អានតួអត្ថបទ
រុស្ស៊ី អាមេរិក

រុស្ស៊ី​កាត់​បន្ថយ​សព្វាវុធ​បរមាណូ​របស់​ខ្លួន​បាន​ លឿន​ជាង​អាមេរិក

ដំណឹង​ដែល​ទើប​ប្រកាស ដោយ​ក្រសួង​ការបរទេស​អាមេរិកាំង គឺ​បាន​ត្រូវ មធ្យោបាយ​ឃោសនា​មហាជន​រុស្ស៊ី លើក​យក​មកផ្សាយ​ព្រោងព្រាត នៅថ្ងៃព្រហស្បតិ៍ ទី ២ មិថុនា​នេះ។ ដោយ​បំពេញ​តាម​សន្ធិ​សញ្ញា​ទ្វេភាគី ដែលបាន​ចូល​ជា​ធរមាន កាលពី​ដើមឆ្នាំ​នេះ រុស្ស៊ី​កាត់បន្ថយ​ឃ្លាំង​អាវុធ​បរមាណូ​ខ្លួន លុះទាល់​តែ​ឥឡូវ មាន​ទំហំ​១/៣​តិចជាង​អាមេរិក។

ប្រធានាធិបតី​អាមេរិកាំង ប្រធានាធិបតី​រុស្ស៊ី ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​កាត់​បន្ថយ​អាវុធ​នុយក្លេអ៊ែរ នៅឆ្នាំ ២០០៩
ប្រធានាធិបតី​អាមេរិកាំង ប្រធានាធិបតី​រុស្ស៊ី ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​កាត់​បន្ថយ​អាវុធ​នុយក្លេអ៊ែរ នៅឆ្នាំ ២០០៩ ©REUTERS/Jason Reed
ផ្សាយពាណិជ្ជកម្ម

ស្របនឹង​ទិន្នន័យ ចេញ​ដោយ​ក្រសួង​ការបរទេស​អាមេរិកាំង ខាង​ក្បាល​រំសេវ​នុយក្លេអ៊ែរ ដែល​កំពុង​បំពាក់​នៅ​នឹង​កាំជ្រួច​មីស្ស៊ីល​អន្តរទ្វីប ឥឡូវ​រុស្ស៊ី មាន​ចំនួន ១.៥៣៧ក្បាល។ ចំណែក​អាមេរិក​វិញ ឥឡូវ​មានក្បាល​បែបនេះ ដល់​ទៅ ១.៨០០ក្បាល។ ខាង​កាំជ្រួច​មីស្ស៊ីល​អន្តរទ្វីប​ផ្ទាល់ ដែល​ដំឡើង ជាស្រេច​ឲ្យ​នៅ​ប្រចាំការ សម្រាប់​បាញ់​ចេញ តែម្តង ដោយ​ពាំ​ផ្ទុក​ទៅដោយ​ក្បាល​រំសេវ​នុយក្លេអ៊ែរ​នោះ រុស្ស៊ី មាន ៥២១ដើម, អាមេរិក មាន​ដល់ ៨៨២ដើម។ ខាង​ចំនួន​សរុប​នៃ​ទីតាំង សម្រាប់​បាញ់​ចេញ​នូវ​កាំជ្រួច​មីស្ស៊ីល​អន្តរទ្វីប គឺថា ទាំងកាំជ្រួច​ដាក់​ឲ្យ​ប្រចាំការ ជាស្រេច ទាំង កាំជ្រួច​ស្ថិតនៅ ក្នុង​ភាពបម្រុង រុស្ស៊ី មាន​ចំនួន ៨៦៥ ដើម ចំណែក​ អាមេរិក មាន​ដល់១.១២៤ ទីតាំង។

ជា​ការរំលឹក ស្រប​នឹង​សន្ធិសញ្ញា​ថ្មី ចុះ​កាលពីថ្ងៃ ៨​មេសា ឆ្នាំ២០១០ នៅឯក្រុង ប្រាក​(Prague) ដោយ លោកប្រធានាធិបតី អូបាម៉ា និងលោកប្រធានាធិបតី មេដវេដេវ​ ហើយ​ដែលបាន​ចូល ជា​ធរមាន នាថ្ងៃ ៥កុម្ភៈ ឆ្នាំ២០១១នេះ សម្រាប់​រយៈពេល​១០ឆ្នាំ​ទៅមុខ ក្រោយ​ពី​វា​បាន​ទទួល ការ​ឲ្យ​សច្ចាប័ន​ដោយ​រដ្ឋសភា​ប្រទេស​ទាំងពីរ ស.រ.អា និង រុស្ស៊ី ត្រូវ​កាត់បន្ថយ ក្នុង ៧ឆ្នាំ​ទៅមុខ ឲ្យ​នៅសល់​សម្រាប់​ម្ខាងៗ គឺ៖

-ខាងក្បាល​រំសេវ​នុយក្លេអ៊ែរ ឲ្យ​ចុះ​ដល់​ចំនួនតិចជាង ១.៥៥០ ក្បាល។
-ខាងកាំជ្រួច​មីស្ស៊ីល​អន្តរទ្វីប​ផ្ទាល់ សម្រាប់​បាញ់​ពាំផ្ទុក​ទៅដោយ​ក្បាលនោះ គឺ​ឲ្យ​នៅ​សល់ ក្នុងចំនួន តិចជាង ៨០០​ដើម។

ទាក់ទង​នឹង​ការចេញផ្សាយ​នៃ​របាយការណ៍​ក្រសួង​ការបរទេស​អាមេរិក​នោះ ប្រធាន “សមាគម​អាមេរិកាំង​ខាង​ត្រួតពិនិត្យ​លើ​សព្វាវុធ“ លោក Tom Collin បាន​ថ្លែង​ជាអាទិ៍ ថា- “ទិន្នន័យ​ដែលមាន​បោះផ្សាយ​នេះ ស​ឲ្យ​ឃើញ​ថា សន្ធិសញ្ញា​នោះ​កំពុង​ដំណើរការ​មែន។ ភាគី​រុស្ស៊ី ចេះ​កំទេច​ក្បាល​រំសេវ​នុយក្លេអ៊ែរ​របស់ខ្លួន​អស់​រាប់រយ​ក្បាល​ទៅហើយ ក្បាល​ដែល កាល​មុន​សុទ្ធតែ តម្រង់​ទៅលើ​ដែនដីស.រ.អា.។ នេះ​ជា​ដំណឹងល្អ សម្រាប់ សន្តិសុខ​ស.រ.អា។ បើ​រុស្ស៊ី ចេះ​ពន្លឿន​យ៉ាងនេះ នូវ​ការកាត់បន្ថយ សព្វាវុធ​បរមាណូ​របស់ខ្លួន   នោះ​ភាគី​អាមេរិក ក៏​គប្បី ពន្លឿន​ទៅដែរ ដំណើរ​កាត់បន្ថយ សព្វាវុធ​ធុននេះ​របស់ខ្លួន”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ