អានតួអត្ថបទ
អេហ្ស៊ីព្ទ

ស្ថានភាព​នយោបាយ​អេហ្ស៊ីព្ទ​នៅថ្ងៃទី​១៣​នៃមហាបាតុកម្ម​

នៅ​ទីក្រុងគែរ​នៃ​ប្រទេស​អេហ្ស៊ីព្ទ​ នៅ​ថ្ងៃទី១៣​នៃ​មហាបាតុកម្ម​មនុស្ស​រាប់​ម៉ឺននាក់​នៅតែ​បន្ត​ធ្វើ​បាតុកម្ម​ នៅ​ទីលាន​Tahrir​ដើម្បី​ទាមទារ​ឲ្យ​លោក​ប្រធានាធិបតី​ហូស្នី​មូបារ៉ាក់​ ចាកចេញ​ពី​មុខតំណែង។​ ក៏​ប៉ុន្តែ​រដ្ឋអំណាច​មាន​ជំនឿ​ទៅលើ​ស្ថានភាព​នយោបាយ​ដែល​អាច​វិវឌ្ឍទៅរក ​សភាព​ល្អ​ប្រសើរ​ ​ ហើយ​សង្ឃឹមថា​កម្លាំង​នៃ​ចលនា​បាតុកម្ម​អាច​ធ្លាក់​ចុះ​ទន់ខ្សោយ។

បាតុករ​​ប្រឆាំង​​ប្រធានាធិបតី​​ហូស្នី​មូបារ៉ាក់នៅ​ទីលាន​​Tahri​r​​​នៃ​ទីក្រុងគែរ​នៅ​ថ្ងៃទី១៣​​នៃ​មហាបាតុកម្ម​
បាតុករ​​ប្រឆាំង​​ប្រធានាធិបតី​​ហូស្នី​មូបារ៉ាក់នៅ​ទីលាន​​Tahri​r​​​នៃ​ទីក្រុងគែរ​នៅ​ថ្ងៃទី១៣​​នៃ​មហាបាតុកម្ម​ © Patrick Baz / AFP
ផ្សាយពាណិជ្ជកម្ម

04:38

បទវិភាគរបស់​ សៀក សារិន

នៅថ្ងៃ​អាទិត្យ​ទី៦​កុម្ភៈនេះ​ កងកម្លាំង​យោធា​អេហ្ស៊ីព្ទ​បាន​មក​ពង្រឹង​វត្តមាន​របស់​គេ​នៅ​ទីលាន​Tahrir ដែល​ជា​ទីកន្លែង​ប្រជុំ​នៃ​ចលនា​បាតុកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី​ហូស្នី​មូបារ៉ាក់។

សម្រាប់​​ប្រជាជន​អេហ្ស៊ីព្ទ​រាប់លាន​នាក់​ អ្នក​ធ្វើការ​ក៏​ដូចជា​អ្នក​ចូល​និវត្តន៍​ ពាក្យ​ថា​”​ ថ្ងៃ​អាទិត្យ”​ ​គឺ​មានន័យ​ស្មើនឹង​”​ ប្រាក់​ចំណូល”​។​ ដោយ​ហេតុ​តែ​ធនាគារ​បាន​បិទ​ទ្វារ​អស់​រយៈ​ពេល​១០ថ្ងៃ​មក​ហើយ​ ដោយ​ខ្លាច​កើតមាន​ការ​ឆក់​លួចប្លន់​ ​ ហើយ​ម្យ៉ាងទៀត​ក៏​អស់​រយៈពេល​១០ថ្ងៃ​មក​ហើយដែរ​ដែល​ពួក​គេ​ពុំ​បាន​ទទួល​ប្រាក់​ចំណូល។

ថ្ងៃអាទិត្យ​ជា​ថ្ងៃ​ទីមួយ​ប្រចាំ​សប្តាហ៍​ ​ ហើយ​ក៏​ជា​ថ្ងៃ​ដែល​គេ​ត្រូវ​ចាប់​ផ្តើម​ធ្វើការ​ឡើងវិញ​នៅ​តាម​ការិយាល័យ​រដ្ឋបាល​ ​ នៅតាម​ក្រុមហ៊ុន​ឯកជន​និង​រោងចក្រ​នានា​ ដោយ​សារតែ​មាន​ការ​បន្ធូរ​សម្រួល​ពេលវេលា​ដែល​ដាក់​ទៅលើ​បម្រាម​គោចរ​នៅ​ទីក្រុង​គែរ​ នៅ​ទីក្រុង​អាឡិចសង់ឌ្រី​ និង​នៅ​ទីក្រុង​ស៊ុយអេ។

ហើយ​ថ្ងៃ​អាទិត្យ​ទី៦​កុម្ភៈនេះ​ក៏​ជា​ឱកាស​មួយ​សម្រាប់​មេគ្រួសារ​ធ្វើការ​ទិញដូរ​ម្ហូប​ចំណី​អាហារ​សព្វបែប​យ៉ាង​ដែល​ពួកគេ​បាន​ស្គាល់​ការ​ខ្វះខាត​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ ​ ដោយហេតុ​តែ​មាន​កង្វះ​ម្ហូប​ចំណី​អាហារ​ហើយនិង​ដោយ​ហេតុ​តែ​ចំណី​អាហារ​មាន​តម្លៃ​ខ្ពស់ពេក។

ចលនា​ភាតរបុត្រ​អ៊ីស្លាម​Les Frères Musulmans ធ្វើការ​ប្រកាស​ឲ្យ​ដឹង​ថា​ ​ មាន​កិច្ចចរចា​រវាង​ Les Frères Musulmans​និង​រដ្ឋអំណាច​អេហ្ស៊ីព្ទ​ ​ មកពី​ចលនា​ភាតរបុត្រ​អ៊ីស្លាម​Les Frères Musulmans​ចង់​បង្ហាញ​ឲ្យ​សាធារណមតិ​អេហ្ស៊ីព្ទ​ដឹងថា​ ពួកគេ​ពុំ​មែន​ជា​ដើមហេតុ​នៃ​វិបត្តិ​នយោបាយ​អាហ្ស៊ីព្ទ​បច្ចុប្បន្ន​នេះឡើយ។​ ហើយ​ម្យ៉ាងទៀត​ បើ​ប្រសិន​ជា​ ចលនា​ភាតរបុត្រ​អ៊ីស្លាម​Les Frères Musulmans​ធ្វើការ​ចរចា​ជាមួយ​រដ្ឋ​អំណាច​អេហ្ស៊ីព្ទ​ ក៏​ពួកគេ​បាន​ដាក់​លក្ខខណ្ឌ​រួច​ជា​ស្រេច​ហើយ​ពោលគឺ៖
ទី១-លោក​ប្រធានាធិបតី​ហូស្នី​មូបារ៉ាក់​ត្រូវ​ចាកចេញ​ពី​មុខតំណែង។
ទី២-ត្រូវ​លុបចេញ​រដ្ឋ​ធម្មនុញ្ញ​អេហ្ស៊ីព្ទ​បច្ចុប្បន្ន។
ទី៣-ត្រូវ​រំលាយ​រដ្ឋសភា​អេហ្ស៊ីព្ទ​បច្ចុប្បន្ន។
ទី៤-ត្រូវ​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល​រួបរួម​ជាតិមួយ។

ដូច្នេះ​ឃើញថា​ ​ ការ​ដែល​ចលនា​ភាតរបុត្រ​អ៊ីស្លាម​Les Frères Musulmans​យល់ព្រម​ធ្វើការ​ចរចា​ជាមួយ​រដ្ឋ​អំណាច​អេហ្ស៊ីព្ទ​គឺ​ពិតជា​ជំហាន​មួយ​ដ៏​វិជ្ជមាន។​ ហើយ​តាមពិត​គឺ​ចលនា​ភាតរបុត្រ​អ៊ីស្លាម​Les Frères Musulmans​កំពុងតែ​ដាក់​សម្ពាធ​ទៅលើ​រដ្ឋ​អំណាច​អេហ្ស៊ីព្ទ។​ ហើយ​ពួកគេ​កំពុងតែ​ថ្លឹងថ្លែង​និង​វាស់​វែង​ឲ្យ​ដឹង​ពី​ទំហំ​និង​ទម្ងន់​នៃ​ការ​កេណ្ឌ​ប្រមូល​គ្នីគ្នា​របស់​ពួកគេ។

បើ​ការ​កេណ្ឌ​ប្រមូល​គ្នីគ្នា​របស់​ចលនា​ភាតរបុត្រ​អ៊ីស្លាម​Les Frères Musulmans​នៅតែ​មាន​ទំហំ​ធំធេង​ ​ នោះ​ពួកគេ​នឹង​បន្ត​ធ្វើ​បាតុកម្ម​ហើយនិង​ពង្រឹង​ជំហរ​នៃ​ការ​ទាមទារ​របស់​គេ។​ ដូច្នេះ​ ការ​កេណ្ឌ​ប្រមូល​គ្នីគ្នា​ឲ្យ​បាន​១លាន​នាក់​ដើម្បី​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​អេហ្ស៊ីព្ទ​នៅ​ថ្ងៃ​អាទិត្យ​នេះ​គឺ​ពិតជា​Test សាកល្បង​មួយ​ដ៏​ជាក់​ស្ដែង។

ការ​លាឈប់​កាលពី​ម្សិលមិញ​នៃ​ការិយាល័យ​ប្រតិបត្តិ​នៃ​បក្សPND របស់​ប្រធានាធិបតី​ហូស្នី​មូបារ៉ាក់​គឺ​ពិតជា​ជំហាន​មួយ​ដ៏​សំខាន់​ឈាន​ទៅរក​ការដោះស្រាយ​ដោយ​វិធី​ប្រជាធិបតេយ្យ​មែន។​ សម្រាប់​ទីក្រុង​វ៉ាស៊ីនតោន​ក៏​យល់ឃើញ​ដូចគ្នា​អ៊ីចឹងដែរ។

ចំណែកឯ​កូនប្រុស​របស់​ប្រធានាធិបតី​អេហ្ស៊ីព្ទ​ហូស្នី​មូបារ៉ាក់​ពោលគឺ​Gamal Moubarak​វិញ​បាន​ត្រូវ​គេ​ដកហូត​ចេញ​ពី​មុខ​តំណែង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​នយោបាយ​នៃ​បក្ស​PND​ដែល​ជា​បក្ស​កាន់អំណាច​បច្ចុប្បន្ន​ ​ ​ហើយ​មុខ​តំណែង​នេះ​បាន​ធ្លាក់​ទៅលើ​លោក​Badrawi​ដែល​ជា​អ្នក​នយោបាយ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​បក្ស​ប្រឆាំង​អេហ្ស៊ីព្ទ៕
 

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ