អានតួអត្ថបទ
លីប៊ី

លីប៊ី៖ អូបាម៉ា​អនុញ្ញាត​ឲ្យ​សេ.អ៊ី.អា​ជួយ​កងកម្លាំង​បដិវត្តន៍​ដោយ​សម្ងាត់

លោក​អូបាម៉ា​បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ​អនុញ្ញាត​ឲ្យ​ទីភ្នាក់ងារ ​ស៊ើបការ​សម្ងាត់​​អាមេរិក (CIA) ជួយ​កងកម្លាំង​បដិវត្តន៍​លីប៊ី​ដោយ​សម្ងាត់។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​​រ៉យទ័រ (Reuters) និង​ញូយ៉ក​ថៃមស៍ (The New York Times)។ ក្នុងពេល​ជាមួយ​គ្នា​នេះ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ និង​ជា​អតីត​នាយក​ទីភ្នាក់ងារ​ចារកិច្ច​លីប៊ី ទើប​នឹង​បាន​ផ្តាច់ខ្លួន​ពីលោក​កាដាហ្វ៊ី ហើយ​រត់ភៀសខ្លួន​ទៅ​កាន់ប្រទេស​អង់គ្លេស។

កងកម្លាំង​បដិវត្តន៍​លីប៊ី​​កំពុង​រៀបចំ​ដឹក​អាវុធ​ពី​ព្រំដែន​​អេហ្ស៊ីប
កងកម្លាំង​បដិវត្តន៍​លីប៊ី​​កំពុង​រៀបចំ​ដឹក​អាវុធ​ពី​ព្រំដែន​​អេហ្ស៊ីប ©AFP/Patrick Baz
ផ្សាយពាណិជ្ជកម្ម

02:16

សេចក្តីរាយការណ៍​របស់ សេង ឌីណា

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ ដែល​ដកស្រង់​សម្តី​មន្រ្តី​ជាន់ខ្ពស់​អាមេរិក ក្រឹត្យ​ស្តី​ពី​បេសកកម្ម​សម្ងាត់​នៅលីប៊ី ត្រូវ​បាន​លោក​អូបាម៉ា​ចុះហត្ថលេខា ក្នុង​អំឡុង ២ ឬ​៣​សប្តាហ៍​កន្លងទៅនេះ។ នេះ​មានន័យថា ទីភ្នាក់ងារ​ចារកិច្ច​អាមេរិក​ទទួល​បាន​​​ការ​អនុញ្ញាត​តាម​ផ្លូវច្បាប់ ដើម្បី​​ធ្វើ​ប្រតិបត្តិការ​សម្ងាត់​នៅលីប៊ី ក៏ប៉ុន្តែ មិនប្រាកដ​ថា ប្រតិបត្តិការ​សម្ងាត់​នោះ​បាន​ចាប់ផ្តើម​ហើយ​នោះទេ។

​កាសែត​ The New York Times វិញ ដែល​បាន​ដកស្រង់​ប្រភព​ពី​មន្រ្តី​ជាន់​ខ្ពស់​អាមេរិក​ដែរ​នោះ បាន​ផ្សាយ​​ កាលពី​ថ្ងៃ​ពុធ ម្សិលមិញ​ថា ភ្នាក់ងារ​សេ.អ៊ី.អា​ ត្រូវ​បាន​បញ្ជូន​ចូល​ទៅ​ក្នុង​ប្រទេស​លីប៊ី តាំង​ពី​ពីរ-បី​សប្តាហ៍​មុន​ម៉្លេះ។ ភ្នាក់ងារ​ចារកម្ម​ MI6 របស់​អង់គ្លេស ជាច្រើន​នាក់ ក៏​កំពុង​តែ​ស្ថិត​ក្នុង​ប្រទេស​លីប៊ី​ដែរ នៅពេលនេះ។

ភ្នាក់ងារ​ចារកម្ម​ទាំងនោះ​​ហើយ​ ដែល​ជា​អ្នក​​ផ្តល់​ព័ត៌មាន​អំពី​ទីតាំង​រ៉ាដា បន្ទាយយោធា និង​​ទីតាំង​រថក្រោះ​របស់​កងកម្លាំង​របស់​លោក​កាដាហ្វ៊ី ដើម្បី​ឲ្យ​កងទ័ព​សម្ព័ន្ធមិត្ត​ធ្វើការ​វាយប្រហារ​តាម​អាកាស និង​ដោយ​មីស៊ីល នាពេល​កន្លងទៅនេះ។ ក្រៅពីនេះ ភ្នាក់ងារ​ចារកម្ម​អាមេរិក និង​អង់គ្លេស មាន​បេសកកម្ម​​ស្វែងរក​ព័ត៌មាន​អំពី​ថ្នាក់ដឹកនាំ​របស់​កងកម្លាំង​បដិវត្តន៍​លីប៊ិ ដើម្បី​បញ្ជាក់ថា តើ​ពួកគេ​​មាន​ពាក់ព័ន្ធ​នឹង​​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​​ដែរ​ឬទេ?

រហូតមកទល់ពេលនេះ ទាំងមន្រ្តី​សេតវិមាន និង​មន្រ្តី​សេ.អ៊ី.អា សុទ្ធតែ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំងអស់​ ជុំវិញ​ការ​ចុះផ្សាយ​របស់​​រ៉យទ័រ និង​ The New York Times នេះ។

កាលពី​ល្ងាច​ថ្ងៃ​ពុធ ម្សិលមិញ​នេះ លោក​មូសា គូសា (Moussa Kousa) រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​លីប៊ី​បាន​​ផ្តាច់ខ្លួន​ចេញ​ពី​លោក​កាដាហ្វ៊ី ហើយ​បាន​រត់ភៀសខ្លួន​ទៅកាន់​ប្រទេស​អង់គ្លេស។ លោក​មូសា គូសា គឺ​ជា​មន្រ្តី​ដ៏​ជំនិត​ម្នាក់​របស់​លោក​កាដាហ្វ៊ី ហើយ​ធ្លាប់​ធ្វើ​ជា​នាយក​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់​របស់​លីប៊ី អស់រយៈពេល​ ១៥ឆ្នាំ។ ទីភ្នាក់ងារ​ចារកម្ម​អង់គ្លេស​​រំពឹង​ថា លោក​មូសា គូសា អាច​នឹង​ផ្តល់​ព័ត៌មាន​សម្ងាត់​ជាច្រើន​ ដើម្បី​ប្រើប្រាស់​ក្នុងការ​ទម្លាក់​លោក​កាដាហ្វ៊ី​ពី​អំណាច។

នៅពេលនេះ រដ្ឋាភិបាល​អាមេរិក បារាំង និង​អង់គ្លេស កំពុង​តែ​គិតគូរ​អំពី​លទ្ធភាព​ផ្តល់​អាវុធ​ទៅ​ឲ្យ​ក្រុម​បដិវត្តន៍លីប៊ី ដើម្បី​ប្រយុទ្ធ​ទល់នឹង​កងទ័ព​របស់​លោក​កាដាហ្វ៊ី។ នាយករដ្ឋមន្រ្តី​អង់គ្លេស ដែល​កន្លងមក​ហាក់ដូចជា​រារែកនោះ បាន​ថ្លែង​ប្រាប់​សភា​អង់គ្លេស​ថា កាល​ពី​ម្សិលមិញ​ថា ការផ្តល់​អាវុធ​ទៅ​ឲ្យ​កងកម្លាំង​បដិវត្តន៍​លីប៊ី គឺ​ជា​លទ្ធភាព​មួយ ដែល​រដ្ឋាភិបាល​អង់គ្លេស​កំពុង​តែ​ពិចារណា។

លោក​អូបាម៉ាវិញ នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ ABC កាល​ពី​ម្សិលមិញ​ បាន​បញ្ជាក់ថា ការផ្តល់​អាវុធ​ទៅ​ឲ្យ​ក្រុមបដិវត្តន៍​លីប៊ី គឺ​ជា​ជម្រើស​មួយ ដែល​លោក​មិន​បដិសេធ​ចោល ក៏ប៉ុន្តែ លោក​ក៏មិនទាន់​សម្រេច​អ្វី​នៅឡើយដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ