អានតួអត្ថបទ
លីប៊ី

នៅបេនហ្កាហ្ស៊ី ​ក្រុមអ្នកបះបោរ​លីប៊ី​គ្រោងស្នើឲ្យមាន​ការឈប់បាញ់គ្នា​ដោយមាន​លក្ខខណ្ឌ​

កាលពី​ថ្ងៃសុក្រ​ទី១​មេសា​ឆ្នាំ២០១១​ ​ បេសកជន​ពិសេស​នៃ​អ ស ប ​ជាលើក​ទីពីរ​បាន​អញ្ជើញ​ទៅ​ទីក្រុង​បេនហ្កាហ្ស៊ី​ដែល​ជា​ដែនអំណាច​នៃ​ក្រុម ​អ្នកបះបោរ​នៅ​ប្រទេស​លីប៊ី។​ បេសកជន​ពិសេស​នៃ​អ ស ប ​បាន​ជួប​ពិភាក្សា​ជាមួយ​លោក​Moustapha Abdeljalil ប្រមុខ​ដឹកនាំ​នៃ​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល។​ នៅពេល​ទន្ទឹមគ្នា​នោះ​ ការវាយ​ប្រហារ​គ្នា​យ៉ាង​ខ្លាំងក្លា​បាន​កើតមាន​នៅ​ជិត​មជ្ឈមណ្ឌល​ប្រេងកាត​ នៅ​ទីក្រុង​ប្រេហ្កា​ដែល​ឋិតនៅ​ចម្ងាយ​ប្រមាណ​៨០០គ,ម​ពី​ទីក្រុង​ទ្រីប៉ូលី។

លោក ​Moustapha Abdeljalil ​ប្រមុខ​ដឹកនាំ​​នៃ​ក្រុម​ប្រឹក្សា​ជាតិ​​អន្តរកាល​
លោក ​Moustapha Abdeljalil ​ប្រមុខ​ដឹកនាំ​​នៃ​ក្រុម​ប្រឹក្សា​ជាតិ​​អន្តរកាល​ ©​ REUTERS/Suhaib Salem
ផ្សាយពាណិជ្ជកម្ម

01:50

សេចក្តីរាយការណ៍របស់​ សៀក សារិន

បេសកជន​ពិសេស​នៃ​អ ស ប ​បាន​ចំណាយ​ពេល​មួយថ្ងៃ​ពេញ​នៅ​ទីក្រុង​បេនហ្កាហ្ស៊ី​ដើម្បី​ធ្វើការ​ចរចា​ពី​ “បញ្ហា​ផ្តល់​ជំនួយ​មនុស្សធម៌​” និង​ “​ការឈប់​បាញ់គ្នា​”​ឲ្យ​មាន​ប្រសិទ្ធិភាព។

 
ក៏​ដូចគ្នា​អ៊ីចឹងដែរ​សម្រាប់​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​ដែល​ចង់​សម្រេច​ឲ្យ​បាន​នូវ​“​ការឈប់​បាញ់គ្នា​”​រវាង​កងកម្លាំង​របស់​កាដាហ្វ៊ី​និង​ក្រុម​អ្នក​បះបោរ​​  ក៏​ប៉ុន្តែ​ដោយ​មាន​លក្ខខណ្ឌ​ដូច​បាន​ថ្លែង​បញ្ជាក់​តាម​រយៈ​វិទ្យុ​បារាំង​អន្តរជាតិ​RFI  ដោយ​លោក​Moustapha Abdeljalil ប្រមុខ​ដឹកនាំ​នៃ​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​ថា៖

“​ក្រុម​យុទ្ធជន​របស់​កាដាហ្វី​ត្រូវតែ​ដកខ្លួនចេញ​ ដូចគ្នា​អ៊ីចឹងដែរ​សម្រាប់​អ្នក​បាញ់​ជើងឆើត​របស់​កាដាហ្វ៊ី​ដែល​ពួន​លាក់​ខ្លួន​នៅ​តាម​ដំបូល​ផ្ទះ​នៅ​ក្រុង​ទ្រីប៉ូលី​និង​នៅតាម​ទីក្រុង​ដទៃ​ទៀត​ ​ ហើយ​ត្រូវ​តែ​គោរព​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​​ក្នុង​ការ​បញ្ចេញមតិ។​ ការចាកចេញ​ពី​រដ្ឋអំណាច​ដោយ​កាដាហ្វ៊ី​និង​ក្រុមគ្រួសារ​គឺ​ជា​ការមួយ​ដែលគេ​ពុំអាច​ចរចា​បាន​ឡើយ។​ ក្រោយ​​​ពី​មាន​ទង្វើ​របស់​កាដាហ្វ៊ី​ទៅលើ​ប្រជាជន​លីប៊ី​ ​ កាដាហ្វ៊ី​ពុំ​អាច​នៅ​ប្រទេស​លីប៊ី​បាន​ទៀតឡើយ។”

គោលបំណង​ចុងក្រោយ​របស់​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​គឺ​នៅដដែល​គ្មាន​អ្វី​ប្រែប្រួល​ឡើយ។​ ក៏​ប៉ុន្តែ​ ក្រុមអ្នក​បះបោរ​លីប៊ី​ខ្វះ​អ្នក​ជំនាញការ​ខាងយោធា​និង​ខ្វះ​សព្វាវុធ។​ ហេតុ​ដូច្នេះហើយ​ ​ បាន​ជា​លោក​Moustapha Abdeljalil ​ប្រមុខ​ដឹកនាំ​នៃ​ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​រំពឹង​ទៅលើ​ប្រទេស​សមាជិក​នៃ​កងកម្លាំង​សម្ព័ន្ធភាព។

សូម​បញ្ជាក់ថា​ ​ អាវុធ​ដែល​ប្រដាប់​ដោយ​យុទ្ធជន​នៃ​ក្រុម​អ្នកបះបោរ​លីប៊ី​ភាគច្រើន​ជា​អាវុធ​ធុន​ស្រាល​ ​ ក្រុមប្រឹក្សា​ជាតិ​អន្តរកាល​រំពឹង​ទៅលើ​អាវុធ​ទំនើបៗ​ដែល​នឹង​អាច​ផ្តល់​ឲ្យ​ដោយ​ប្រទេស​សមាជិក​នៃ​កងកម្លាំង​សម្ព័ន្ធភាព។​ ប៉ុន្តែ​នៅ​មាន​បញ្ហា​មួយ​ដែល​ត្រូវ​ដោះស្រាយ​គឺ​យុទ្ធជន​នៃ​ក្រុម​អ្នកបះបោរ​លីប៊ី​ភាគច្រើន​ជា​ជនស៊ីវិល​ពុំ​ដែល​កាន់​កាំភ្លើង​ធ្វើសង្គ្រាម​សោះឡើយ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ