អានតួអត្ថបទ
អេហ្ស៊ីព្ទ

ក្រុម​អ្នកគាំទ្រ​លោក​មូបារ៉ាក់​ចេញ​មុខ​វាយប្រហារ​មក​លើ​ក្រុម​ប្រឆាំង

ចាប់​តាំងពី​ជាង​មួយ​សប្តាហ៍​មកហើយ គេ​ឃើញ​មានតែ​ក្រុម​បាតុករ ធ្វើការ​តវ៉ា​ឲ្យ​លោក​ប្រធានាធិបតី​អេហ្ស៊ីព្ទ​ចុះចេញ​ពីតំណែង។ ប៉ុន្តែ នៅព្រឹក​ថ្ងៃ​ពុធ ទី ២ កុម្ភៈ ស្រាប់តែ ប្រជាជន​មួយ​ក្រុមទៀត បាន​ចេញ​មុខ​មក ការពារ​គាំទ្រ លោក អូស្នី មូបារ៉ាក់ រហូត​​ប៉ះទង្គិចនឹង​ក្រុមអ្នកប្រឆាំង។ អំពើហិង្សាជាថ្មី តាំងពី​យប់​​ថ្ងៃ​ពុធ រហូត​មកដល់​ម៉ោង​៤ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ៣​កុម្ភៈ បាន​សម្លាប់ មនុស្ស​យ៉ាងតិច ៥​នាក់ និង​របួស​ជាង ៨០០​នាក់។

ប៉ូលិស​ទប់​ក្រុម​គាំទ្រ​​លោក​មូបារ៉ាក់​ មិន​ឲ្យ​ចូល​ទៅ​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​ប្រឆាំង​​នៅ​ទីលាន​សេរីភាព នៅ​ថ្ងៃ​ទី ៣​កុម្ភៈ ២០១០១
ប៉ូលិស​ទប់​ក្រុម​គាំទ្រ​​លោក​មូបារ៉ាក់​ មិន​ឲ្យ​ចូល​ទៅ​ប៉ះ​ទង្គិច​ជាមួយ​ក្រុម​ប្រឆាំង​​នៅ​ទីលាន​សេរីភាព នៅ​ថ្ងៃ​ទី ៣​កុម្ភៈ ២០១០១ REUTERS/Yannis Behrakis
ផ្សាយពាណិជ្ជកម្ម

08:35

ការពន្យល់​​របស់​ឈាង បុប្ផា

ឈាង បុប្ផា

អ្នកដែល​ចេញមុខ​គាំទ្រ​លោក​មូបារ៉ាក់​មាន​ច្រើន​ប្រភេទ។ ពួកគេ​អាចជា​ប្រជាជន​ធម្មតា ឬ​ជា​មន្ត្រីរដ្ឋការ​ដែល​បម្រើការ​ឲ្យ​របប​លោក​មូបារ៉ាក់។ មន្រ្តីរដ្ឋការ​ដែល​ខ្លាច​បាត់បង់​ប្រយោជន៍ នៅ​ពេល​លោក​មូបារ៉ាក់ ធ្លាក់​តំណែង បាន​ចេញមុខ​គាំទ្រ​លោក​មូបារ៉ាក់។ អ្នក​មួយ​ចំនួន​ផ្សេងទៀត ​ត្រូវ​គេ​សង្កេតឃើញ​ថា ជា​អ្នកដែល​រកស៊ី ខាតបង់ ដោយសារ​បាត់ភ្ញៀវទេសចរ ក្នុង​ពេល​មាន​បាតុកម្ម​នៅ​ទីក្រុង​គែរ។

អ្នកដែល​ប៉ះពាល់​ដោយ​ផ្ទាល់​ដូចក្រុម​អ្នករកស៊ី​មាន​តិចតួច។ ប៉ុន្តែ បើតាម​អ្នកកាសែត និង​បាតុករ​ប្រឆាំង​លោក​មូបារ៉ាក់ ដែល​នៅ​នឹង​កន្លែង​កើតហេតុ ក្រុមអ្នកគាំទ្រ​លោក​មូបារ៉ាក់ ដែល​ចេញមុខ​ថ្មី ជា​មនុស្ស​ដែល​​លោក​មូបារ៉ាក់​បាន​ជួល ​ឲ្យ​មក​ធ្វើការ​ប្រឆាំង​ទប់​នឹង​បាតុករ​ដែល​កំពុង​ធ្វើការ​តវ៉ា​ដោយ​សន្តិភាព​កន្លងមក។

អ្នកកាសែត​របស់​Newyork Time បាន​ស្រង់សម្តី​របស់​បាតុករ​​គាំទ្រ​លោក​មូបារ៉ាក់ ដែល​និយាយ​ថា ពួកគេ​បានទទួល​លុយ ៥០ Livres គឺ​តិច​ជាង ៨,៥​ដុល្លារ​ម្នាក់ ដើម្បី​ធ្វើ​បាតុកម្ម​គាំទ្រ​លោក​មូបារ៉ាក់។ ចំណែក​ក្រុមបាតុករប្រឆាំង​ខ្លះ​និយាយ​ថា ពួកអ្នកគាំទ្រ​លោក​មូបារ៉ាក់ សុទ្ធ​ជា​ពួក​យូកូង ជនពាល ឬ​ជាពួកអ្នកទោស​ដែល​ពួកគេ​បាន​ប្រើ​ឲ្យ​មក​បង្រ្កាប​ក្រុម​បាតុករ។ ពួកទាំងនេះមាន​កាន់កាំបិត ប្រើ​ដំបងឈើ និង​ដែក​វាយសំពង​លើ​ក្រុមអ្នកប្រឆាំង។ ជាពិសេស​ទៅទៀត ក្រុមបាតុក​ប្រឆាំង​បាន​ចោទ​ថា មាន​ពួកប៉ូលិស​ស្លៀកពាក់​ស៊ីវិល​បាន​បង្កប់ខ្លួន និង​ចូលជាមួយ​ក្រុមគាំទ្រ​លោក​មូបារ៉ាក់។ ក្រុមអ្នកប្រឆាំង​និយាយ​ថា មាន​គ្រាប់​កាំភ្លើង​មែនទែន​ជា​ច្រើន​គ្រាប់​ត្រូវ​គេ​បាញ់ចេញ​ពីខាង​ក្រុមលោក​មូបារ៉ាក់ សំដៅ​ទៅលើ​បាតុករ​ប្រឆាំង រហូត​ធ្វើ​ឲ្យ​មនុស្ស​របួស​ជាច្រើននាក់។

ទាហាន​អេហ្ស៊ីព្ទ​បាន​ធ្វើតាមការ​សន្យា។ ពួកគេ​មិន​ធ្វើការ​បាញ់ទៅ​លើ​ក្រុមបាតុករ ដែល​ប្រឆាំង​នឹង​លោក​មូបារ៉ាក់​ទេ។ ទាហាន​បាន​ពង្រាយ​រថពាសដែក នៅ​ជិត​ទីលានសេរីភាព ដើម្បី​ការពារ​បាតុករ។ ប៉ុន្តែ នៅក្រោយពី​ប្រធានាធិបតី​មូបារ៉ាក់​ប្រកាសថា លោក​នឹង​មិន​ឈរឈ្មោះ​ជា​ប្រធានាធិបតី​នៅ​អាណត្តិក្រោយ ប៉ុន្តែ លោកនឹង​ស្ថិតនៅ​ជា​ប្រធានាធិបតី​រហូត​ដល់​ចប់​អាណត្តិ​របស់​លោក ក្រុមទាហាន​យល់ថា ជា​រឿង​មួយ​ដ៏សមរម្យ លោក​មូបារ៉ាក់​គួរ​តែ​អាច​នៅ​កាន់តំណែង​រហូត​ដល់​ខែ​កញ្ញា​នេះ។ ដូច្នេះ ហើយ នៅ​ពេល​ក្រុមបាតុករ​គាំទ្រ​លោក​មូបារ៉ាក់​ចេញមុខ ធ្វើ​បាតុកម្ម និង​សំដៅ​ទីលាន​សេរីភាព គេ​សង្កេត​ឃើញ​ថា ទាហាន​ហាក់​ដូចជា​បន្ធូរដៃ ដោយ​បើកផ្លូវ ដក​រថពាសដែក ដែល​ធ្លាប់​តែ​ជារនាំង​បាំងផ្លូវ និង​ឈរ​មើល​ពួក​បាតុករ​ទាំងពីរ​ក្រុម​គប់ដុំថ្ម​ទៅ​លើ​គ្នា​ទៅមក។

ចាប់ពី​ម៉ោង​៦ ព្រឹកថ្ងៃ​ព្រហស្បតិ៍ នៅក្រោយ​អំពើហិង្សា​ដែល​កាន់តែ​រីកធំឡើងៗ (​មនុស្ស​ស្លាប់​៥​នាក់ ដោយ​​មាន​ម្នាក់ទៀត ទាហាន) ទាហាន​បាន​​ចាប់ផ្តើម​ចេញ​ប្រតិបត្តិការ​ចាប់​មនុស្ស ជាពិសេស​គឺ​ក្រុមអ្នកគាំទ្រ​លោក​មូបារ៉ាក់ ដែល​គេ​សង្ស័យ​ថា ជា​អ្នកបង្កអំពើហិង្សា និង​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ។ នាយករដ្ឋមន្រ្តី​អេហ្ស៊ីព្ទ​ដែល​បាន​អំពាវនាវ​ឲ្យ​ក្រុមបាតុករ​បំបែកផ្លូវ ទៅ​ផ្ទះ បាន​ចេញមុខ​នៅ​ថ្ងៃ​នេះ សូមទោស និង​សន្យា​ស្រាវជ្រាវ​រក​មុខ​អ្នកនៅពីក្រោយ​អំពើ​ហិង្សា​លើកនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ