អានតួអត្ថបទ
រុស្ស៊ី-ស៊ីរី

ម៉ូស្គូ​​លម្អិត​​អំពី​​គោលជំហរ​​ខ្លួន​​ចំពោះ​​ប្រទេស​​ស៊ីរី​​

គឺរសៀល​ម្សិលមិញ​ដែលលោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ Serguei Lavrov​ បាន​ថ្លែង​យ៉ាង​ល្អិត​ល្អន់​​អំពី​សាច់រឿង​ស៊ីរី​ ​ ដោយ​ឆ្លើយតប​នឹង​សំណួរ​ពួក​អ្នក​កាសែត​នាសន្និសីទ​សារពត៌មាន​នៅទីក្រុង​Erevan ​បន្ទាប់​ពីគាត់​បានជួប​ចរចា​ជាមួយ​សមភាគី​Armenie។

លោករដ្ឋម​ន្ត្រី​​ការបរទេស​រុស្ស៊ី​ ​Serguei​ Lavrov ​ថ្លែងថា ​​ប្រទេស​​រុស្ស៊ី​​ប្រាថ្នា​​ក្លាយជា​​មិត្ត​​របស់​​ប្រជាជន​​ស៊ីរី​​ទាំងមូល​
លោករដ្ឋម​ន្ត្រី​​ការបរទេស​រុស្ស៊ី​ ​Serguei​ Lavrov ​ថ្លែងថា ​​ប្រទេស​​រុស្ស៊ី​​ប្រាថ្នា​​ក្លាយជា​​មិត្ត​​របស់​​ប្រជាជន​​ស៊ីរី​​ទាំងមូល​ ( Photo : Yiorgos Karahalis/ Reuters )
ផ្សាយពាណិជ្ជកម្ម

ជាបឋម​លោករដ្ឋមន្ត្រី​ការបរទេស ​Serguei Lavrov ​លើក​ឡើងថា ​ប្រទេស​រុស្ស៊ី​របស់​គាត់​ប្រាថ្នា​ក្លាយជា​មិត្ត​របស់​ប្រជាជន​ស៊ីរី​ទាំងមូល ​មិនមែន​គ្រាន់តែ​ជាមិត្ត​នៃ​ភាគមួយ​របស់​ប្រជាជន​នេះ​ដូច​គោលជំហរ​កំពុង​ប្រកាន់​យក​ដោយ​បស្ចិមលោក ​និងបណ្តា​ប្រទេស​ នៃ​ “សម្ព័ន្ធ​អារ៉ាប”​ ឡើយ។

 
ក្នុង​ន័យ​នេះ ​លោកប្រមុខ​ការទូត​រុស្ស៊ី ​បាន​ឲ្យដឹង​ថា ​ប៉ុន្មានថ្ងៃ​ខាងមុខ​ នឹងមាន​គណៈប្រតិភូ​២ទៀត​ នៃ​ភាគី​ប្រឆាំង​នៅស៊ីរី​ ធ្វើដំណើរ​មកកាន់​ក្រុងម៉ូស្គូ​ដើម្បី​ជួបជាមួយ​អ្នកមុខ​អ្នកការ​រុស្ស៊ី ​ស្វែងរក​ដំណោះស្រាយ​ឲ្យ​អធិករណ៍​នៅស៊ីរី។​ តាមលោក​ Lavrov ​ម៉ូស្គូ​តែងមាន​ទំនាក់​ទំនង​ជាប់ជានិច្ច​ទាំងជាមួយ​“ក្រុមប្រឹក្សា​ជាតិ​ស៊ីរី”​ ទាំងជាមួយ​”គណៈកម្មាធិការ​សម្រប​សម្រួល​ជាតិ”​ ដែល​ដំណើរការ​ក្នុងឋានៈជា​ភាគី​ប្រឆាំង​ផ្ទៃក្នុង​ប្រទេស​ស៊ីរី​ផ្ទាល់​ ទាំងជាមួយ​ពួក​ប្រឆាំង​ផ្សេង​ទៀត​ ដែល​រស់នៅ​ក្នុង​ប្រទេស​ស៊ីរី​ ក៏ដូចជា​នៅក្រៅ​ប្រទេសនេះ។

អ្នកការ​ទូត​កំពូល​របស់​រុស្ស៊ី​ ក៏ចង្អុល​ឲ្យឃើញ​ថា​ ទីក្រុង​ម៉ូស្គូ ​បន្ត​ធ្វើការងារ​ឥតអាក់ខាន​មួយថ្ងៃ​ណាឡើយ​ ជាមួយ​រដ្ឋាភិបាល​ស៊ីរី​ ដើម្បី​ជំរុញ​រដ្ឋាភិបាល​នេះ ​ឲ្យឈាន​ជំហាន​កាន់តែ​សកម្ម​ កាន់តែ​ដិតដល់​ឡើង​តបនឹង​សំណើ​របស់ ​លោក ​Kofi​ Annan ​បេសកជន​ពិសេស​របស់ ​អ.ស.ប.​ និង​ “សម្ព័ន្ធអារ៉ាប”​ ខាង​រក​ច្រក​ចេញ​ពីស្ថានការណ៍​វិបត្តិ​នៅស៊ីរី​ដោយសន្តិវិធី។

លោក Lavrov ​កត់សម្គាល់​ថា ​គឺនៅលើ​ផ្លូវនេះ​ដែលទីក្រុង​ដាម៉ាស ​ទើប​សន្យា​ដករថ​ក្រោះខ្លួន​ ចេញពី​ទីក្រុង​ស៊ីរីនានា​ឲ្យបាន​មុន​ថ្ងៃទី​១០មេសា​ខាងមុខ។​ ដូច្នេះ ​ទាំងក្រុម​ប្រដាប់​អាវុធផង​ ទាំងឡាយ ​ដែល​បង្កប់​ខ្លួន​ច្បាំង​នៅតាម​ក្រុង​ទាំងនោះ​ទល់នឹង​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី ​ក៏ត្រូវ​ដកចេញ​ទៅដែរ​ ដ្បិតដោយ​មកពី​ដៃពួក​គេ ​បណ្តាជន​ស្លូតត្រង់​ស៊ីរី​ក៏ធ្លាក់ខ្លួន​ស្លាប់​ដែរ។​ លុះណាតែ​ក្នុង​ករណីនេះ ​ទើបអាច​បង្ក​លក្ខណៈ​សម្រាប់​ការឈប់​បាញ់គ្នា​ ហើយ​បើក​លទ្ធភាព​ឲ្យដឹក​ជំនួយ​មនុស្សធម៌​ទៅ​ផ្គត់ផ្គង់​ដល់​បណ្តាជន​រងគ្រោះ។

តាមសំដី​លោក Lavrov ​ការខំប្រឹង​ប្រែង​របស់​ម៉ូស្គូ​ ដើម្បី​ជំនះ​លើ​វិបត្តិ​នៅស៊ីរី​ គឺ​ស្វិតស្វាញ ​មិនអន់​ជាង​ធ្វើដោយ​ពួកដៃ​គូរុស្ស៊ី​ នៅ​ឯបស្ចិមលោក​និង​”សម្ព័ន្ធអារ៉ាប”ឡើយ។

លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី ​សង្កត់​ធ្ងន់ថា​ បំណង​នៃ​ក្រុម​ប្រទេស​ ដែល​លើកខ្លួន​ឯងជា​ ”មិត្ត​របស់​ស៊ីរី​” ចង់​ផ្តល់​អាវុធ​ត្រង់ៗ​ ដល់​ពួកប្រឆាំង​ប្រដាប់​អាវុធ​នៅស៊ីរី​ គឺវា​បញ្ច្រាស​នឹង​ផែនការ​ខាង​រកដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ឲ្យ​ស្ថានការណ៍​ដ៏សែន​ស្មុគស្មាញ​នៅស៊ីរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ