អានតួអត្ថបទ
លីប៊ី

កូន​ប្រុស​​លោក​កាដាហ្វី​លើក​ឡើង​អំពី​ការ​ចាកចេញ​ទៅ​​ជាយថាហេតុ​នៃ​ឳពុក​ខ្លួន​

យ៉ាង​តិច​ មាន​កូន​ប្រុស​ពីរ​នាក់​របស់​មេ​ដឹកនាំ​ប្រទេស​លីប៊ី​គឺ​លោក​វរសេនីយឯក​ កាដាហ្វី​ស្នើ​ឱ្យ​មាន​សម័យ​អន្តរកាល​មួយ​ឆ្ពោះ​ទៅ​រក​របប​ប្រជាធិបតេយ្យ​ អាស្រ័យ​រដ្ឋធម្មនុញ្ញ​ដែល​ប្រមើល​ទុក​ការដក​ខ្លួន​ចាក​ចេញ​ពី​រដ្ឋ​អំណាច​ នៃ​ឳពុក​របស់​គេ​ទាំង​ពីរ​នាក់​ ​ -នេះ​បើ​យោង​តាម​ទិនានុប្បវត្តិ​អាមេរិកាំង​ New​ York​ Times​ ឱ្យ​ដឹង​នៅ​ល្ងាច​មិញ​ថ្ងៃ​អាទិត្យ​៣មេសា។

មេដឹកនាំប្រទេស​ លីប៊ី លោក វរសេនីយឯក កាដាហ្វី
មេដឹកនាំប្រទេស​ លីប៊ី លោក វរសេនីយឯក កាដាហ្វី © Reuters
ផ្សាយពាណិជ្ជកម្ម

 

01:38

សេចក្តីរាយការណ៍​របស់ វីនស្តុន រតនា

យោង​តាម​សំដី​អ្នក​ការទូត​ម្នាក់​មិន​បញ្ចេញ​ឈ្មោះ​និង​អ្នក​ធំ​លីប៊ី​ម្នាក់​ដែល​ដឹង​អំពី​គម្រោងការ​ ​ ​ ទិនានុប្បវត្តិ​អាមេរិកាំង​New​ York​ Times​ បញ្ជាក់​ប្រាប់​ថា​ សម័យ​អន្តរកាល​នឹង​ត្រូវ​ដឹក​នាំ​ដោយ​​​កូន​ប្រុស​ម្នាក់​របស់​លោក​កាដាហ្វី​ឈ្មោះ​ Seif​ al-Islam​ el-Kadhafi​។

កាសែត​New​ York​ Times​ ពុំ​បាន​បញ្ជាក់​ប្រាប់​ទេ​ថា​ តើ​លោក​វរសេនីយ​ឯក​កាដាហ្វី​ដែល​មាន​អាយុ​៦៨ឆ្នាំ​ព្រម​ទទួល​យក​ឬ​ទេ​?​សំណើ​នេះ​ដែល​គាំទ្រ​ដោយ​កូន​ប្រុស​ពីរ​នាក់​របស់​គាត់​គឺ​លោក​Seif​និង​លោក​Saadi​ el –Kadhafi​ ។​ប៉ុន្តែ​ ជន​ម្នាក់​ដែល​ជិត​ដិត​នឹង​កូន​ប្រុស​របស់​គាត់​ បាន​បញ្ជាក់​ប្រាប់​ថា​ ឳពុក​ទំនង​ជា​យល់​ព្រម​។

កូន​ប្រុស​ទាំង​ពីរ​”​ ចង់​ជឿន​លឿន​ទៅ​មុខ​ ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​ផ្លាស់​ប្តូរ​មុខមាត់​ “​ ដោយ​​គ្មាន​ឳពុក​របស់​ខ្លួន​ -យោង​តាម​សំដី​របស់​ជន​ម្នាក់​ដែល​ជិត​ដិត​នឹង​កូន​ប្រុស​Seif​ហើយ​និង​កូន​ប្រុស​Saadi​។​ស្រប​តាម​កាសែត​New​ York​ Times​ សំណើ​ឱ្យ​មាន​សម័យ​អន្តរកាល​មួយ​អាច​សំដែង​ឱ្យ​ឃើញ​ការខ្វែង​គំនិត​គ្នា​មាន​ជា​យូរ​មក​ហើយ​រវាង​កូន​ប្រុស​របស់​លោក​កាដាហ្វី​។

នៅ​ពេល​ដែល​កូន​ប្រុស​Seif​និង​Saadi​ បាន​ទទួល​ការអប់រំ​នៅ​សាលា​លោក​ខាង​លិច​ ​ ​ កូន​ប្រុស​ពីរ​នាក់​ទៀត​របស់លោក​កាដាហ្វី​គឺ​លោក​Khamis​និង​Mutuassim​ត្រូវ​គេ​ចាត់​ទុក​ជា​បក្សព័ន្ធ​នៃ​ខ្សែ​បន្ទាត់​នយោបាយ​តឹងរ៉ឹង​។

លោក​Khamis​ Kadhafi​ ធ្វើ​ជា​មេកើយ​នៃ​កង​សេនាជន​រក្សា​ការពារ​សមាជិក​រដ្ឋាភិបាល​។​ចំណែក​ឯ​លោក​Mutuassim​វិញ​ ធ្វើ​ជា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ ដោយ​ត្រូវ​គេ​ចាត់​ទុក​ជា​គូ​ប្រជែង​របស់​លោក​Seif​ ដើម្បី​ស្នង​មុខ​តំណែង​បន្ត​ពី​ឳពុក​ខ្លួន​ ​ -នេះ​បើ​យោង​តាម​កាសែត​New​ York​ Times​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ