អានតួអត្ថបទ
ទុយនីស៊ី

អតីត​ប្រធានាធិបតី​លោក បិន អាលី ចូល​មន្ទីរពេទ្យ​សង្រ្គោះ​បន្ទាន់

អតីត​ប្រធានាធិបតី​ទុយនីស៊ី លោក​បិន អាលី កំពុង សន្លប់​បាត់​ស្មារតី និង​ត្រូវ​សង្រ្គោះ​ជា​បន្ទាន់​ក្នុង​មន្ទីរពេទ្យ​មួយ ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត បន្ទាប់ពី​លោក​បាន​រង​គ្រោះថ្នាក់​ដាច់​សរសៃ​ឈាម​ក្នុង​ខួរក្បាល។ បើតាម​ការបញ្ជាក់​របស់​ក្រុម​គ្រួសារ សុខភាព​របស់​លោក​បិន អាលី​ពេលនេះ ស្ថិតក្នុង​ស្ថានភាព​ដ៏គ្រោះថ្នាក់បំផុត។ រដ្ឋអំណាច​បណ្តោះអាសន្ន​ទុយនីស៊ី នៅមិន​ទាន់​បាន​បញ្ជាក់​ពី​ព័ត៌មាន​នេះ នៅឡើយទេ ប៉ុន្តែ បញ្ហា​សុខភាព​របស់​លោក​បិន អាលី នឹង​ក្លាយ​ជា​ប្រធានបទ​សំខាន់​ដែល​គេ​លើក​នៅ​ក្នុង​ការប្រជុំ​របស់​គណៈ​រដ្ឋមន្រ្តី​ទុយនីស៊ី នៅ​ថ្ងៃ​សុក្រ​នេះ។

លោក​បិន អាលី​កាល​នៅ​ជា​ប្រធានាធិបតី ទុយនីស៊ី​
លោក​បិន អាលី​កាល​នៅ​ជា​ប្រធានាធិបតី ទុយនីស៊ី​ ©​AFP
ផ្សាយពាណិជ្ជកម្ម

02:09

សេចក្តី​រាយការណ៍​របស់​ឈាង បុប្ផា

ឈាង បុប្ផា

ដំណឹង លោក​បិន អាលី (Zine el-Abidine Ben Ali )ចូល​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មិន​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈទេ។ គឺ​ លោក​Nicolas Beau អ្នកនិពន្ធ​បារាំង​ម្នាក់​ដែល​ជិតស្ធិទ្ធិ​នឹង​គ្រួសារ​លោក​បិន អាលី​ដែល​ជា​បង្ហើប​ព័ត៌មាននេះ។ បើតាម​លោក​Nicolas Beau លោក​បិន អាលី ត្រូវ​បាន​បញ្ជូន​ចូល​មន្ទីរពេទ្យ​ផ្នែក​សង្រ្គោះបន្ទាន់ តាំងពី​ដើមសប្តាហ៍​នេះ បន្ទាប់ពី​ទទួល​រងគ្រោះថា្នក់ ដាច់សរសៃ​ឈាម​ក្នុង​ខួរក្បាល។ នៅក្នុង​មន្ទីរពេទ្យ​ដែល​គេ​រក្សា​សម្រាប់​តែ​គ្រួសារ​ព្រះរាជវង្ស ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត លោក​បិន អាលី​បាន​ដូរឈ្មោះ ដោយ​អ្នកសិ្នទ្ធិ​នឹង​លោក​អះអាង​ថា ដើម្បី​បញ្ហា​សន្តិសុខ។

លោក​បិន អាលី កន្លងមក​ត្រូវ​បាន​គេ​ព័ណ៌នា​ថា ជាមនុ្ស​មាន​ការម៉ត់ចត់​ក្នុង​ការរៀបចំ​ខ្លួន និង​មិនអាច​ឲ្យ​គេ​វាយស្មាន​ដឹង​ពី​សុខភាព​របស់​គាត់។ ក្នុង​វ័យ​ ៧៤​ឆ្នាំ លោក​នៅ​តែ​លាប​សក់​ពណ៌​ខ្មៅ ជានិច្ច។ ប៉ុន្តែ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ នៅពេល​លោក​ធ្លាក់​ខ្លួន​មាន​ជំងឺ​មហារីក តំរង់នោម លោក​បិន អាលី បាន​បង្ហាញ​មុខ ជាសាធារណៈ​តិចតួច និង​បណ្តោយ​ឲ្យ​ភរិយា​របស់​លោក គឺលោកស្រី Leïla Trabelsi ជា​អ្នកចាត់ចែង​ការងារ​រដ្ឋ និង​ការងារ​គណបក្ស។

បើតាម​អ្នកនិពន្ធ​បារាំង​ខាងលើ នៅ​មន្ទីរពេទ្យ លោក​បិន អាលី នៅសន្លប់​មិន​ដឹងខ្លួន និង​ស្ថិតនៅ​តែ​ម្នាក់ឯង គ្មាន​សាច់ញាតិ​ណាម្នាក់ នៅក្បែរគាត់ឡើយ។ ភរិយា​សំណព្វ​របស់​គាត់ ត្រូវ​បាន​អ្នកកាសែត​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​សរសេរ​ថា កំពុង​គេចខ្លួន នៅ​ក្នុង​ប្រទេស​លីប៊ី។ លោក​បិន អាលី​ពេលនេះ​កំពុង​ស្ថិតក្នុង​ស្ថានភាព ពាក់កណ្តាល​​ស្លាប់ ពាក់កណ្តាល​រស់។ បើតាម​ក្រុមគ្រូពេទ្យ​អន្តរជាតិ ជំនាញៗ​ដែល​ត្រូវ​បាន​គេ​អញ្ជើញ​ឲ្យ​មក​អន្តរាគម​ជួយ​សង្រ្គោះ បើ​សិន​លោក​បិន អាលី​ជួយសង្រ្គោះ​ឲ្យ​មាន​ស្មារតី​ឡើងវិញ លោក​​ក៏នឹង​អាច​​ត្រូវ​ប្រឈម​នឹង​ភាព​ពិការ​មួយ​ចំហៀងខ្លួន​ដែរ។

នៅក្នុង​ប្រទេស​ទុយនីស៊ី ដំណឹង​ឈឺធ្ងន់​របស់​អតីត​ប្រធានាធិបតី​ទុយនីស៊ី ដែល​ប្រជាជន​ទុយនីស៊ី​តវ៉ា​បណ្តេញ​ចេញ​ពីអំណាច កាលពី​ពាក់​កណ្តាល​ខែ​មករា មិន​បាន​ធ្វើ​ឲ្យ​គេ​អបអរ ឬ​ក៏​រំលែក​ទុក្ខសោក​អ្វីដែរ។ អ្នកមួយ​ចំនួន​បាន​និយាយ​​នេះ​ថា ដោយសារ​អំពើ​អាក្រក់​របស់​ខ្លួន នេះ​ជា​ជោគវាសនា​ដែល​លោក​បិន អាលី​ត្រូវ​តែ​ទទួល។ ក្រៅតែ​ពីបាត់បង់​អំណាច ​និង ទ្រព្យ​សម្បត្តិ ដោយសារ​បដិវត្តន៍​ផ្កាម្លិះ លោក​បិន អាលី និង​គ្រួសារពេលនេះ កំពុង​រត់ជ្រក​លាក់ខ្លួន​នៅបរទេស ដើម្បី​គេចចេញ​ពី​ដីការ​តាមចាប់​អន្តរជាតិ ដែល​ប្តឹង​ដោយ​រដ្ឋាភិបាល​អន្តរកាល​របស់​ទុយនីស៊ីបច្ចុប្បន្ន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ