អានតួអត្ថបទ
អឺរូប

សហភាព​អឺរ៉ូប​ផ្អាប់ទុក​ធនធាន​របស់​លោក​បេន អាលី​និង​ភរិយា

រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​នៃ​សហភាព​អឺរ៉ូប​រួម​ ប្រជុំ​គ្នា​នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​៣១​មករា​ នៅ​ទីក្រុង​Bruxelles​នៃ​ប្រទេស​Belgique​ បាន​សំរេច​ចិត្ត​ផ្អាប់​ទុក​ធនធាន​របស់​លោក​អតីត​ប្រធានាធិបតី​ទុយនីស៊ី​ Zine​ el-Abidine​ Ben​ Ali​ និង​ភរិយា​គាត់​។​ វិធានការ​នេះ​ប្រហែល​អាច​នឹង​ត្រូវ​រាល​ដាល​ទៅ​ដល់​អ្នក​ ជំនិត​ដទៃ​ទៀត​របស់​លោក​ប្រធានាធិបតី​ធ្លាក់​ពី​មុខ​តំណែង​។

លោក​បិន អាលី (Ben Ali) ប្រធានាធិបតី​ទុយនេស៊ី​ និង​ភរិយា​ពេល​នៅកាន់អំណាច
លោក​បិន អាលី (Ben Ali) ប្រធានាធិបតី​ទុយនេស៊ី​ និង​ភរិយា​ពេល​នៅកាន់អំណាច ©AFP
ផ្សាយពាណិជ្ជកម្ម

02:07

សេចក្តីរាយការណ៍​របស់ វីនស្តុន រតនា

បន្ទាប់​ពី​បាន​ប្រកាន់​ឥរិយាបថ​ប្រុង​ប្រយ័ត្ន​ខ្លាំង​ណាស់​និង​រង់​ចាំ​មើល​សភាពការណ៍​បន្តិច​មក​ នៅ​ពេល​ដែល​ព្រឹត្តិការណ៍​បាន​វិវឌ្ឍ​ទៅ​កាន់​តែ​លឿន​នៅ​តាម​វិថី​នៃ​ទីក្រុង​ទុយនីស​និង​ខេត្ត​ខ័ណ្ឌ​ ​ ​ សហភាព​អឺរ៉ូប​ ចាប់​ពី​អំណើះ​ត​ទៅ​ បាន​ជាប់​ពាក់​ព័ន្ធ​ពេញ​បន្ទុក​ ដើម្បី​គាំទ្រ​ទុយនីស៊ី​ថ្មី។

រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​ទាំង​២៧​ប្រទេស​នៃ​សហភាព​អឺរ៉ូប​ នៅ​ថ្ងៃ​ចន្ទ​ម្សិល​មិញ​៣១​មករា​ បាន​អនុម័ត​សេចក្តី​សំរេចចិត្ត​ទន្ទឹង​រង់​ចាំ​ជា​យូរ​មក​ហើយ​ ស្តី​ពី​ការផ្អាប់​ទុក​ធនធាន​របស់​លោក​អតីត​ប្រធានាធិបតី​។​នៅ​ខណៈ​នេះ​ ជាប់​ទាក់​ទង​តែ​ធនធាន​ផ្ញើ​ទុក​ នៅ​សហភាព​អឺរ៉ូប​ ដោយ​លោក​Zine​ el-Abidine​ Ben​ Ali​ និង​ភរិយា​គាត់​ឈ្មោះ​Leïla​ Trabelsi​។​ ប៉ុន្តែ​ សេចក្តី​សំរេចចិត្ត​នេះ​ធ្វើ​ស្រប​តាម​សំណូម​ពរ​របស់​អាជ្ញាធរ​ទុយនីស៊ី​ថ្មី​ ប្រហែល​អាច​នឹង​ត្រូវ​រាលដាល​យ៉ាងឆាប់​រហ័ស​ទៅកាន់​គ្រប់តែ​អ្នក​ជំនិត​របស់​លោក​ប្រធានាធិបតី​ធ្លាក់​ពី​មុខ​តំណែង​ ​ពីព្រោះ​ទុយនីស៊ី​បាន​ផ្តល់​មក​ឲ្យ​សហភាព​អឺរ៉ូប​នូវ​ឈ្មោះ​បន្ថែម​ជា​ច្រើន​សិបនាក់​ទៀត។

នៅ​ក្នុង​គំនិត​ស្មារតី​ដូច​គ្នា​នេះដែរ​ សហភាព​អឺរ៉ូប​បាន​សន្យា​ថា​ នឹង​ឆ្លើយតប​ជា​វិជ្ជមាន​ចំពោះ​រាល់​សំណូមពរ​របស់​ទុយនីស៊ី​ ដើម្បី​ជួយ​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី។​ ដូចគ្នា​នេះដែរ​ ការចរចា​នឹង​ត្រូវ​ធ្វើ​ឡើងវិញ​ ដើម្បី​លក្ខន្តិកៈ​ចម្រើន​ជឿនលឿន​ដូច​ដែល​​ប្រទេស​ម៉ារ៉ុក​បាន​ទទួល​អ៊ីចឹង​និង​ដែល​តម្រូវ​ឲ្យ​ធ្វើ​សហប្រតិបត្តិការ​ពង្រីក​ពង្រឹង​ថែម​ទៀត​និង​អត្ថប្រយោជន៍​ខាងពន្ធ​អាករ​គយ។

នៅឆ្នាំ​១៩៩៥​ ទុយនីស៊ី​ជា​ប្រទេស​ទី​មួយ​នៅ​ប៉ែកខាង​ត្បូង​តំបន់​សមុទ្រ​ម៉េឌីទែរ៉ាណេ​ដែលបាន​ចុះ​កិច្ច​ព្រមព្រៀង​សហការ​ជាមួយ​សហភាព​អឺរ៉ូប​ប្រកប​ដោយ​ទស្សនវិស័យ​បង្កើត​នៅ​ថ្ងៃណា​មួយ​មណ្ឌល​ផ្តោះប្តូរ​ពាណិជ្ជកម្ម​ដោយ​សេរី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ