ​​សមាជិក​នានា​នៃ​គណបក្ស​នេះ​​​មាន​ការ​ពេញចិត្ត​នោះ​ទេ។

កាលពី​ថ្ងៃ​សៅរ៍​​កន្លង​មក លោក​ Rached Ghannouchi ដែល​ជា​មេដឹកនាំ​សំខាន់​ទីមួយ​នៃ​គណបក្ស​កាន់​អំណាច​ បាន​ប្រកាស​ក្តែងៗ​ នៅចំពោះ​​មុខ​អ្នក​គាំ​ទ្រ​​​គណបក្ស​ខ្លួន​ថា​ គណបក្ស​ Ennahda មិន​ទាន់​ត្រៀម​ខ្លួន​​ដើម្បី​​​​ប្រគល់​អំណាច​​នៅ​ឡើយ​ទេ​ ដរាប​ណា​​ប្រជាជន​ទុយនីស៊ី​នៅ​​តែ​ផ្តល់​ទំនុកចិត្ត​ដល់​ខ្លួន។  

គណបក្ស​ Ennahda គឺ​​ជា​គណបក្ស​គ្រឹះ​មួយ​​ នៅ​ទុយនីស៊ី។ គណបក្ស​នេះ​​មាន​អសនៈ​ ៨៩ ក្នុង​ចំណោម​អសនៈ​សរុប​ ២១៧ ក្នុង​សភា​។ ​​គណបក្ស​នេះ​​​​ នៅ​តែ​បដិសេធ​មិន​ព្រម​​អោយ​​ ក្រសួង​ការ​បរទេស ក្រសួង​មហាផ្ទៃ រឺ​ក៏​ក្រសួង​យុត្តិធម៌​ ​ធ្លាក់​ទៅ​ក្នុង​ការ​កាន់កាប់​របស់​អ្នក​ដែល​មិន​កាន់​សាសនា​អ៊ីស្លាម។ គណបក្ស Ennahda ​​មិន​ចង់​ឃើញ​វត្តមាន​របស់​អ្នក​​ដែល​មាន​មុខ​ងារ​ត្រឹម​តែ​ជា​អ្នក​គាំ​ទ្រគណបក្ស​​នយោបាយ​​ក្នុង​សមាសភាព​រដ្ឋា​ភិបាល​នោះ​ទេ។ សំរាប់​គណបក្ស​នេះ ​សមាសភាព​រដ្ឋាភិបាល​គឺ​មាន​តែ​​​វត្តមានរបស់​​អ្នក​នយោបាយ​តែ​ប៉ុណ្ណោះ​​។​

ទន្ទឹម​នេះ​ដែរ​ មាន​ពាក្យ​ចចាម​អារាម​​​លេច​លឺ​មក​ថា គណបក្ស​សមាជ​​​​​ដើម្បី​សធារណរដ្ឋ ​និន្នាការ​​កណ្តាល​ឆ្វេង​និយម ដែល​ជា​​ដៃ​គូ​សំខាន់​​របស់​គណបក្ស​កាន់​អំណាច​ ប្រហែល​ជា​អាច​រុញច្រាន​ពួក​អ៊ីស្លាម​និយម អោយ​​​​​​​កំណត់​អោយ​ច្បាស់​​ឡើង​វិញ​នូវ​អ្វី​ដែល​ហៅ​ថា​រដ្ឋាភិបាល​ចំរុះ មុន​នឹង​​ពិភាក្សា​គ្នា​លើ​បេក្ខភាព​​សំរាប់​​​តំណែង​សំខាន់​ នៅ​ក្នុង​ក្រសួង​នានា។

 
តាំង​​ពី​មាន​​ការ​​បាញ់​សំលាប់​​មេដឹកនាំ​គណបក្ស​ប្រឆាំង​មួយ​រូប​​ នៅ​​ដើម​ខែ​កុម្ភៈ​​មក ស្ថានភាព​នយោបាយ​​ក្នុង​ប្រទេស​ កាន់​តែ​មាន​សភាព​ដុន​ដាប។ លើស​ពី​នេះ ទុយនីស៊ី​កំពុង​ប្រឈម​មុខ​​នឹង​បញ្ហា​យឺតយ៉ាវ​នៃ​ការ​បង្កើត​​​ច្បាប់ ការ​ធ្លាក់​ចុះ​នៃ​វិស័យ​សេដ្ឋកិច្ច​ ព្រម​ទាំង​ការ​កើន​ឡើង​នៃ​​ចំនួន​របស់​ជន​អ៊ីស្លាម​​ជ្រុល​និយម​នៃ​ចលនា​ជីហាដ​ ដែល​ជា​ការ​​​គំរាម​កំហែង​ដល់​សន្តិសុខ​​​ក្នុង​ប្រទេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ