អានតួអត្ថបទ
រុស្ស៊ី

តើ​រុស្ស៊ី​ជា​អ្នក​សង្កេត​ការណ៍​ចាំទាញ​យក​ផល​ប្រយោជន៍​ឬ?

សម្រង់​ទស្សនៈ​សារពត៌មាន​រុស្ស៊ី​ថ្ងៃ​នេះ ​អំពី​គោលជំហរ​រុស្ស៊ី នៅ​ពី​មុខ​ការ​វាយប្រហារ​នៃ​កងកម្លាំង​អាកាស​របស់​សម្ព័ន្ធភាព​ប្រទេស​លោក​ ខាង​លិច ទៅ​លើ​ប្រទេស​លីប៊ី ស្រប​នឹង​សេចក្តី​សម្រេច​លេខ​១៩៧៣​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​ សហប្រជាជាតិ។

ពួក​អ្នក​បះបោរ​រីក​រាយ​ស្វាគមន៍នៅ​ពេល​ឃើញ​កងទ័ព​សម្ព័ន្ធ​មិត្ត​​ទម្លាក់​គ្រាប់​បែកលើ​យោធា​លីប៊ី
ពួក​អ្នក​បះបោរ​រីក​រាយ​ស្វាគមន៍នៅ​ពេល​ឃើញ​កងទ័ព​សម្ព័ន្ធ​មិត្ត​​ទម្លាក់​គ្រាប់​បែកលើ​យោធា​លីប៊ី Reuters/Goran Tomasevic
ផ្សាយពាណិជ្ជកម្ម
02:43

សេចក្តី​រាយការណ៍​របស់ កែវ ឆាយា ពីទីក្រុង​ម៉ូស្គូ

ទស្សនៈ​សារពត៌មាន បើក​ដោយ​ឃ្លា​ដែល​ថា រុស្ស៊ី​ដូច​ចិន​អ៊ីចឹង មិន​ទោមនស្ស​ទេ​នឹង​សកម្មភាព​ដែល​កំពុង​ធ្វើ​ដោយ​កងកម្លាំង​សម្ព័ន្ធភាព​នោះ ទាំង​រក្សា​ទុក​នូវ​គោលជំហរ​អព្យាក្រឹត​ដែល​អនុគ្រោះ។

កាសែត​Kommersant លើក​មក​ចុះ​ផ្សាយ​សំដី​គូ​សន្ទនា​ខ្លួន​នៅ​ឯ​ខុទ្ទកាល័យ​ប្រធានាធិបតី​រុស្ស៊ី​ដែល​ថា ៖
- ម៉ូស្គូ​ពេល​គាំទ្រ​​សេចក្តី​សម្រេច​នោះ​របស់​អ.ស.ប. ​គឺ​បាន​ប្រឆាំង​នឹង​សេណារីយោ ដែល​ឥឡូវ​ត្រូវ​គេ​អនុត្ត​នៅ​លីប៊ី។ មួយ​ចំណែក ម៉ូស្គូ​បន្ត​ដាក់​ទណ្ឌកម្ម​លើ​​របប​កាដាហ្វី​នៅ​លីប៊ី។ មួយ​ចំណែក​ទៀត ​ម៉ូស្គូ​មិន​សាទរ​ទេ​ចំពោះ​យន្តការ​ប្រើ​កម្លាំង​អាវុធ​ដើម្បី​ដោះស្រាយ​ទំនាស់​ក្នុង​ប្រទេស​នោះ។

-នៅ​ពី​មុខ​រុស្ស៊ី ដូច​ជា​នៅ​ពី​មុខ​អាល្លឺម៉ង់​ដែរ ដែល​ទប់​ខ្លួន​មិន​ចូលរួម​ក្នុង​យន្តការ​ប្រើ​កម្លាំង​នោះ ​មាន​លេច​ចេញ​មក​ជា​សំណួរ ៖ តើ​បន្ទាប់​ពី​ប្រតិបត្តិការ​យោធា​នេះ ស្ថានការណ៍​បែប​ណា​ដែល​នឹង​កើត​មាន​ឡើង? តើ​ភាគី​ប្រឆាំង​នៅ​លីប៊ី ដែល​ពួក​ប្រទេស​ខាង​លិច​ខំ​លូក​ដៃ​ទៅ​កាន់​ជើង​នោះ គេ​ជា​នរណា? ចម្លើយ​តប​នឹង​សំណួរ​ទាំងនេះ ទាំង​រុស្ស៊ី ទាំង​អាល្លឺម៉ង់ មិន​បាន​ឮ​ឯ​ណា!

កាសែត​មួយ​ទៀត​នៃ​មជ្ឈដ្ឋាន​Business​រុស្ស៊ី ឈ្មោះ Vedomosti ចាប់​អារម្មណ៍​ទៅ​លើ​ចំណុច​មួយ​នៃ​សេដ្ឋកិច្ច​លីប៊ី ​គឺ​ថា​ក្នុង​រយៈពេល​ជាង​មួយ​ខែ​កន្លង​ទៅ តាំងពី​មាន​ផ្ទុះ​ឡើង ជា​សង្គ្រាម​ស៊ីវិល​មក​ រោងចក្រ​២​ដ៏​ធំ​ជាង​គេ​ខាង​ចម្រាញ់​ប្រេងកាត ដែល​ធ្លាប់​ធានា​បាន ៨៨%​នៃ​តម្រូវការ​ក្នុង​ប្រទេស​លែង​ដំណើរការ​ទៅ​ហើយ ក៏​ដូច​ជា​កំពង់​ផែ​នានា​ជា​មូលដ្ឋាន​ខាង​នាំ​ប្រេងកាត​ចេញ​ទៅ​ក្រៅ។

កាសែត Novy Izvestia លើក​យក​មតិ​ពួក​អ្នក​ជំនាញការ​យោធា មក​ចុះ​ផ្សាយ​ថា ៖ ទ័ព​កាដាហ្វី គ្មាន​លទ្ធភាព​បង្ក​ជា​ការ​ខូចខាត​អ្វី​ណា​ជា​ដុំ​កំភួន​ឡើយ ដល់​កងកម្លាំង​សម្ព័ន្ធ​ប្រទេស​ខាង​លិច។​ពីព្រោះ​វិសមភាព​រវាង​កម្លាំង​ទាំង​២​នេះ ​គឺ​ប្រៀប​បាន​មេឃ​និង​ដី។ កាដាហ្វី​មាន​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ទន់ខ្សោយ និង​យន្តហោះ​ចម្បាំង​ត្រឹម​ស្រករ​ទី​៣។ ចំណែក​ស.រ.អា​និង​ប្រទេស​សម្ព័ន្ធមិត្ត មាន​យន្តហោះ​សុទ្ធ​តែ​ស្រករ​ទី​៤​និង​ទី​៥។ បើសាច់រឿង​ចូល​ដល់​ការ​ប្រយុទ្ធ​គ្នា​លើ​ដី ទ័ព​កាដាហ្វី​ប្រហែល​ជា​អាច​ត​ដៃ​បាន​យ៉ាង​សក្តិសម ប៉ុន្តែ​សេចក្តី​សម្រេច​លេខ​១៩៧៣ ហុច​សិទ្ធិ​ដល់​កម្លាំង​សម្ព័ន្ធ​ប្រទេស​ខាង​លិច ឲ្យ​វាយ​ប្រហារ​តែ​ពី​លើ​អាកាស ប៉ុណ្ណោះ​ដើម្បី​ការពារ​បណ្តាជន​ស្លូតត្រង់។

បណ្ឌិត​សាស្ត្រាចារ្យ ខាង​ប្រវត្តិសាស្ត្រ​នយោបាយសាស្ត្រ និង​ច្បាប់​បូព៌ា​ប្រទេស លោកស្រី Elena Melkoumian បាន​ថ្លែង​ទៅ​​កាសែត​ឯករាជ្យ Niezavisimaya Gazeta ថា៖ អន្តរាគមន៍​យោធា​ពួក​មហាអំណាច​ខាង​លិច នឹង​បន្សោយ​មែនទែន ទីតាំង​របស់ ទ័ព​កាដាហ្វី លុះ​ទាល់តែ​ជួយ​ឲ្យ​កម្លាំង​បះបោរ​នៅ​លីប៊ី​ផ្តួល​របប​នេះ​ក្នុង​ពេល​ខាង​មុខ​ពុំ​ខាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ