អានតួអត្ថបទ
កម្ពុជា-ថៃ

ថៃ​ព្រមាន​ចាត់​វិធានការ​បង្ក្រាប​ពលករ​ខ្មែរ​ខុស​ច្បាប់​នៅលើ​ទឹកដី​របស់​ខ្លួន

ពលករ​ខ្មែរ​ដែល​ចូល​ទៅ​ធ្វើការ​ដោយ​ខុស​ច្បាប់​នៅ​ប្រទេស​ថៃ​ត្រូវ​បាន​អាជ្ញាធរ​ទីក្រុង​បាងកក​ព្រមាន​ចាត់​វិធានការ​បង្ក្រាប​យ៉ាង​តឹងរ៉ឹង ​ប្រសិន​បើ​ពួកគេ​មិន​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ ដើម្បី​ទទួល​បាន​សិទ្ធិ​ស្នាក់នៅ​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ​ទេ​នោះ។ ​ការ​ព្រមាន​បង្ក្រាប​ពលករ​ឆ្លង​ដែន​ខុស​ច្បាប់​នេះ​បាន​ធ្វើ​ឡើង​នៅ​ខណៈ​ពេល​ដែល​ស្ថានការណ៍​ព្រំដែន​កម្ពុជា​ថៃ​កំពុង​តានតឹង និង​ស្រប​ពេល​ដែល​ប្រទេស​ថៃ​កំពុង​ជួប​ភាព​តានតឹង​ខាង​នយោបាយ​នៅ​ពេល​ជិត​បោះឆ្នោត។ ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​អះអាង​ថា ​នឹង​តាម​ដាន​មើល​បញ្ហា​នេះ​យ៉ាង​យក​ចិត្ត​ទុកដាក់។

កម្មករ​ខ្មែរ​ដែល​លួចឆ្លងដែន​ខុសច្បាប់​ទៅធ្វើការ​នៅ​ថៃ​ប្រឈមមុខ​នឹង​ការ​បង្រ្កាប​ពី​អាជ្ញាធរ​ថៃ
កម្មករ​ខ្មែរ​ដែល​លួចឆ្លងដែន​ខុសច្បាប់​ទៅធ្វើការ​នៅ​ថៃ​ប្រឈមមុខ​នឹង​ការ​បង្រ្កាប​ពី​អាជ្ញាធរ​ថៃ ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

 

ពលករ​ខុសច្បាប់​ទៅ​ពី​កម្ពុជា ឡាវ និង​ភូមា​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ផ្តល់​ឱកាស​ចុងក្រោយ​មួយ​ ដើម្បី​ចុះ​បញ្ជី​ឲ្យ​បាន​ត្រឹមត្រូវ​ បើ​មិន​ដូច្នេះ​ទេ​ ពួកគេ​នឹង​ប្រឈម​ជាមួយ​ការ​បង្ក្រាប​យ៉ាង​ធ្ងន់ធ្ងរ។ ​នេះ​ជា​ការ​ព្រមាន​របស់​អាជ្ញាធរ​ថៃ ​ដែល​សារព័ត៌មាន​លើក​យក​មក​ចុះផ្សាយ​ កាលពី​ថ្ងៃសុក្រ​ម្សិលមិញ។ ​

អាជ្ញាធរ​ថៃ​បាន​ប៉ាន់​ប្រមាណ​ថា​ មាន​កម្មករ​កម្ពុជា ​ឡាវ ​និង​ភូមា​ប្រមាណជា​២​លាន​នាក់​ត្រូវ​គេ​ជឿ​ថា​បាន​ចូល​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់​ក្នុង​ប្រទេស​ថៃ ​ហើយ​ពួកគេ​នឹង​ក្លាយ​ជា​កម្មវត្ថុ​នៃ​ការ​តាម​ឃ្លាំ​មើល​យ៉ាង​ដិត​ដល់​បំផុត​ពី​អាជ្ញាធរ​ថៃ​។ ​ក្រុម​កម្មករ​អន្តោប្រវេសន៍​ខុស​ច្បាប់​ទាំង​នោះ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​ប្រកាស​ប្រាប់​អោយ​ទៅចុះ​ឈ្មោះ​ ដើម្បី​ទទួល​បាន​សិទ្ធិ​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ​។​ ការ​ចុះបញ្ជី​កម្មករ​ខុស​ច្បាប់​នេះ​ត្រូវ​បាន​គេ​តម្រូវ​ឲ្យ​បង់​ប្រាក់​យ៉ាង​ច្រើន​ទៀត​ផង។ ​វិធានការ​ដាក់​ពួក​កម្មករ​ខុស​ច្បាប់​ទាំង​អស់​អោយ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​តឹងរ៉ឹង​នេះ​ត្រូវ​បាន​សម្រេច​ដោយ​កិច្ចប្រជុំ​គណ:​រដ្ឋមន្ត្រី​ថៃ​ កាលពី​ចុង​ខែ​មេសា​ឆ្នាំ​២០១១​ថ្មីៗ​នេះ។

លោក​ផៃ ស៊ីផាន​ អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​ពន្យល់​ថា ​អាជ្ញាធរ​កម្ពុជា​តែង​បាន​សហការ​ជាមួយ​អាជ្ញាធរ​ថៃ​ជានិច្ច​ ក្នុង​ការ​ការពារ​ពលករ​ដែល​ចូល​ទៅ​ធ្វើការ​ស្រប​ច្បាប់​ក្នុង​ប្រទេស​នេះ ​ប៉ុន្តែ ​មាន​ពលករ​ខ្មែរ​មួយចំនួន​បាន​លួច​ចូល​ទៅ​ធ្វើការ​ដោយ​ខុស​ច្បាប់​ក្នុង​ប្រទេស​ថៃ​ដោយ​អាជ្ញាធរ​មិន​បាន​ដឹង។ ​ទោះជា​យ៉ាងណា ​លោកផៃ ​ស៊ីផាន​ អះអាង​ថា​រដ្ឋាភិបាល​នៅ​តែ​តាម​មើល​សុខទុក្ខ​ពលរដ្ឋ​ទាំងនោះ​ ដោយ​ស្នើ​ឲ្យ​អាជ្ញាធរ​ថៃ​គោរព​តាម​នីតិវិធី​ដែល​បាន​ព្រមព្រៀង​គ្នា។

គួរ​កត់សម្គាល់​ថា ​ការ​ប្រកាស​ព្រមាន​អំពី​ការ​បង្រ្កាប​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ពី​សំណាក់​អាជ្ញាធរ​ថៃ​បាន​កើត​ឡើង​ នៅ​ពេល​ដែល​ស្ថានការណ៍​ព្រំដែន​កម្ពជា-ថៃ​កំពុង​តាន​តឹង ហើយ​ក៏​ស្រប​ពេល​ដែល​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​ថៃ​កំពុង​ឡើង​កម្តៅ​នៅ​ពេល​ជិត​បោះឆ្នោត។ ​ថៃ​បាន​ចាប់​ផ្តើម​រិត​បន្តឹង​តាំង​ពី​ទំនិញ​នាំ​ចេញ​មក​កម្ពុជា​ រាប់​តាំងពី​ប្រេងសាំង​ ហ្គាស​ និង​ឧបករណ៍​ធ្វើ​ពី​ជ័រ​ប្លាស្ទិក​ទៀត​ផង ​ដោយសារ​តែ​ពួកគេ​ខ្លាច​ក្រែង​របស់​ទាំង​នោះ​ត្រូវ​បាន​កម្ពុជា​យក​មក​បម្រើ​គោលដៅ​យោធា។

អាជ្ញាធរ​កម្ពុជា​ធ្លាប់​បាន​ចាត់​វិធានការ​ជាច្រើន​មក​ហើយ​ ដើម្បី​រារាំង​ពលករ​របស់​ខ្លួន​មិន​ឲ្យ​ចូល​ក្នុង​ដី​ថៃ​ដោយ​ខុស​ច្បាប់ ​ប៉ុន្តែ ​ពលករ​ជាច្រើន​នៅ​តែ​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​ធ្វើការ​ក្នុង​ដី​ថៃ​ដដែល។ ​ពលករ​ខ្មែរ​ជាច្រើន​ត្រូវ​គេ​កេង​ប្រវ័ញ្ច ​រំលោភ​សិទ្ធិ ​ចាប់​ដាក់​ពន្ធនាគារ ​ឬ​ក៏​បាញ់​សម្លាប់​ជា​ហូរហែ​ ប៉ុន្តែ ​ចរន្ត​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​ខុស​ច្បាប់​នៅ​តែ​មិន​អាច​ទប់​ស្កាត់​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ