អានតួអត្ថបទ
តួកគី

ការប្រេះឆា​ក្នុង​ជួរ​ថ្នាក់​ដឹកនាំ កំពុងអូស​ទាញ​តួកគី​ឲ្យ​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ

វិបត្តិនយោបាយ​កាន់​តែរីកធំឡើងៗ ​នៅ​ប្រទេស​តួកគី បន្ទាប់ពី​រដ្ឋមន្រ្តី​ក្រសួង​បី ដែល​ស្និទ្ធ​នឹង​លោក​នាយករដ្ឋមន្រ្តី បាន​សុំ​លា​ឈប់​ពីមុខ​តំណែង ជា​បន្តបន្ទាប់​គ្នា។ ជាង​មួយ​សប្តាហ៍​មកហើយ រដ្ឋាភិបាល​តួកគី ក្រោម​ការដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្រ្តី Recep Tayyip Erdogan​បាន​រង្គោះរង្គើ​ដោយសារ​រឿង​អាស្រូវ​ពុករលួយ។

Recep Tayyip Erdoganនៅក្នុង​អង្គ​ប្រជុំ​នៅទីក្រុង​អង់ការ៉ា កាលពីថ្ងៃ​ទី ២៤ ធ្នូ ២០១៣
Recep Tayyip Erdoganនៅក្នុង​អង្គ​ប្រជុំ​នៅទីក្រុង​អង់ការ៉ា កាលពីថ្ងៃ​ទី ២៤ ធ្នូ ២០១៣ REUTERS/Umit Bektas
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តី​បីរូប​របស់​លោក​នាយក​រដ្ឋមន្រ្តី​ Recep Tayyip Erdogan​បាន​សុំលា​ឈប់​ពីមុខ​តំណែង ជាបន្តបន្ទាប់ កាល​ពីថ្ងៃ​ពុធ។ ការចុះចេញពី​តំណែង ដោយ​ទាន់ហន់ របស់​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង មហាផ្ទៃ​នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ Erdogan​រៀបចំ​រុះរើ​គណៈ​រដ្ឋមន្រ្តី​មុន​ពេល​កំណត់ ដែល​តាមពិត​ទៅ ត្រូវ​ធ្វើ នៅ​ខែ​មីនា ឆ្នាំក្រោយ នៅក្រោយ​ការបោះឆ្នោត ថ្នាក់ក្រុង។

 
អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល គឺ​រដ្ឋមន្រ្តី​បរិស្ថាន ដែល​ស្និទ្ធ​នឹង​លោក​ Erdogan និង​ដែល​ទំនង​ជា​ត្រូវ​គេ​បង្ខំ​ឲ្យ​លាលែង​ពីតំណែង បាន​អំពាវនាវ កាលពីថ្ងៃ​ពុធ ឲ្យ​លោក​នាយករដ្ឋមន្រ្តី​ចុះចេញ​ពី​តំណែង​ដែរ។ ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត នៅក្នុង​ប្រទេស​តួកគី ដែល​រដ្ឋមន្រ្តី​បាន​ទាមទារ​ឲ្យ​នាយករដ្ឋមន្រ្តី​ចុះចេញ​ពីតំណែងដែរ។

សូមបញ្ជាក់ថា រដ្ឋមន្រ្តី​ទាំងបីរូប សុំ​លាលែង​ចេញ​ពី​មុខ​តំណែង ដើម្បី​ប្រឆាំង​នឹង​យុទ្ធនាការ​បង្ក្រាប​អំពើ​ពុករលួយ​របស់​តុលាការ​តួកគី។ កូនៗ​របស់​រដ្ឋមន្រ្តី​ទាំងបីរូប​ខាងលើ សុទ្ធ​តែ​ត្រូវ​បាន​តុលាការ​ចាប់ និង​ចោទប្រកាន់​ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ និង​លាងលុយ​កខ្វក់។ នៅក្នុង​ប្រតិបត្តិការ​ប្រឆាំង​អំពើ​ពុករលួយ មន្រ្តី និង​អ្នកមាន​ដែល​ស្និទ្ធ​នឹង​លោក​នាយក​រដ្ឋមន្រ្តី Erdogan ជាង​៥០​នាក់​បាន​ធ្លាក់ នៅក្នុង​សំណាញ់​ចាប់ចង របស់​រដ្ឋអាជ្ញា​តួកគី។ រដ្ឋាភិបាល​របស់​លោក​ Erdogan​មក ពី​គណបក្ស​យុត្តិធម៌ និង​អភិវឌ្ឍន៍​បាន​បរិហារ​យុទ្ធនាការ​របស់​រដ្ឋអាជ្ញា​ថា ជាការរួមគំនិត​ក្បត់​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល។

យុទ្ធនាការ​បោសសម្អាត​ជនពុករលួយ ស្តែង​ពី​សង្រ្គាម​ប្រកាន់បក្សពួក រវាង​ក្រុម​របស់​លោក​នាយករដ្ឋមន្រ្តី និង​ក្រុម​របស់​គ្រូប្រៀនប្រដៅ​សាសនា​អ៊ីស្លាម Fethullah Gülen ដ៏ល្បីឈ្មោះ ដែល​គេ​ឲ្យ​ឈ្មោះថា ចលនា​ Gülen។ ចលនា​ Gülen ធ្លាប់​គាំទ្រ​លោក​ Erdogan​ដែល​កាន់តំណែង​ជា​នាយក​រដ្ឋមន្រ្តី​តួកគី ជាង​១០​ឆ្នាំមកហើយ។ ប៉ុន្តែ មន្រ្តី​តុលាការ​មក​ពី​ចលនា​Gülen បាន​បើក​ប្រតិបត្តិការ​ចាប់​មន្រ្តីពុករលួយ​របស់​រដ្ឋាភិបាល ដើម្បី​ជា​ការសងសឹក​នឹង​រដ្ឋាភិបាល ដែល​បាន​សម្រេច​បិទ​សាលារៀន​ឯកជន​មួយ ដែល​ក្រុមនេះ ជាអ្នកឧបត្ថម្ភ​ថវិកា។ ចលនា​Gülen រិះគន់​ផងដែរ​រដ្ឋាភិបាល​លោក​ Erdogan​ថា កំពុង​ដើរ​ទៅរក​ភាពផ្តាច់ការ និង​ផ្ទុយ​ពី​​លទ្ធិប្រជាធិបតេយ្យ។ ក្រុមនេះ​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​លើ​លោក​នាយករដ្ឋមន្រ្តី ដែល​កំពុង​មាន​មហិច្ឆតា​ចង់​ឈរ​ឈ្មោះ​ជា​បេក្ខជន​នៅក្នុង​ការបោះឆ្នោតជ្រើសរើស​ប្រធានាធិបតី នៅ​ឆ្នាំ ២០១៥​ខាងមុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ