អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រដ្ឋាភិបាល​ស៊ីរី​លេង​ស្នៀត ដក​ថយ​ផង និង​វាយ​ប្រហារ​ផង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃអង្គារ​ទី ១០​មេសានេះ ជាថ្ងៃ​កំណត់​ដែលរ​​ដ្ឋាភិបាល​ស៊ីរី​​ត្រូវ​ដកកង​ទ័ព​របស់ខ្លួន​ចេញ​ឲ្យ​អស់​ពី​ទីក្រុង​នានា នៅប្រទេស​ស៊ីរី ដើម្បី​បញ្ឈប់​អំពើ​ហិង្សា ទៅតាម​ផែនការ​ស្នើឡើង​ដោយ​លោក​កូហ្វី អាណាន់​ប្រេសិត​របស់​អង្គការ​សហប្រជាជាតិ។ នៅថ្ងៃ​ទី ២ មេសា ​ប្រធានាធិបតី​ស៊ីរី លោក​Bachar al Assad បាន​សន្យា កំណត់​យក​ថ្ងៃ​អង្គារ ទី ១០​មេសា ធ្វើ​ជា​ថ្ងៃ​ដកកងទ័ព​ពី​ទីក្រុង។ រដ្ឋមន្រ្តី​ការបរទេស​ស៊ីរី​បាន​ធ្វើ​សន្និសីទ​កាសែត ជាមួយ​ប្រមុខ​ការទូត​រុស្ស៊ី នៅទីក្រុង​ម៉ូស្គូ នៅថ្ងៃ​អង្គារ​នេះ ថា រដ្ឋាភិបាល​ស៊ីរី​បាន​ដក​កងទ័ព​បណ្តើរៗ​ចេញ​ពី​ខេត្ត​មួយ​ចំនួន។

រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី Sergei Lavrov (ស្តាំ) និង​រដ្ឋមន្រ្តីការបរទេស​ស៊ីរី​លោក​ Walid al-Moualem នៅមុន​ពេ​ល​ធ្វើ​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ម៉ូស្គូ​ថ្ងៃ​អង្គារ​ទី ១០​មេសា ២០១២
រដ្ឋមន្រ្តីការបរទេស​រុស្ស៊ី Sergei Lavrov (ស្តាំ) និង​រដ្ឋមន្រ្តីការបរទេស​ស៊ីរី​លោក​ Walid al-Moualem នៅមុន​ពេ​ល​ធ្វើ​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​ម៉ូស្គូ​ថ្ងៃ​អង្គារ​ទី ១០​មេសា ២០១២ ©​ REUTERS
ផ្សាយពាណិជ្ជកម្ម

 

នៅថ្ងៃ​ចន្ទ ទី ៩ មេសា អំពើហិង្សា បាន​​សម្លាប់​មនុស្ស​ជិត​១០០​នាក់ នៅប្រទេស​ស៊ីរី។ ជនរងគ្រោះ​ភាគច្រើន​ជា​ជនស៊ីវិល។ តាម​ក្រុមអ្នកប្រឆាំង និង​អង្គការ​ការពារ​សិទ្ធិមនុស្ស​វិញ នៅ​កន្លែង​កើតហេតុផ្ទាល់ គេមិន​​ឃើញ​រដ្ឋាភិបាល​ដក​អាវុធ​ធុនធ្ងន់ និង​រថក្រោះ​ចេញ​ពីទីក្រុង​ទេ។ នៅព្រឹកព្រលឹម ​ថ្ងៃ​អង្គារ​នេះ ដែល​ជា​ថ្ងៃ​កំណត់​ឈប់បាញ់ ទាហាន​រដ្ឋាភិបាល នៅ​តែ ប្រើរថក្រោះ​បាញ់ផ្លោង នៅខេត្ត​alep ដែល​ស្ថិតនៅ​ភាគខាងជើង​ស៊ីរី ក្បែរព្រំដែន​ជាមួយ​ប្រទេស​លីបង់។

ការបាញ់ប្រហារ​ទៅលើ​ក្រុមប្រឆាំង មាន​កាន់តែ​សន្ធឹក ចាប់តាំងពីថ្ងៃ​ទី ២​មេសា ជាថ្ងៃ​​ដែល​ លោក ប្រធានាធិបតី​ ​ Bachar al Assad​យល់ព្រម​ទទួល​យក​ផែនការ​សន្តិភាព​របស់​លោក​កូហ្វី អាណាន់។ ជារួម ក្នុង​រយៈពេល ៨ថ្ងៃ គិត​ពីថ្ងៃ​ទី ២ ដល់​ថ្ងៃ​ទី ១០ ដែល​ជា​ថ្ងៃ កំណត់​ដកកងទ័ព ទាហាន​រដ្ឋាភិបាល​ស៊ីរី​បាន​សម្រុក​វាយប្រហារ ទៅលើ​ទីក្រុង​សំខាន់ៗ ដែល​សម្បូរ​ដោយ​ក្រុមប្រឆាំង។ ដោយ​លោក​ Bachar al Assad សង្ឃឹមថា ​ក្នុង​រយៈពេល ៨ថ្ងៃ ខ្លួន​នឹង​ទទួល​ជ័យជំនះ​លើ​ក្រុមប្រឆាំង​បះបោរ​ស៊ីរី។

កាលពីថ្ងៃ​ចន្ទម្សិលមិញ គឺ​នៅមួយ​ថ្ងៃ​មុន ថ្ងៃ​កំណត់​ដកកងទ័ព​ទៅតាម​ផែនការ​ស្នើ​ឡើង​ដោយ​លោក​កូហ្វី អាណាន់ របប​ស៊ីរី​បានទាមទារ​ឲ្យ​អង្គការ​សហប្រជាជាតិ​ដាក់​សម្ពាធ​​លើ​ក្រុមប្រឆាំង។ រដ្ឋាភិបាល​ស៊ីរី​និយាយ​ថា ខ្លួន​ព្រម​ដកទ័ព ចេញពី​ទីក្រុងHoms ឬ​Hana​ដរាបណា​ក្រុមចលនា​ទាហាន​ស៊ីរី​សេរី ព្រម​សរសេរ​លាយល័ក្ខ​អក្សរ​ថា ខ្លួន​ព្រម​ទម្លាក់​អាវុធ ហើយ​ប្រទេស​កាតារ និង​អារ៉ាប៊ី សាអ៊ូឌីត​សន្យា​លែង​ផ្តល់​អាវុធ​ដល់​ក្រុមប្រឆាំង​ស៊ីរី​តទៅទៀត។

គួរដឹងថា កន្លងមក ចលនា​ទាហាន​ស៊ីរី​សេរី បាន​យល់ព្រម​តាម​ផែនការ​សន្តិភាព​របស់​លោក​កូហ្វី អាណាន់ គឺ​គេ​បញ្ឈប់​បាញ់តបត​រដ្ឋាភិបាល ប៉ុន្តែ ក្រុមប្រឆាំង​បាន​បដិសេធ​ដាច់អហង្ការ​មិន​ចរចា​ជាមួយ​រដ្ឋាភិបាល ហើយ​ក៏មិនព្រម​ធ្វើ​លិខិត​ទៅតាម​ការទាមទារ​របស់​របប​ស៊ីរីដែរ។

នៅថ្ងៃ​ចន្ទ​ម្សិលមិញ គឺ​នៅមួយ​ថ្ងៃ​មុន​ការកំណត់​ឈប់បាញ់ មាន​ដំណឹង​ថា មាន​មនុស្ស​ជិត​១០០​នាក់​បាន​ស្លាប់ នៅក្នុង​ការវាយប្រហារ​របស់​រដ្ឋាភិបាល។ ចំណែក អង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​លើកឡើង​ពីការសម្លាប់​រង្គាល និង​ផ្តាច់ពូជ​របស់​ទាហាន​រដ្ឋាភិបាល​លោក​ Bachar al Assad ទៅលើ​យុវជន​ដែល​ជា​ក្រុមប្រឆាំង។ រហូតមកដល់​ថ្ងៃនេះ មាន​មនុស្ស​ជាង ៩ពាន់​នាក់​ដែល​ស្លាប់​បាត់បង់​ជីវិត នៅស៊ីរី។

លោក​កូហ្វី អាណាន់ ប្រេសិតរបស់​​អង្គការ​សហប្រជាជាតិ និង​សម្ព័ន្ធ​អារ៉ាប់​
លោក​កូហ្វី អាណាន់ ប្រេសិតរបស់​​អង្គការ​សហប្រជាជាតិ និង​សម្ព័ន្ធ​អារ៉ាប់​

បើលោក​កូហ្វី អាណាន់​បរាជ័យ ស៊ីរី​នឹង​នៅត្រាំត្រែង ក្នុង​សង្រ្គាម​ស៊ីវិល

សហគមន៍​អន្តរជាតិ​ជ្រើសរើស​ការចរចា​ផ្នែកការទូត​ដើម្បី​ដោះស្រាយ​បញ្ហា​ស៊ីរី ដោយ​បាន​ជ្រើសតាំង​លោក​កូហ្វី អាណាន់ ឲ្យ​ធ្វើ​ជាបេសកជន​របស់​អង្គការ​សហប្រជាជាតិ​និង​សម្ព័ន្ធ​អារ៉ាប់ ចូល​ទៅដោះស្រាយ​ដោយផ្ទាល់​ជាមួយ​ប្រធានាធិបតី​ស៊ីរី។ គេ​យក​នយោបាយ​ការទូត ដោយ​បដិសេធ​មិន​ប្រើកម្លាំងទ័ព។ អាមេរិក​ផ្ទាល់​បាន​បដិសេធ​ជម្រើស​អន្តរាគមន៍​ទ័ព​បរទេស ជាពិសេស​របស់​អូតង់ ទៅក្នុង​ទឹកដី​ស៊ីរី ដូច​ដែល​គេ​បាន​ធ្វើ​នៅក្នុង​បដិវត្តន៍​លីប៊ី។ ជម្រើសនេះ ដោយ​ពិតទៅ មិន​អាច​ធ្វើបានទៅទៀត ដោយសារ​តែ​មាន​រុស្ស៊ី ចិន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ស៊ីរី​បានធ្វើ​វេតូ​ម្តង ជា​ពីរ​ដង។

រុស្ស៊ី និង​ចិន បាន​ប្រឆាំង​នឹង​អន្តរាគមន៍​បរទេស​ក្នុង​ប្រទេស​ស៊ីរី។ រុស្ស៊ី​មិន​ចង់​របូត​បាត់ ​ស៊ីរី​ដែល​ជា​អតិថិជន​ទិញ​អាវុធ និង​ជា​មិត្ត​តែមួយ ដែល​ខ្លួន​នៅសេសសល់ នៅតំបន់​ដើមបូព៌ាទេ។ ប៉ុន្តែ រុស្ស៊ី និង​ចិន ដែល​ទទួលការរិះគន់​ពីអ្នកនយោបាយក្នុង​ស្រុក និង​អន្តរជាតិ បាន​ដូរ​ជំហរ​បន្តិចវិញ ដោយ​ចេញមុខ​​គាំទ្រ​ផែនការ​សន្តិភាព​របស់​លោក​កូហ្វី អាណាន់ និង​ជំរុញ​ឲ្យ​ភាគី​ទាំងពីរ គឺ​រដ្ឋាភិបាលស៊ីរី និង​ក្រុមប្រឆាំង​ចូល​ចរចា​ជាមួយ​គ្នា នៅក្រោយ​បទឈប់បាញ់ រយៈពេល ៤៨ម៉ោង គិតចាប់ពី​ថ្ងៃអង្គានេះ។ លោក​កូហ្វី អាណាន់ ពេលនេះ​កំពុង​ប្រឹងប្រែង​នៅនាទី​ចុងក្រោយ​ដើម្បី​ស្រោចស្រង់​ផែនការ​សន្តិភាព​របស់គាត់។ គឺ​បន្ទាប់ពី​រុស្ស៊ី​និង​ចិន លោក​នឹង​ទៅ​ប្រទេស​អ៊ីរ៉ង់ នៅថ្ងៃ​ស្អែក​ដើម្បី​និយាយ​ជាមួយ​ថ្នាក់ដឹកនាំ​ប្រទេស​នេះ ឲ្យ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​ស៊ីរី ឲ្យ​បញ្ឈប់​អំពើហិង្សា។ អ៊ីរ៉ង់​ដែល​ជិតស្និទ្ធ​នឹង​រដ្ឋាភិបាល​ស៊ីរី ត្រូវ​អាមេរិក​ចោទ​ថា ផ្តល់​អាវុធ​ទៅ​ឲ្យ​ស៊ីរី។

ប៉ុន្តែ បើ​លោកកូហ្វី អាណាន់​បរាជ័យ​មិន​អាច​ឲ្យ​រដ្ឋាភិបាល​ស៊ីរីបញ្ចប់​អំពើហិង្សាបានទេ ហើយ ប្រជាជន​ស៊ីវិល​នៅតែ​បន្តស្លាប់​រងគ្រោះក្នុង​អំពើហិង្សា នោះ សហគមន៍​អន្តរជាតិ​នឹង​រិះរក​មធ្យោបាយ​មួយ​ទៀត។ ពេលនោះ អន្តរាគមន៍​យោធា គឺ​ជា​ជម្រើស​ដែល​គេ​យកមក​គិត​ពិចារណា​ឡើងវិញ។ បណ្តាប្រទេស​អារ៉ាប់ ដូចជា​កាតារ និង​អារ៉ាប៊ី សាអ៊ូឌីត បាន​ប្រកាស​រួចហើយ​ថា នឹង​ជួយផ្តល់ អាវុធ និង​ហ្វឹកហ្វឺន​ទាហាន​របស់​​ក្រុមប្រឆាំង គឺ​ក្រុមទាហាន​ស៊ីរី​សេរី។

ប្រទេស​តួកគី​វិញ ដែល​ទើប​រងការបាញ់ផ្លោង​ពី​សំណាក់​ទាហាន​ស៊ីរី ក៏ប្រហែល​ជា​នឹង​ចូលរួម​ឲ្យ​គេ​បង្កើត​តំបន់​ការពារ​ពិសេស ក្នុង​ទឹកដី ខ្លួន និង​ជួយ​ក្រុមប្រឆាំង​ស៊ីរី ឲ្យ​បង្កើត​តំបន់​តស៊ូ​ប្រយុទ្ធ​មួយ ក្នុង​ទឹកដីស៊ីរី។ ជារួម បើផែនការ​លោក​កូហ្វី អាណាន់​បរាជ័យ នោះ​ប្រាកដណាស់ សង្រ្គាម​ស៊ីវិល​មួយ​នឹង​បន្ត​នៅរ៉ាំរ៉ៃ​ប្រទេស​ស៊ីរី។ អ្នកដែល​រងគ្រោះ​ជាងគេ គ្មាន​អ្នកណា​ក្រៅពី​ប្រជាជន​ស៊ីវិល ដែល​ពេលនេះកំពុង​​រត់គេច​ខ្លួន​ចេញ​ពី​តំបន់​វាយប្រហារ ទៅ​រស់​ជ្រក​ក្រោមតង់ជ័រ ក្នុង​ទឹកដី​តួកគី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ