អានតួអត្ថបទ
ចិន-រុស្ស៊ី

ទស្សនកិច្ច​រដ្ឋមន្ត្រី​​ការបរទេស​រុ​ស្ស៊ី​នៅ​ប្រទេស​ចិន​

តាមសេចក្តី​អញ្ជើញ​នៃ​រដ្ឋមន្ត្រី​ការបរទេស​ចិន​ លោក​ Yang Jiechi ​ប្រមុខ​ការទូត​រុស្ស៊ី ​លោក Serguei Lavrov ​នៅ​ថ្ងៃ១០​និង​១១ឧសភា ​បាន​បំពេញ​ទស្សនកិច្ច​នៅក្រុង​ប៉េកាំង។​ លោក ​Lavrov​ បាន​ធ្វើ​កិច្ចចរចា​ជាមួយ​សមភាគី​ចិន​ដើម្បី​រៀបចំ​ទស្សនកិច្ច​ថ្ងៃមុខ​របស់​លោក​ប្រធានាធិបតី​រុស្ស៊ី​ ពូទីន​ នៅប្រទេស​ចិន​ព្រមទាំង​បាន​ចូលរួម​ក្នុង​ជំនួប​ជាន់ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​នៃ​”អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ”។

លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន​ ​Yang​ Jiechi​ និង​សមភាគី​​រុស្ស៊ី​​ លោក ​Serguei Lavrov​
លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន​ ​Yang​ Jiechi​ និង​សមភាគី​​រុស្ស៊ី​​ លោក ​Serguei Lavrov​ © កែវ​ ឆាយា
ផ្សាយពាណិជ្ជកម្ម

អំពី​ទស្សនកិច្ចនេះ​ កាសែត​ដ៏ធំ​បំផុត​នៃ​ប្រទេស​ចិន​ គឺកាសែត​ Zhenminh Zhibao ​កត់​សម្គាល់​ថា ​ក្រោយពី​បាន​ឡើងកាន់​តំណែង​ជា ​ប្រធានាធិបតី​វិញភ្លាម​ លោកពូទីន​បញ្ជូន​ រដ្ឋមន្ត្រី​ការបរទេស​ខ្លួន​ ឲ្យមក​កាន់​ក្រុង​ប៉េកាំង​ ដើម្បី​រៀបចំ​ទស្សនកិច្ច​របស់​គាត់​ផ្ទាល់​នៅ ប្រទេស​ចិន​ក្នុងខែ​មិថុនា​ខាងមុខ​ទៅហើយ​ ហេតុ​ដែល​ឲ្យឃើញ​ពី​ភាព​កក់ក្តៅ​កម្រិត​ខ្ពស់​នៃ​ទំនាក់​ទំនង​ចិន-រុស្ស៊ី។

 
នាកិច្ចចរចា​ដែលបាន​ប្រព្រឹត្ត​ទៅ ​ទាំង​លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន​ Yang Jiechi ទាំង​សមភាគី​រុស្ស៊ី​ លោក ​Serguei Lavrov ​សុទ្ធតែ​បាន​ឲ្យតម្លៃ​ខ្ពស់​ដូចគ្នា​ដល់​ការអភិវឌ្ឍន៍​ជា​វិជ្ជមាន​នៃ​ទំនាក់​ទំនង​លើគ្រប់​វិស័យ​រវាង​មហាប្រទេស​ទាំង២​ជិតខាងគ្នា​ ក្នុង​ស្មារតី​នៃ​សហប្រតិបត្តិការ​និង​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​ដែល​រួមវិភាគទាន​កាន់តែ​សំខាន់​ឡើង​ទៅក្នុង​ការជួយថែ​រក្សា​សន្តិភាព​ សន្តិសុខ​ ស្ថិរភាព​ នៅ​តំបន់​និង​ក្នុង​លោកទាំងមូល។

ក្នុងផ្ទៃ​នៃ​ស្ថានការណ៍​អន្តរជាតិ​ដ៏ស្មុគស្មាញ​ចិន​និង​រុស្ស៊ី​យល់ថា​ ត្រូវតែ​បន្ត​ប្រកាន់​ខ្ជាប់​ឥត​ល្អៀង​ឡើយ ​នូវ​លក្ខន្តិកៈ​របស់​អ.ស.ប​. និង​បទដ្ឋាន​ធំៗ​ជាគោល​នៃច្បាប់​អន្តរជាតិ​ហើយ​ជម្រុញ​ដល់​ការកសាង​ពិភពលោក​ពហុប៉ូល។

អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់​ ចិន​និង​រុស្ស៊ី បាន​បញ្ជាក់​ជាថ្មីថា​ បញ្ហានេះ​អាច​ដោះស្រាយ​ទៅកើត​គឺ ​តែតាម​ផ្លូវ​នយោបាយ​ការទូត​ប៉ុណ្ណោះ។

អំពី​ស្ថានការណ៍​នៅស៊ីរី​ ភាគីចិន​និង​រុស្ស៊ី​ដែល​សុទ្ធតែ​គាំទ្រ​ដល់​ការខំ​ប្រឹងប្រែង​ជាអន្តរការី​របស់​លោក​ កូហ្វ៊ីអាណាន់​ ឯកភាព​គ្នាថា ​បញ្ហានេះ​ត្រូវដោះ​ស្រាយ​តែដោយ​សន្តិវិធី​តាមរយៈ​ការគោរព​ដោយ​ គ្រប់​ប្រទេស​ចំពោះ​ឯករាជ្យ ​អធិបតេយ្យ ​បូរណភាព​ដែនដី​ របស់​ស៊ីរី។

ចំណែក​ប្រមុខ​ការទូត​រុស្ស៊ី ​ថែមទាំង​លម្អិត​ថា​ ទីក្រុង​ម៉ូស្គូ​ នឹង​ពុំចុះញ៉ម​ទៅតាម​ការ​គាប​​សង្កត់​ពីក្រៅ​ឡើយ​ ហើយពុំ​ផ្លាស់ប្តូរ​គោលជំហរ​ខ្លួនឡើយ​ចំពោះ​បញ្ហាស៊ីរី។
អំពី​ជំនួប​ក្នុងជាន់​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​ នៃ​”អង្គការ​សហប្រតិបត្តិការ​ក្រុងសៀងហៃ​” ដែល​ប្រព្រឹត្ត​ទៅថ្ងៃ​១១ឧសភា​នេះ​ នៅ​ក្រុងប៉េកាំង​នោះ​ តាមប្រសាសន៍​លោក​ប្រមុខការទូត​រុស្ស៊ី ​ការដែល​ប្រទេស​អាហ្វហ្កានីស្ថាន​ទទួល​ឋានៈ​ជា​អ្នក​សង្កេតការណ៍​នៅ​អម​អង្គការនេះ​ គឺសឲ្យ​ឃើញ​ពីភាព​ត្រៀមខ្លួន​របស់​អង្គការ ​ជួយ​ជ្រោមជ្រែង​ក្នុង​ស្មារតី​ស្ថាបនា​ដល់ការ​ខំ​ប្រឹងប្រែង​ របស់​សហគមន៍​អន្តរជាតិ​ ខាងស្តារ​ឲ្យរស់​ឡើងវិញ​វិស័យ​នយោបាយ​និង​សេដ្ឋកិច្ច​របស់​ប្រទេសនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ