អានតួអត្ថបទ
លីប៊ី-អង្គការសហប្រជាជាតិ

អ្នក​តំណាង អ.ស.ប.​ ទៅ​ដល់​លីប៊ី​ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​បង្កើត​រដ្ឋាភិបាល​រួបរួម​ជាតិ

លោក ​ម៉ាកតាំង កូប្ល៊ើ ​អ្នក​តំណាង​ពិសេស​របស់​អង្គការ​សហ​ប្រជា​ជាតិ ​ ទទួល​បន្ទុក​កិច្ចការ​លីប៊ី ​ បាន​អញ្ជើញ​ទៅ​ដល់​ ទីក្រុង​ទ្រីប៉ូលី ​ នៅ​ថ្ងៃ​សៅរ៍​ ទី​២​មករា​នេះ ​ដើម្បី​បញ្ចុះបញ្ចូល​ ប្រធាន​សភា​លីប៊ី ​ឲ្យ​យល់​ព្រម​ទទួល​យក ​ការ​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​មួយ ​ដើម្បី​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​ នៅ​ក្នុង​ប្រទេស​នេះ។ ប្រទេស​លីប៊ី​បច្ចុប្បន្ន​នេះ ​មាន​រដ្ឋាភិបាល​ពីរ​ និង​រដ្ឋសភា​ពីរ​ផ្សេង​គ្នា ​ហើយ​ដែល​សហគមន៍​អន្តរជាតិ​ កំពុង​តែ​ព្យាយាម​ឲ្យ​គូ​បដិបក្ស​ ចាប់ដៃ​គ្នា​ធ្វើការ ​កសាង​លីប៊ី​តែមួយ។

លោក Martin Kobler ធ្វើសន្និសីទកាសែត​ពេល​ទៅដល់​ លីប៊ីភ្លាម។
លោក Martin Kobler ធ្វើសន្និសីទកាសែត​ពេល​ទៅដល់​ លីប៊ីភ្លាម។ REUTERS/Ismail Zitouny
ផ្សាយពាណិជ្ជកម្ម

លីប៊ី ​ដែល​ហែកហួរ​ ដោយ​សង្រ្គាម​ដណ្តើម​អំណាច​ បច្ចុប្បន​នេះ ​ មាន​សភាពីរ​ និង​រដ្ឋាភិបាល​ពីរ​ផ្សេង​គ្នា។ សហគមន៍​អន្តរជាតិ ​បាន​ទទួល​ស្គាល់ ​សភា ​និង​រដ្ឋាភិបាល​តែមួយ​ប៉ុណ្ណោះ ​ដែល​មាន​មូលដ្ឋាន​នៅ​ខាង​កើត​ប្រទេស​ ចំណែក​រដ្ឋាភិបាល ​និង​សភា​ដែល​មាន​មូលដ្ឋាន​នៅ​ក្រុង​ទ្រីប៉ូលី ​មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ទេ។

 
យ៉ាងណា​ក៏ដោយ ​ ដើម្បី​កសាង​ស្ថិរភាព​ និង​សន្តិភាព​នៅ​លីប៊ី ​ ការ​ចាប់ដៃ​ធ្វើការ​រួមគ្នា ​រវាង​គូ​បដិបក្ស​ទាំង​ពីរ​ត្រូវ​តែ​ធ្វើ​ឡើង​ជា​ចាំបាច់។ នេះ​គឺ​ជា​បេសកកម្ម​របស់​លោក​ ម៉ាកតាំង កូប្ល៊ើ ​អ្នក​តំណាង​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​ទី្រប៉ូលី ​នៅ​ថ្ងៃ​សៅរ៍​ទី​២​មករា​នេះ។ លោក នឹង​ទៅ​បញ្ចុះបញ្ចូល​ប្រធានសភា​​ឲ្យ​ព្រម​ទទួល​យក​ការ​បង្កើត​រដ្ឋាភិបាល​បង្រួបបង្រួម​ជាតិ​មួយ​ ដែល​បាន​ព្រមព្រៀង​គ្នា​ កាល​ពី​ថ្ងៃ​ទី​ ១៧​ ធ្នូ​កន្លង​ទៅ ​នៅ​ប្រទេស​ម៉ារ៉ុក ​រវាង​ក្រុម​ទាំង​ពីរ។
 

លោក Martin Kobler ឈរពីក្រោយ​ពិធីចុះហត្ថលេខា​ នៅក្រុងទុយនីស រវាងភាគី​នយោបាយ​លីប៊ី កាលពី​ថ្ងៃទី ២១​ ធ្នូ ២០១៥
លោក Martin Kobler ឈរពីក្រោយ​ពិធីចុះហត្ថលេខា​ នៅក្រុងទុយនីស រវាងភាគី​នយោបាយ​លីប៊ី កាលពី​ថ្ងៃទី ២១​ ធ្នូ ២០១៥ REUTERS/Zoubeir Souissi

ឆ្លងកាត់​ការ​ពិភាក្សា​ត្រង់​ទៅ​ត្រង់​មក ​ លោក​ អាប៊ូ សាមែន ​ប្រធាន​សភា​នៅ​ក្រុង​ទ្រីប៉ូលី ​បាន​ស្នើ​ឲ្យ​អ្នក​តំណាង​អង្គការ​សហប្រជាជាតិ ​ចូល​ជួប​ពិភាក្សា​ជាមួយ​នឹង​មនុស្ស​សំខាន់ៗ​ផ្សេង​ទៀត ​ដូច​ជា​លោក​មេបញ្ជាការ​កងទ័ព​ មេ​បញ្ជាការ​ក្រុម​ស៊ើបការណ៍ ​និង​រដ្ឋ​អាជ្ញា​ជាដើម។​ តាម​យោបល់​លោក ​ ដើម្បី​ឲ្យ​កិច្ច​ព្រមព្រៀង​នយោបាយ​មួយ​ មាន​ប្រសិទ្ធិភាព​ ​គឺគេ​ចាំ​បាច់​ត្រូវ​តែ​មាន​ការ​ទទួល​ស្គាល់​ពី​គ្រប់​ភាគី​អ្នក​អនុវត្ត​វា​ទាំង​អស់។

លោក ​ម៉ាកតាំង កូប្ល៊ើ ​បាន​ដាក់​ស្នើ​ចំណុច​គោល ​ចំនួន​ប្រាំ​ដើម្បី​កសាង​សន្តិភាព​នៅ​លីប៊ី។ ទីមួយ ​គឺ​ការ​ចូល​មក​និយាយ​ពិភាក្សា​គ្នា ​ដោយ​សន្តិវិធី​ ហើយ​នេះ​ជា​វិធី​តែ​មួយ​គត់​ ដើម្បី​ដោះស្រាយ​បញ្ហា ​ដែល​ភាគី​ទាំង​អស់​ត្រូវតែ​គោរព។ ទីពីរ​ ការ​ដឹកនាំ​ការ​ចរចា ​គឺ​ត្រូវ​តែ​ធ្វើ​ក្រោម​អំណាច​របស់​អង្គការ​សហ​ប្រជា​ជាតិ។ ទីបី ​ដំណើរ​ការ​ផ្សះផ្សារ​គ្នា ​គឺត្រូវ​តែ​ធ្វើ​ដោយ​ការ​រួបរួម​គ្នា​ទាំងអស់ ​ដោយ​មិន​អាច​ចោល​ក្រុម​ណា​មួយ​បានទេ។ ទីបួន ​គឺ​សារសំខាន់​ នៃ​ការផ្ទេរ​ផ្លាស់ប្តូរ​អំណាច ​ដោយ​សន្តិភាព​ គ្មាន​ការ​ប្រើ​កម្លាំង​និង​អាវុធ។ ហើយ​ទី​ប្រាំ​ចុងក្រោយ ​គឺ​ត្រូវ​តែ​ប្រជាជន​លីប៊ី​ទាំងអស់ ​ជា​អ្នក​សម្រេច​លើ​ជោគ​វាសនា​របស់​ខ្លួន​ ដែល​ក្នុង​ន័យ​នេះ ​លោក​ចង់​សំដៅ​ទៅ​ដល់​ ការ​បោះឆ្នោត​ដោយ​សេរី ​និង​យុត្តិធម៌​មួយ។

សូម​បញ្ជាក់​ផង​ដែរ​ថា ​សង្រ្គាម ​ចលាចល​នយោបាយ ​ជម្លោះ​អំណាច​នៅ​លីប៊ី ​បាន​ផ្តល់​ឱកាស​ឲ្យ​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​ពង្រីក​ឥទ្ធិពល​របស់​វា​កាន់​តែ​ខ្លាំង។ ពេល​វេលា​កាន់តែ​ខើច​ខ្លី ​ព្រោះ​បើ​បង្អង់ ​ក្រុម​ព្រៃផ្សៃ​នេះ​ នឹង​តាំង​ទី​ពង្រីក​ដែនដី​គ្រប់គ្រង​នៅ​លីប៊ី ​ ដូច​នៅ​ក្នុង​ស៊ីរី ​និង​នៅ​អ៊ីរ៉ាក់​ជាក់​ជា​មិនខាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ