អានតួអត្ថបទ
អេហ្ស៊ីព្ទ

វិបត្តិ​អេហ្ស៊ីព្ទ៖ “ថ្ងៃ​ចុងក្រោយ” របស់​លោក​មូបារ៉ាក់

នៅថ្ងៃ​សុក្រ ៤ កុម្ភៈ ២០១១​នេះ ក្រុម​បាតុករ​ប្រឆាំង​​​រាប់សិបម៉ឺននាក់​កំពុង​ប្រមូលផ្តុំគ្នានៅ​ក្នុង​ ទីក្រុង​គែរ ដើម្បី​ធ្វើ​បាតុកម្ម​ដ៏ធំ​មួយ ដែល​គេ​ប្រសិទ្ធិនាមថា “ថ្ងៃចុងក្រោយ” ដោយ​សំដៅ​លើ​ថ្ងៃចុងក្រោយ​នៃ​ការ​កាន់អំណាច​របស់​លោក​មូបារ៉ាក់។ កងទ័ព​អេហ្ស៊ីព្ទ​បាន​ប្រកាស​សន្យា​ជាថ្មីម្តងទៀត​ថា ពួក​គេ​នឹង​មិន​ប្រើ​កម្លាំង​បង្រ្កាប​បាតុករ​នោះទេ។

បាតុកម្ម​ប្រឆាំង​មូបារ៉ាក់ ឈាន​ចូល​ដល់​ថ្ងៃ​ទី១១
បាតុកម្ម​ប្រឆាំង​មូបារ៉ាក់ ឈាន​ចូល​ដល់​ថ្ងៃ​ទី១១ ©Reuters
ផ្សាយពាណិជ្ជកម្ម

អាមេរិក​​មាន​ឥទ្ធិពល​អ្វី​​ដើម្បី​ជំរុញ​ឲ្យ​​លោក​មូបារ៉ាក់​ចុះចេញ​ពីតំណែង​
06:13

បទវិភាគ​របស់ សេង ឌីណា

បន្ទាប់​ពី​ការសូត្រ​ធម៌​ថ្ងៃ​សុក្រ​បាន​បញ្ចប់ ក្រុមបាតុករ​ប្រឆាំង​​រាប់សិបម៉ឺន​នាក់​បាន​ប្រមូលផ្តុំគ្នា​នៅ “ទីលាន​សេរីភាព” ក្នុង​​ទីក្រុង​គែរ ដោយ​ស្រែក​ទាមទារ​ឲ្យ​លោក​ហូស្នី មូបារ៉ាក់​ ចុះចេញ​ពីតំណែង។​

ខុសពី​កាល​ពីរ​ថ្ងៃមុន បាតុកម្ម​នៅ​ថ្ងៃ​សុក្រ​នេះ​ប្រព្រឹត្ត​ទៅ​​ដោយ​គ្មាន​អំពើ​ហិង្សា​នោះទេ។ គេ​ក៏​មិន​ឃើញ​ក្រុម​គាំទ្រ​លោក​មូបារ៉ាក់​ចេញ​មុខ​មក​តទល់​ក្រុមប្រឆាំង​ ដូចមុន​ទៀត​ដែរ។ គេ​សង្កេតឃើញ​ចំនួន​ទាហាន ដែល​ដាក់​ពង្រាយ​នៅ​កន្លែង​ធ្វើ​បាតុកម្ម​មាន​ការ​កើនឡើង​គួរ​ឲ្យ​កត់​​សម្គាល់។

កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ លោក​មូបារ៉ាក់​បាន​ប្រាប់​ទូរទស្សន៍ ABC របស់​អាមេរិក​ថា លោក​កាន់តំណែង​យូរឆ្នាំមកហើយ។ លោក​ក៏​មាន​ការធុញទ្រាន់ ហើយ​ចង់​លាឈប់​ដែរ។ ក៏ប៉ុន្តែ លោក​មិន​ចង់​ចុះចេញ​ពីតំណែង​ភ្លាមៗ​ពេលនេះ ព្រោះ​ខ្លាច​​អេហ្ស៊ីព្ទ​ត្រូវ​ធ្លាក់​ក្នុង​អាណាធិបតេយ្យ។

យោងតាម​កាសែត​ The New York Times ពេលនេះ រដ្ឋាភិបាល​របស់​លោក​អូបាម៉ា​កំពុង​តែ​ពិភាក្សា​ជាមួយ​មេទ័ព​អេហ្ស៊ីព្ទ ដើម្បី​​រកវិធី​ធ្វើ​យ៉ាងណា​ រុញ​​លោក​មូបារ៉ាក់​ឲ្យ​ចុះចេញ​ពីតំណែង ហើយ​ឲ្យ​លោក​ស៊ូលេម៉ាន់ អនុប្រធានាធិបតី ឡើង​កាន់តំណែង​ជា​ប្រធានាធិបតី​ស្តីទី រហូតដល់​ពេល​រៀបចំ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី។ គួរ​រំឭក​ឡើងវិញ​ថា អាមេរិក​មាន​ឥទ្ធិពល​លើ​អេហ្ស៊ីព្ទ ពីព្រោះ ក្នុងមួយឆ្នាំៗ អាមេរិក​ផ្តល់​ជំនួយ​ប្រមាណ ១ពាន់ ៥រយ​លាន​ដុល្លារ ទៅ​ឲ្យ​អេហ្ស៊ីព្ទ ភាគច្រើន​ជា​ជំនួយ​យោធា។

អាមេរិក​ក៏​បាន​ធ្វើការ​ថ្កោលទោស​រដ្ឋាភិបាល​អេហ្ស៊ីព្ទ​ផងដែរ ចំពោះ​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​អ្នក​កាសែត​បរទេស ក្នុងរយៈពេល ២ថ្ងៃ​កន្លង​ទៅនេះ។ អ្នក​កាសែត​​មក​ពី CNN, BBC, ABC, Alzazeera, New York Times, France 24 ព្រមទាំង​អ្នក​​កាសែត​បរទេស​ជាច្រើន​នាក់​ផ្សេងទៀត​ត្រូវ​ ទទួលរងការវាយប្រហារ​ពី​សំណាក់​បាតុករ ឬ​ត្រូវ​អាជ្ញាធរ​ចាប់ឃុំខ្លួន។ យោងតាម​រដ្ឋាភិបាល​អាមេរិក ការ​វាយប្រហារ​លើ​អ្នក​កាសែត​បរទេស គឺ​ជា​ទង្វើ​ ដែល​មាន​ការ​រៀបចំ​ចាត់ចែង​ច្បាស់លាស់ ហើយ​ទំនង​ជា​​ផែនការ​របស់​ក្រសួង​មហាផ្ទៃ​អេហ្ស៊ីព្ទ​ផ្ទាល់​តែម្តង។

រដ្ឋាភិបាល​មកពីប្រទេស​ផ្សេងទៀត រួមមាន បារាំង អង់គ្លេស រុស្ស៊ី មន្រ្តី​សហភាព​អឺរ៉ុប និង​អ.ស.ប. សុទ្ធតែ​បាន​ធ្វើ​ការ​ថ្កោលទោស​ចំពោះ​ការ​វាយប្រហារ​លើ​អ្នក​កាសែត​បរទេស​ ទាំងនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ