អានតួអត្ថបទ
ស៊ីរី-អ.ស.ប.

អ.ស.ប.​ទាមទារ​ឲ្យទីក្រុង​ដាម៉ាស​ដកចេញរថក្រោះ​ចាប់​ពីពេលនេះ​ទៅទល់​ថ្ងៃទី​១០មេសា​ឆ្នាំ២០១២​

របបគ្រប់គ្រង​ផ្តាច់ការ​បាស្ហារ​អាល-អាស្សាដ​បាន​បង្កើន​ការវាយ​ប្រហារ​របស់​ខ្លួន​ទៅលើ​ក្រុម​អ្នកបះបោរ​ស៊ីរី​ ​ នៅខណៈពេល​ដែល​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់ថា​ ​ ទីក្រុង​ដាម៉ាស​មាន​ពេល​វេលា​ ចាប់ពី​ពេលនេះ​ទៅទល់​ថ្ងៃទី​១០មេសា​ឆ្នាំ២០១២​ខាងមុខ​ សម្រាប់​ធ្វើការ​ដករថក្រោះ​ចេញពី​ទីក្រុង​នានា ​ ​ មុន​ការ​ឈប់បាញ់​គ្នា​ទាំងស្រុង​៤៨ម៉ោង​បន្ទាប់មក។​ ក្រុមប្រឹក្សា​សន្តិសុខ​បាន​ប្រកាសថា​ ​ បាន​ត្រៀមលក្ខណៈ​ជាស្រេច​នឹង​អនុញ្ញាត​ឲ្យ​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​អ.ស.ប.​ទៅ​ប្រទេស​ស៊ីរី។

លោកកូហ្វី​អាណាន​ និងលោក​​ឧត្តម​សេនីយ​​សញ្ជាតិ​​ន័រវែស​​ Robert mood​
លោកកូហ្វី​អាណាន​ និងលោក​​ឧត្តម​សេនីយ​​សញ្ជាតិ​​ន័រវែស​​ Robert mood​ REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

បើ​យោងតាម​អ្នកការទូត​ ​ នៅ​ក្នុង​ក្រុម​អ្នក​សង្កេតការណ៍​របស់​អ.ស.ប.​ដែល​ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ស៊ីរី​មាន​អ្នក​សង្កេតការណ៍​ប្រមាណ​២៥០នាក់​ដែល​មិន​ប្រដាប់​អាវុធ​ ​ ក៏​ប៉ុន្តែ​ពួកគេ​ត្រូវ​ឋិតនៅ​ក្រោម​កិច្ចការពារ​របស់​កងកម្លាំង​ស៊ីរី។​ ហើយគេ​ត្រូវការ​ឲ្យ​មាន​ជាមុនសិន​ ​ សេចចក្តី​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អ.ស.ប.​អនុញ្ញាត​ឲ្យ​បញ្ជូន​អ្នក​សង្កេតការណ៍​ទៅ​ប្រទេស​ស៊ីរី​ ​ ហើយនិង​ការ​ទទួល​យល់ព្រម​ពី​សំណាក់​ទីក្រុង​ដាម៉ាស។

 
រីឯ​គណៈប្រតិភូ​នៃ​អ.ស.ប.​និង​សម្ព័ន្ធ​អារ៉ាប់​ឯណោះ​មាន​ជំនួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ស៊ីរី​នៅ​ទីក្រុង​ដាម៉ាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី៥​មេសា​ឆ្នាំ២០១២​ម្សិលមិញ។​ បេសកកម្ម​របស់គេ​គឺ​ធ្វើការ​ទាមទារ​សម្រេច​ឲ្យបាន​នូវ​កិច្ចសន្យា​យ៉ាងមុតមាំ​ពី​រដ្ឋាភិបាល​ស៊ីរី​ស្តីពី​ការ​ឈប់​បាញ់គ្នា​ដែល​នឹង​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃទី១០​មេសា​ខាងមុខនេះ​ ​ ដោយមាន​ការចូលរួម​ពិនិត្យមើល​ដោយ​អ្នក​សង្កេតការណ៍​អន្តរជាតិ​នៅ​ក្នុង​ប្រទេស។

គួរកត់​សម្គាល់ថា​ ​ ប្រធានាធិបតី​ស៊ីរី​បាស្ហារ​អាល-អាស្សាដ​ធ្លាប់បាន​ទទួល​យក​ថ្ងៃទី១០​មេសា​ឆ្នាំ២០១២​ដើម្បី​ឈប់​បាញ់គ្នា​ ​ ហើយនិង​ដក​ទ័ព​ទាំងអស់​ចេញពី​ទីក្រុង​ដូចការ​ទាមទារ​របស់​លោក​កូហ្វី​អាណាន។​ គឺ​ទាំងនេះ​ហើយ​ដែល​លោក​កូហ្វី​អាណាន​ទាមទារ​ចង់បាន​នៅពេលនេះ។

ចំណែកឯ​បេសកជន​ពិសេស​របស់​អ.ស.ប.​និង​សម្ព័ន្ធ​អារ៉ាប់​ដែល​មាន​គ្នា​៥ឬ៦នាក់​ ​ ដែលក្នុងនោះ​មាន​អ្នកជំនាញការ​ខាងយោធា​ ​ និងខាង​ដឹកនាំ​ពស្តុភារ​ ​ ក្រោមការ​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ​សញ្ជាតិ​ន័រវែស​ឈ្មោះ​ Robert mood ​បានជួប​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ស៊ីរី​ម្សិលមិញ​នៅ​ទីក្រុង​ដាម៉ាស។

អ្នកជំនាញការ​ទាំងនោះ​មាន​បេសកកម្ម​នឹង​សិក្សា​ពិនិត្យ​មើល​ពី​ការ​រៀបចំ​ឲ្យមាន​ជាយថាហេតុ​នូវ​ក្រុម​អ្នក​សង្កេតការណ៍​សម្រាប់​ត្រួត​ពិនិត្យ​ទៅលើ​ “ការឈប់បាញ់គ្នា”​ បើ​ប្រសិន​ជាមាន។

ទីក្រុង​វ៉ាស៊ីនតោន​ឯណោះវិញ​ ​ បាន​ខិតខំ​ជំរុញឲ្យ​ទីក្រុង​ដាម៉ាស​បិទបញ្ចប់​ “ការសម្លាប់​រង្គាល​”​ ដ៏​ឃោរឃៅ​ទៅលើ​ប្រជាជន​របស់​ខ្លួន​ ​ ហើយ​ថែមទាំង​គូស​បញ្ជាក់ថា​ ​ គ្មាន​បាន​ឃើញ​មាន​សញ្ញា​អ្វី​បង្ហាញ​ឲ្យ​ឃើញថា​ ​របប​គ្រប់គ្រង​បាស្ហារ​អាល-អាស្សាដ​បាន​ដកទ័ព​ស្របតាម​ផែនការ​របស់​លោក​កូហ្វី​អាណាន​សោះឡើយ។

សកម្មជន​ប្រឆាំង​នឹង​បាស្ហារ​អាល-អាស្សាដ​វិញ​ ​ បាន​ថ្លែង​ឲ្យដឹងថា​ “ការទម្លាក់​គ្រាប់បែក​នៅតែ​បន្ត​កើតមាន​នៅ​តំបន់​ហ្សាបាដានី​ ​ ហើយថ្វី​ដ្បិតតែ​រថក្រោះ​នៅមាន​២០០គ្រឿង​នៅ​តំបន់​ហ្សាបាដានី​ ​ ប៉ុន្តែ​៤០គ្រឿងទៀត​បាន​ត្រូវ​ទាហាន​របស់​បាស្ហារ​អាល-អាស្សាដ​ដក​យកទៅ​ធ្វើការ​វាយប្រហារ​នៅ​ទី​កន្លែង​ដទៃ​ផ្សេងទៀត។​ ដូច្នេះ​ ​ គ្មាន​អ្វី​គួរ​ឲ្យ​គេ​ហៅថា​ ​ “ជាការ​ដកទ័ព”​ ​ឡើយ។

នៅថ្ងៃ​សុក្រនេះ​ សកម្មជន​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ស៊ីរី​នាំគ្នា​ចុះថ្នល់​ធ្វើ​បាតុកម្ម​ដើម្បី​សម្តែង​ការប្រឆាំង​ទល់នឹង​របប​ផ្តាច់ការ​របស់​បាស្ហារ​អាល-អាស្សាដ​ ​ ហើយនិង​ទាមទារ​ឲ្យ​ផ្តល់​សព្វាវុធ​ឲ្យ​ក្រុម​ប្រឆាំង​ស៊ីរី​ដើម្បី​ផ្តួល​រំលំ​របប​ផ្តាច់ការ។​ ហើយទោះបី​ជា​មាន​ការ​ថ្កោលទោស​ពី​សំណាក់​អ.ស.ប.​យ៉ាងណាក្តី​ ​ ក៏​របប​គ្រប់គ្រង​ដាម៉ាស​នៅតែ​បន្ត​សម្លាប់​រង្គាល​ប្រជាជន​ខ្លួនឯង។​ គ្រាន់តែ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ​ ទាហាន​របស់​បាស្ហារ​អាល-អាស្សាដ​បាន​សម្លាប់​មនុស្ស​អស់​ប្រមាណ​៧៧នាក់​ ​ ដែលក្នុងនោះ​មាន​៤៥នាក់​ជាជន​ស៊ីវិល។

មូលហេតុ​ដែលនាំឲ្យ​របបគ្រប់គ្រង​ផ្តាច់ការ​បាស្ហារ​អាល-អាស្សាដ​យល់ព្រម​ទទួលយក​ផែនការ​ស្នើដោយ​លោក​កូហ្វី​អាណាន​យ៉ាងដូច្នេះ​ ​ គឺ​មកពី​រដ្ឋាភិបាល​ស៊ីរី​ចង់​ធ្វើការ​អូស​បន្លាយ​ ទាញ​យក​ចំណេញ​ពេលវេលា។​ ដូច្នេះហើយ​ បានជា​រដ្ឋាភិបាល​ស៊ីរី​ថ្លែង​ប្រាប់​ឲ្យដឹងថា​ ​ ទីក្រុង​ដាម៉ាស​នឹង​អនុវត្ត​តាម​ផែនការ​របស់​លោក​អាណាន​ ​ លុះត្រាតែ​ក្រុម​អ្នកប្រឆាំង​ឈប់​ធ្វើការ​វាយប្រហារ​មកលើ​យោធា​របស់​ស៊ីរី​ជាមុនសិន។​ រីឯ​ក្រុម​អ្នកប្រឆាំង​ស៊ីរីវិញ​បាន​ថ្លែងតបថា​ ​ ពួកគេ​នឹង​ដាក់​អាវុធចុះ​ លុះត្រាតែ​ទាហាន​របស់​បាស្ហា​អាល-អាស្សាដ​ដកខ្លួន​ចេញ​ជាមុន​សិនដែរ។
ដូច្នេះ​ ​ ឃើញថា​គេឋិតនៅ​ក្នុង​សភាព​គាំងស្ទះ​ទាល់ច្រក។

ប្រទេស​រុស្ស៊ី​ ដែលជា​សម្ព័ន្ធមិត្ត​របស់​ប្រទេស​ស៊ីរី​ ​ ហើយ​ដែលបាន​គាំទ្រ​របប​គ្រប់គ្រង​របស់​បាស្ហារ​អាល-អាស្សាដ​តាំងពី​មាន​ការផ្ទុះ​ងើបបះបោរ​ប្រឆាំង​នឹង​បាស្ហារ​អាល-អាស្សាដ​តាំងពី​ខែមីនា​ឆ្នាំ២០១១​មក​ ​ បាន​ព្រមាន​ប្រាប់​ប្រទេស​លោក​ខាងលិច​ថា​ ​ ទីក្រុង​ម៉ូស្គូ​ប្រឆាំង​ជានិច្ច​ទល់នឹង​ “កាគំរាម​និង​ការ​ដាក់​ឧសានវាទ”​ ទៅលើ​ទីក្រុង​ដាម៉ាស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ