អានតួអត្ថបទ
លីប៊ី - អង្គការរដ្ឋអ៊ីស្លាម

ក្រុមជីហាដ​រដ្ឋ​អ៊ីស្លាម​នៅ​លី​ប៊ី អារក​សម្លាប់​មនុស្ស ​ចំនួន​១២​នាក់

តាម​ប្រភព​ព័ត៌មាន​ផ្លូវការ​ ពី​ប្រទេស​លីប៊ី ​ក្រុម​ជីហាដ​រដ្ឋ​អ៊ីស្លាម ​ដែល​មាន​បណ្តាញ​នៅ​លីប៊ី ​បាន​សម្លាប់​អារក ​ក្រុម​កម្លាំង​ប្រយុទ្ធ​ដើម្បី​រំដោះ​តំបន់​សៀរត៍ ​ភាគ​ខាង​ជើង​លីប៊ី ​ចំនួន​១២​នាក់។ ការ​ប្រយុទ្ធ​ដណ្តើម​គ្នា​កាន់​កាប់ ​តំបន់​នេះ ​រវាង​ក្រុម​កំលាំង​ប្រជា​ការពារ ​ជាមួយ​នឹង​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​បាន​និង​កំពុង​បន្ត​ យ៉ាង​ក្តៅ​គគុក​ ដោយ​គ្មាន​នរណា​អើរពើ​ទាល់​តែ​សោះ។ មិន​យូរ​មិន​ឆាប់ ​តំបន់​នេះ ​ប្រាកដ​ជា​ធ្លាក់​ ទៅ​ក្នុង​កណ្តាប់ដៃ​របស់​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​ ជាក់​ជា​មិន​ខាន។

ទីក្រុង​សៀរត៍ (Syrte) ភាគ​ខាង​ជើង​លីប៊ី មើលពីលើអាកាស
ទីក្រុង​សៀរត៍ (Syrte) ភាគ​ខាង​ជើង​លីប៊ី មើលពីលើអាកាស John Cantlie/Getty Images
ផ្សាយពាណិជ្ជកម្ម

យោង​តាម​ការ​រាយការណ៍​ របស់​ទី​ភ្នាក់​ងារ​ព័ត៌មាន LANA  ​ដែល​ប្រចាំ​ការ​នៅ​លីប៊ី  ​បាន​រាយការណ៍​ថា ​យ៉ាង​ហោច​ណាស់​ មាន​កង​កម្លាំងប្រជាតស៊ូ​លីប៊ី ​ចំនួន​១២​នាក់​ត្រូវ​បាន​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​សម្លាប់​ចោល​ ហើយ​អារក​ផ្តាច់​យក​ទៅ​ដោត​នឹង​ឈើ​ឆ្កាង។​ហេតុការណ៍​នេះ​ បាន​កើត​ឡើង​នៅ ​ក្នុង​ក្រុង ​សៀរត៍​(Syrte)​ភាគ​ខាង​ជើង​ប្រទេស​លីប៊ី ​ជា​ទី​ដែល​មាន​ការ​ប្រយុទ្ធ​តស៊ូ ​រវាង​ប្រជាជន​លីប៊ី ​និង​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម អស់​រយៈ​ពេល​៤​ថ្ងៃ​មក​ហើយ។ ប្រភព​ព័ត៌មានដដែល​ ក៏បាន​រាយការណ៍​ផង​ដែរ​ថា ​ក្រុមជីហាដ​ បាន​ចូល​ទៅ​សម្លាប់ ​កម្លាំង​តស៊ូ​​ដែល​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ​ ចំនួន​២២​នាក់​ផ្សេង​ទៀត។

 
គេ​មិនទាន់​មាន​តួលេខ ​ពី​ចំនួន​ជន​រង​គ្រោះ​ទាំង​អស់ ​ឲ្យ​ច្បាស់​លាស់​នោះ​ទេ ​ ប៉ុន្តែ​បើ​តាម​ប្រសាសន៍​របស់​លោក ​Chibani​ Abouhamoud ​អគ្គរដ្ឋទូត​លីប៊ី ​ប្រចាំ​នៅ​ទី​ក្រុង​ប៉ារីស ​បាន​បញ្ជាក់​ប្រាប់​ថា ​ មាន​មនុស្ស​ស្លាប់​ចន្លោះ​ពី ​១៥០ ​ទៅ​២០០​នាក់ ​ក្នុង​រយៈ​ពេល​៤ថ្ងៃ​កន្លង​មក​នេះ។ ការ​ប្រយុទ្ធ​ ដែល​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ជា​ច្រើន​ ថា ​ជា​សមរភូមិ​សង្រ្គាម​យ៉ាង​សាហាវ ​ប៉ុន្តែ​លោក​អគ្គរដ្ឋ​ទូត​រូប​នេះ ​បាន​អះអាង​ថា ​ វា​គ្រាន់​តែ​ជា​ការ​ប៉ះទង្គិច​ប្រដាប់​អាវុធ​តែ​ប៉ុណ្ណោះ។

សូម​បញ្ជាក់​ថា ​ការ​ងើប​ប្រយុទ្ធ​តស៊ូ​របស់​​ប្រជាជន​លីប៊ី ​នៅ​តំបន់​សៀរត៍ ​គឺ​ក្រោយ​ពេល​ដែល​ក្រុម​ជីហាដ​ អង្គការ​រដ្ឋ​អ៊ីស្លាម ​បាន​ធ្វើ​ឃាត​ ប្រមុខ​ដឹកនាំ​សាសនា​អ៊ីស្លាម​ដ៏​សំខាន់​ម្នាក់​ នៅ​ក្នុង​តំបន់​នេះ។ សមាគម​សាសនា​អ៊ីស្លាម Dar Al Iftaa ​បាន​អំពាវ​នាវ​ឲ្យ​ប្រជាជន​លីប៊ី​ ងើប​ឈរ​ឡើង ​កាន់​អាវុធ​ប្រឆាំង​តទល់ ​នឹង​ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម​  ដោយ​ថ្កោល​ទោស​ក្រុម​ជីហាដ​ដ៏​ព្រៃផ្សៃ​នេះ ​ថា​ជា​អ្នក​កំពុង​បំផ្លាញ​សាសនា​អ៊ីស្លាម។

វិបត្តិ​នយោបាយ​នៅ​លីប៊ី ​បន្ទាប់​ពី​មាន​រដ្ឋ​ប្រហារ​ ទំលាក់​មេដឹក​នាំ​ផ្តាច់ការ​ កាដាហ្វី ​បាន​ធ្វើ​ឲ្យ​លីប៊ី​ បែក​រហែក​ជា​ពីរ ​ ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ពីរ​ផ្សេង​គ្នា។ ក្រុម​ជីហាដ​អង្គការ​រដ្ឋ​អ៊ីស្លាម ​បាន​ឆក់​យក​ឱកាស ​ដែល​ប្រជាជាតិ​លីប៊ី ​បែក​បាក់​គ្នា ​​មាន​ភាព​ទន់​ខ្សោយ ​គ្មាន​ការ​ដឹកនាំ​ច្បាស់​លាស់ ​ដើម្បី​វាយ​ប្រហារ​ ដណ្តើម​គ្រប់គ្រង​ដែនដី​ម្តង​បន្តិចៗ ​ព្រមទាំង​បាន​អូសទាញ​យុវជន​លីប៊ី​ ជាច្រើន​យក​ទៅ​បំរើ​ក្រុម​ពួក​វា។ រដ្ឋាភិបាល​លីប៊ី​ប្រចាំ​ក្រុង​ទ្រីប៉ូលី ​បាន​ប្រកាស​ថា ​បាន​ចេញ​ប្រតិបត្តិការ​ វាយ​ប្រហារ​តាម​ផ្លូវ​អាកាស ​ទៅ​លើ​ក្រុម​ជីហាដ​ ដើម្បី​រំដោះ​តំបន់​សៀរត៍ ​ដោយ​មាន​ការ​ចូលរួម​ ពី​កម្លាំង​យុវជន​មូលដ្ឋាន​ផង​ដែរ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ