ជក់បារីនាំឱ្យខូចសុខភាព នាំឱ្យកើតជំងឺ មហារីក ជំងឺសួត ជំងឺផ្លូវដង្ហើម ។ល។ និង។ល។ ដល់អ្នកជក់ផ្ទាល់ និងដល់អ្នកដែលស្រូបផ្សែងបារីពីគេ ពិសេសស្ត្រីមានផ្ទៃពោះ និងទារក។ មិនតែប៉ុណ្ណោះ សូម្បីតែកាកសំណល់ កន្ទុយបារី ដែលគេក្រវាត់ចោលតាមផ្លូវ ពាលវាលពាសកាលនេះ និងដែលគ្រប់គ្នាមិនបានគិតដល់ ក៏បង្កផលវិបាកយ៉ាងច្រើន ដល់សុខភាព និងបរិស្ថានដែរ។
អន្តរាគមដោយ វេជ្ជបណ្ឌិត ស៊ិន សុវណ្ណ និងលោក លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិអង្គការចលនាដើម្បីសុខភាពកម្ពុជា។
កាត់បន្ថយការជក់ ជួយសង្គ្រោះជីវិត
ថ្នាំជក់ជាការរាតត្បាតមួយដែលបានបំផ្លាញជីវិតមនុស្ស៦លាននាក់ក្នុងមួយឆ្នាំៗ ក្នុងនោះ ជាង៦សែននាក់ជាអ្នកស្រូបផ្សែងបារីពីគេ។ ប្រសិនបើគ្មានយុទ្ធនាការទប់ស្កាត់ទេ ជំងឺជក់បារី ផ្សែងបារី នឹងផ្តាច់ជីវិតមនុស្ស ក្នុងមួយឆ្នាំៗ លើស ៨លាននាក់ ពីពេលនេះដល់ឆ្នាំ២០៣០។ បើតាមការកត់ត្រារបស់អង្គការសុខភាពពិភពលោក ករណីស្លាប់ជាង៨០%អាចបញ្ចៀសបាន នៅក្នុងប្រទេសដែលមានកំរិតជីវភាពក្រីក្រខ្លាំង និងមធ្យម។
នៅលើពិភពលោកយើងនេះ ថ្នាំជក់សម្លាប់ជីវិតមនុស្ស ច្រើនជាង ជំងឺស៊ីដា ជំងឺរបេង មរណភាពមាតាពេលឆ្លងទន្លេ គ្រោះថ្នាក់ចរាចរណ៍ អត្តឃាត និងឃាតកម្មសម្លាប់មនុស្ស បូកបញ្ជូលគ្នាទៅទៀត។ ១០%នៃមរណភាព របស់មនុស្សពេញវ័យ គឺបណ្តាលមកពីថ្នាំជក់ (បារី)។
ហេតុដូច្នេះហើយបានជានៅរៀងរាល់ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងថ្នាំជក់ អង្គការសុខភាពពិភពលោកចង់ សង្កត់ធ្ងន់លើតួនាទីដ៏ចាំបាច់របស់ភ្នាក់ងារសុខភាព ក្នុងប្រយុទ្ធទប់ទល់នឹងថ្នាំជក់ និងប្រទេសជាដៃគូ ឱ្យចូលរួមចំណែកសហការ តាមរយៈការបង្កើនពន្ធដារលើថ្នាំជក់។ ព្រោះការសិក្សាបានបង្ហាញថា ការយកពន្ធខ្ពស់ ដំឡើងតម្លៃកញ្ចប់បារី បានកាត់បន្ថយការទទួលបារី យ៉ាងមានប្រសិទ្ធិភាព ជាពិសេសចំពោះក្រុមអ្នកជក់ដែលមានប្រាក់ចំណូលទាប និងក្មេងទើបផ្តើមជក់ដំបូង។ នៅក្នុងប្រទេសអ្នកមាន តម្លើងថ្លៃបារី១០% កាត់បន្ថយចំនួនអ្នកជក់បាន៤% និងនៅក្នុងប្រទេសក្រីក្រ ចំនួន៥%៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ