អានតួអត្ថបទ
កម្ពុជា

លោកកឹម សុខា​ផ្តាច់ខ្លួន​ចូល​គណបក្ស​សង្គ្រោះជាតិ​នៅ​ខែ​មេសា

គណបក្ស​សិទ្ធិមនុស្ស និង​គណបក្ស​សង្គ្រោះជាតិ​នឹង​រៀបចំ​សមាជ​វិសាមញ្ញ​នៅ​ដើម​ឆ្នាំ​២០១៣​នេះ ដើម្បី​រៀបចំ​សមាសភាព​ផ្លូវការ​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​កើត​ចេញ​ពីការ​រួមគ្នា​រវាង​គណបក្ស​ប្រឆាំង២​គឺគណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស។ លោកកឹម សុខា​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស​នឹង​ផ្តាច់​ខ្លួន​ជា​ផ្លូវការ​ពីគណបក្ស​សិទ្ធិមនុស្ស​ដើម្បី​ទៅ​ជួយ​លោក​សម រង្ស៊ី​នៅ​ខែ​មេសា​ខាងមុខ​នេះ។

លោក​សម រង្ស៊ី និង​លោក​កឹម សុខា
លោក​សម រង្ស៊ី និង​លោក​កឹម សុខា ©ម៉េងហួរ/RFI
ផ្សាយពាណិជ្ជកម្ម

គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​សមាជ​ថ្នាក់ជាតិ​លើក​ដំបូង​របស់​ខ្លួន​នៅ​ដើម​ខែ​មេសា​ឆ្នាំ​ក្រោយ​នេះ​ហើយ ដើម្បី​បង្ហាញ​​រចនាសម្ព័ន្ធ​ផ្លូវការ​ នៅ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​ដែល​នឹង​ប្រព្រឹត្តិទៅ​នៅ​ថ្ងៃទី​២៨​ខែកក្កដា​នោះ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក​យ៉ែម បុញ្ញឬទ្ធិ អគ្គលេខាធិការ​គណបក្ស​សិទ្ធិមនុស្ស។ អ្នក​តំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង​រូប​នេះ​បាន​អះអាង​ប្រាប់​វិទ្យុបារាំងអន្តរជាតិ​នៅ​ថ្ងៃនេះ​បន្ថែម​ថា លោក​កឹម សុខា​នឹង​ផ្តាច់​ខ្លួន​ពី​គណបក្ស​សិទ្ធិមនុស្ស ហើយ​នឹង​ចូលរួម​ទៅ​ក្នុង​គណបក្ស​សង្គ្រោះជាតិ​ជួយ​លោក​សម រង្ស៊ី​នៅ​ពេល​ដែល​មាន​សមាជ​របស់​គណបក្ស​សង្គ្រោះជាតិ​នោះ​តែ​ម្តង។

ក្នុង​ន័យ​នេះ បើ​តាម​ការ​ពន្យល់​របស់​លោក​យ៉ែម បុញ្ញឬទ្ធិ​ដដែល គណបក្ស​សិទ្ធិមនុស្ស​របស់​លោក​ក៏​នឹង​រៀបចំ​សមាជ​វិសាមញ្ញ​នៅ​អំឡុង​ខែ​មេសា​នោះ​ដែរ ដើម្បី​ជ្រើសរើស​រចនាសម្ព័ន្ធ​ថ្មី​របស់​គណបក្ស​សិទ្ធិមនុស្ស។ ពីព្រោះ​ថា ថ្នាក់​ដឹកនាំ​ភាគច្រើន​នឹង​ផ្តាច់​ខ្លួន​ចេញ​ពី​គណបក្ស​សិទ្ធិមនុស្ស​នេះ ដើម្បី​ទៅ​ចូល​រួម​ក្នុង​គណបក្ស​ថ្មី គណបក្ស​សង្គ្រោះជាតិ​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស។

បើ​តាម​គម្រោង​រចនាសម្ព័ន្ធ​នៃ​គណបក្ស​សង្គ្រោះជាតិ​ដែល​ដឹកនាំ​ដោយ​លោក​សម រង្ស៊ី ហើយ​​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ក្រសួង​មហាផ្ទៃ​ហើយ​នោះ លោក​កឹម​សុខា​នឹង​ត្រូវ​ធ្វើ​ជា​អនុប្រធាន​របស់​លោក​សម រង្ស៊ី ដែល​មិន​ទាន់​មាន​ពន្លឺ​នៃ​លទ្ធភាព​ថា អាច​ត្រឡប់​ចូល​ក្នុង​ប្រទេស​កម្ពុជា​បាន​នៅ​ពេល​ណា​នោះឡើយ។ អគ្គលេខាធិការ​គណបក្ស​សិទ្ធិមនុស្ស​លោក យ៉ែម បុញ្ញឬទ្ធិ​បាន​រៀប​រាប់​អោយ​ដឹង​ថា សព្វ​ថ្ងៃ​នេះ ទាំង​ថ្នាក់ដឹកនាំ​គណបក្ស​សម រង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស ពួក​គេ​បាន​ធ្វើ​សកម្មភាព​​នយោបាយ​ច្រើន​ដើម្បី​គណបក្ស​សង្គ្រោះជាតិ។

នៅ​ក្នុង​សប្តាហ៍​នេះ លោក​កឹម សុខា​នឹង​ដឹកនាំ​មេឃុំ​របស់​គណបក្ស​សិទ្ធិមនុស្ស​២​រូប​ទៅ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​បារាំង។ នៅ​ក្នុង​ប្រទេស​បារាំង​នោះ​ហើយ ដែល​លោក​កឹម​សុខា​នឹង​ជួប​ពិភាក្សា​ការងារ​គណបក្ស​សង្គ្រោះជាតិ​ជាមួយ​លោក សម រង្ស៊ី នេះ​បើ​តាម​ការ​អះអាង​របស់​លោក​យ៉ែម បុញ្ញឬទ្ធិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ