អានតួអត្ថបទ
កម្ពុជា

លោក សម រង្ស៊ី រក​សំឡេង​ឆ្នោត​ពី​សហគមន៍​ខ្មែរ​អ៊ីស្លាម

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម​ចូលរួម​គាំទ្រ​ និង​បោះឆ្នោត​ជូន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខែកក្កដា​ឆ្នាំ ២០១៣ខាងមុខ។ ការអំពាវនាវ​នេះ​ បាន​ធ្វើឡើង​តាមរយៈ​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក​របស់ខ្លួន​ដែលជា​ជនជាតិខ្មែរ​អ៊ីស្លាម​កាលពី​រសៀល​ថ្ងៃ​សៅរ៍​ម្សិលមិញ។ តាមរយៈ Video Conference លោក​ សម រង្ស៊ី ​បាន​សន្យាថា ក្នុងករណី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​លោក​នឹង​ការពារ​អត្តសញ្ញាណ​របស់​ជនជាតិ​អ៊ីស្លាម​នៅ​កម្ពុជា​មិន​ឲ្យ​បាត់បង់​ទឹកដី​ដូច​ប្រទេស​ចម្ប៉ាកាលពី​អតីតកាល​ឡើយ។

ពិធី​សំណេះសំណាល​ជាមួយ​សមាជិកបក្ស​សង្គ្រោះជាតិ​ ជា​ជនជាតិខ្មែរ​អ៊ីស្លាម​
ពិធី​សំណេះសំណាល​ជាមួយ​សមាជិកបក្ស​សង្គ្រោះជាតិ​ ជា​ជនជាតិខ្មែរ​អ៊ីស្លាម​ © ចាន់ណា/rfi
ផ្សាយពាណិជ្ជកម្ម

ការបាត់បង់​ទឹកដី​ប្រទេស​ចម្ប៉ាពី​អតីតកាល​ គឺជា​អ្វីដែល​លោក​ សម រង្ស៊ី បានលើកឡើង​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ខ្មែរ​អ៊ីស្លាម។ លោក​បន្តថា ទឹក​នេះ​បាន​បាត់បង់​ដោយសារ​វៀតណាម​លេប​ត្របាក់​យក។ មេដឹកនាំ​បក្សប្រឆាំង​បាន​ចោទ​រដ្ឋាភិបាល​សព្វថ្ងៃ​ថា បាន​បើក ដៃ​ឲ្យ​ជនជាតិ​វៀតណាម​ឲ្យ​ចូលមក​លេប​ត្របាក់​ទឹកដី​ខ្មែរ​បន្តទៀត​តាមរយៈ​ការហូរចូល​នៃ​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់ និង​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឲ្យ​ទៅ​ក្រុមហ៊ុន វៀតណាម​ជាដើម។

ថ្លែង​ពី​ប្រទេស​បារាំង​តាមរយៈ  Video Conference លោក​សម រង្ស៊ី​បាន​អះអាង​នៅ​ចំពោះមុខ​សមាជិក​របស់ខ្លួន​ដែលជា​ជនជាតិខ្មែរ​អ៊ីស្លាម​ថា ក្រោយ​ការបោះឆ្នោត ខែកក្កដា ឆ្នាំ២០១៣ គណបក្ស​សង្គ្រោះ​ជាតិ​និង​ឈ្នះឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​ថ្មី។ លោក​សន្យា​រក្សា​អត្តសញ្ញាណ​របស់​ប្រជាពលរដ្ឋ​ខ្មែរអ៊ីស្លាម​ឲ្យ​បាន និង​ធានា​ឲ្យ​មាន​ការគោរព​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​ទៀត ផង។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​និរទេស​ខ្លួន​ដោយ​ខ្លួនឯង​ទៅ​ក្រៅប្រទេស​បាន​ជំរុញ​ឲ្យ​សកម្មជន​ខ្មែរ​អ៊ីស្លាម​ទាំងអស់​ជួយ​បំផុស​ចលនា​ឲ្យ​មានការ​គាំទ្រ​បន្ថែមទៀត​ដល់​គណបក្ស​សង្គ្រោះ​ជាតិ។

ពិធី​សំណេះសំណាល​នេះ​បាន​ប្រព្រឹត្តទៅ ​កាលពី​រសៀល​ថ្ងៃទី២២ធ្នូ​ម្សិលមិញ ​នៅឯ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ក្រុងភ្នំពេញ ដោយមាន​ជនជាតិខ្មែរ​អ៊ីស្លាម​ជាច្រើន​ចូលរួម។ ពួកគេ​មកពី​ភ្នំពេញ ខេត្តកណ្តាល តាកែវ កំពត ពោធិ៍សាត់ កំពង់ឆ្នាំង និង​កំពង់ចាម  ដែល​សុទ្ធតែជា សមាជិក និង​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ មេដឹកនាំ​ខ្មែរ​អ៊ីស្លាម​នៅ​កម្ពុជា​មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ​នៅថ្ងៃនេះ ។ ប៉ុន្តែ លោក ឧស្មាន់ ហាសាន់ មេដឹកនាំ​អ៊ីស្លាម​ម្នាក់ និង​ជា​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​ធ្លាប់មាន​ប្រសាសន៍ថា ខ្មែរ​អ៊ីស្លាម​បានទទួល​ការយកចិត្ត​ទុក​ដាក់​យ៉ាងខ្លាំង​ពី​រដ្ឋាភិបាល ហើយ​ពួកគេ​កំពុង​ទទួលបាន​ផ្លែផ្កា​ពី​សន្តិភាព​នៅក្នុង​ប្រទេស។ ដូច្នេះ ពួកគេ​គាំទ្រ​គណបក្សកាន់អំណាច។

យ៉ាងណាក៏ដោយ ខ្មែរ​អ៊ីស្លាម​មួយចំនួន​ដែល​ចូលរួម​ស្តាប់​ការ​សំណេះសំណាល​របស់លោក​ស​ម រង្ស៊ី​កាលពី​ថ្ងៃ​ម្សិលមិញ​គឺជា​សមាជិក និង​សកម្មជន​របស់​បក្សប្រឆាំង។ លោក​សម រង្ស៊ី ទោះជា​ត្រូវ​តុលាការ​កម្ពុជា​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​ជាង១០ឆ្នាំ​ក្នុង​ជម្លោះ​បញ្ហា​ព្រំដែន និង​បើទោះជា​ត្រូវបាន​គេ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​ហើយក៏​ដោយ ក៏​នៅតែ​បន្ត​ស្វែងរក​សំឡេងគាំទ្រ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដដែល។ ខ្មែរ​អ៊ីស្លាម​គឺជា​គោលដៅ​មួយ​សម្រាប់​ទាក់ទាញ​សន្លឹកឆ្នោត​ដែល​លោក​សម រង្ស៊ី​មិនបាន​មើលរំលង​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ