អានតួអត្ថបទ
លីប៊ី

លីប៊ី៖កូនប្រុស​ម្នាក់​របស់​កាដាហ្វី និង​មនុស្សជំនិត ៨នាក់​បាន​ទទួល​ទោសប្រហារជីវិត

នៅ​ក្នុង​ប្រទេស​លីប៊ី ៤ឆ្នំា​ក្រោយ​ការ​ដួលរលំ​របប​ផ្តាច់ការ​របស់​កាដាហ្វី កូនប្រុស​ម្នាក់​របស់​គាត់​ឈ្មោះ​សេហ្វ អាល់អ៊ីស្លាម កាដាហ្វី រួម​ទំាង​មនុស្សជំនិត ៨នាក់​ទៀត​ទើប​ត្រូវ​បាន​តុលាការ​កាត់ទោស​ប្រហារ​ជីវិត​ក្នុង​ថ្ងៃ​អង្គារ ទី២៨ កក្កដា។ សេហ្វ អាល់អ៊ីស្លាម កាដាហ្វី​បាន​ជាប់ចោទ​ពី​បទ​ប្រើ​អំពើហិង្សា​បង្រ្កាប​យ៉ាង​បង្ហូរ​ឈាម​លើ​ហ្វូងបាតុករ។ ​អង្គការ​សហប្រជាជាតិ និង​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​អនុវត្តន៍​ទោសប្រហារ​ជីវិត ព្រម​ទំាង​បរិហារ​ពី​ដំណើរការ​កាត់​ក្តី​ដែល​គ្មាន​សមធម៌។

កូនប្រុស​របស់​កាដាហ្វី Saif Al-Islam Kadhafi​ ថត​នៅ​ទីក្រុង​ម៉ុស្គ​ក្នុង​ខែ​មិថុនា ឆ្នំា ២០១១
កូនប្រុស​របស់​កាដាហ្វី Saif Al-Islam Kadhafi​ ថត​នៅ​ទីក្រុង​ម៉ុស្គ​ក្នុង​ខែ​មិថុនា ឆ្នំា ២០១១ Reuters
ផ្សាយពាណិជ្ជកម្ម

មាន​ជនជាប់​ចោទ​សរុប​ទំាង​អស់​ចំនួន ៣៦នាក់ ក្នុង​នោះ​មាន​កូនប្រុស​របស់​មេផ្តាច់ការ កាដាហ្វី​ម្នាក់​ឈ្មោះ​សេហ្វ អាល់អ៊ីស្លាម កាដាហ្វី​ត្រូវ​បាន​តុលាការ​ទីក្រុង​ទ្រីប៉ូលី​កាត់ទោស​ពី​បទ​ប្រើ​អំពើ​ហិង្សា​វាយ​បង្រ្កាប​យ៉ាង​បង្ហូរ​ឈាម​លើ​ហ្វូង​បាតុករ​ក្នុង​ឆ្នំា ២០១១។ ដំណើរការ​កាត់ទោស​បាន​ចំណាយ​ពេល​អស់ ១៦ខែ មុន​នឹង​ចេញ​សាលក្រម​ក្នុង​ថ្ងៃ​អង្គារ ទី២៨ កក្កដា​ដោយ​បាន​កាត់​ទោស​ប្រហារ​ជីវិត​ចំនួន ៩នាក់ គឺ​រូប​សេហ្វ អាល់អ៊ីស្លាម កាដាហ្វី និង​មនុស្ស​ជំនិត ៨នាក់​ទៀត។

ចាប់​ខ្លួន និង​ឃុំ​ខ្លួន​តំាង​ពី​ឆ្នំា ២០១១ សេហ្វ អាល់អ៊ីស្លាម កាដាហ្វី​មិន​ដែល​បាន​ចូល​រួម​ដោយ​ផ្ទាល់​នៅ​ក្នុង​ដំណើរការ​កាត់ទោស​ទេ តែ​បាន​ចូលរួម​តាម​រូបភាព​វីដេអូ ហើយ​ការ​ប្រកាស​សាលក្រម​កាត់​ទោស​ប្រហារ​ជីវិត​ពី​តុលាការ​ក៏​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​គ្មាន​វត្តមាន​រូប​សេហ្វ អាល់អ៊ីស្លាម កាដាហ្វី​នៅ​ក្នុង​តុលាការ​ដែរ។ គួរ​ជម្រាប​ជូន​ថា សេហ្វ អាល់អ៊ីស្លាម កាដាហ្វី​ត្រូវ​បាន​គេ​ស្គាល់​ជា​កូនប្រុស​សំណប់​ចិត្ត ទុកចិត្ត និង​ជា​អ្នក​ដែល​ត្រូវ​ស្នងតំណែង​ពី​ឱពុក​កាដាហ្វី។

ចំណែក​មនុស្សជំនិត ៨នាក់​របស់​កាដាហ្វី​ដែល​បាន​ទទួល​ទោស​ប្រហារ​ជីវិត​ជាមួយ​នឹង​សេហ្វ អាល់អ៊ីស្លាម កាដាហ្វី​ដែរ​នោះ មាន​ពីរ​នាក់​ដែល​លេច​ធ្លោ​ជាង​គេ ទី១ មាន​ឈ្មោះ Baghdadi Mahmoudi ជា​នាយករដ្ឋមន្រ្តី​ចុងក្រោយ​របស់​កាដាហ្វី​ដែល​រដ្ឋអំណាច​ប្រទេស​ទុយនីស៊ី​បាន​ចាប់​បញ្ជូន​ទៅ​ឲ្យ​រដ្ឋអំណាច​ថ្មី​លីប៊ី​ក្នុង​ឆ្នំា ២០១២ និង​មនុស្សជំនិត​ទី២ មាន​ឈ្មោះ Abdallah Senoussi ជា​ប្រមុខ​ក្រសួង​ស៊ើបការសម្ងាត់​ដែល​រដ្ឋអំណាច​ប្រទេស​ម៉ូរីតានី​បាន​ចាប់​បញ្ជូន​ទៅ​ឲ្យ​រដ្ឋអំណាច​ថ្មី​លីប៊ី​ក្នុង​ឆ្នំា ២០១២។

អង្គការសហប្រជាជាតិ និង​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​សម្តែង​ការ​សោកស្តាយ​ចំពោះ​ការ​អនុវត្តន៍​ទោសប្រហារ​ជីវិត ព្រម​ទំាង​បរិហារ​ពី​ដំណើរការ​កាត់​ក្តី​ដែល​គ្មាន​សមធម៌៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ