អានតួអត្ថបទ
លីប៊ី

ការវាយប្រហារ​ជាលើកទីមួយ​នៃកងកម្លាំង​សម្ព័ន្ធភាព​លោកខាងលិច​ទៅលើប្រទេស​លីប៊ី​

កងកម្លាំង​សម្ព័ន្ធភាព​នៃ​ប្រទេស​លោកខាងលិច​ទាំងប្រាំ​បាន​ចាប់ផ្តើម​ ធ្វើការ​វាយ​ប្រហារ​ជាលើក​ទីមួយ​កាលពី​ថ្ងៃសៅរ៍​ម្សិលមិញ​ទៅលើ​ប្រទេស​លីប៊ី ​ដោយបាន​បាញ់​កាំជ្រួច​មីស្ស៊ីល​និង​ទម្លាក់​គ្រាប់បែក​ទៅលើ​ទីតាំង​យោធា​ លីប៊ី​សំខាន់ៗ​ ​ ដើម្បី​បង្ខំ​ឲ្យ​មូអាម៉ារ​កាដាហ្វី​បញ្ឈប់​ការ​វាយប្រហារ​ទៅលើ​ប្រជាពលរដ្ឋ ​ស្លូតត្រង់​របស់​ខ្លួន។  

យន្តហោះ​ប្រដេញ​​បារាំង​ Mirage​ រៀបចំ​​​ទៅទម្លាក់​គ្រាប់បែក​នៅ​​ប្រទេស​​លីប៊ី​
យន្តហោះ​ប្រដេញ​​បារាំង​ Mirage​ រៀបចំ​​​ទៅទម្លាក់​គ្រាប់បែក​នៅ​​ប្រទេស​​លីប៊ី​ © REUTERS/Anthony Jeuland
ផ្សាយពាណិជ្ជកម្ម

03:18

សេចក្តីរាយការណ៍របស់​ សៀក សារិន

កងកម្លាំង​សម្ព័ន្ធភាព​នៃ​ប្រទេស​លោកខាងលិច​ទាំងប្រាំ​ដែល​ក្នុងនោះ​មាន៖​ ប្រទេសបារាំង​ ​ ប្រទេស​អង់គ្លេស​ ​ សហរដ្ឋ​អាមេរិក​ ​ ប្រទេស​អ៊ីតាលី​ ​ និង​ប្រទេស​កាណាដា​បាន​រួបរួម​គ្នា​ធ្វើ​អន្តរាគមន៍​យោធា​មួយ​ដ៏​ធំធេង​ទៅលើ​ប្រទេស​លីប៊ី។​ អន្តរាគមន៍​យោធា​របស់​កងកម្លាំង​សម្ព័ន្ធភាព​នៃ​ប្រទេស​លោកខាងលិច​ទៅលើ​ប្រទេស​លីប៊ី​នេះ​ ជា​អន្តរាគមន៍​យោធា​ដ៏​ធំធេង​ពុំ​ដែល​កើតមាន​នៅ​ក្នុង​ពិភព​អារ៉ាប់​ចាប់តាំង​ពី​មាន​អន្តរាគមន៍​យោធា​នៅ​ប្រទេស​អ៊ីរ៉ាក់​នៅ​ឆ្នាំ២០០៣មក។​ ប្រទេស​កាតា​ដែល​ជា​ប្រទេស​អារ៉ាប់​ឋិតនៅ​តំបន់​ឈូង​សមុទ្រ​ពែសឹ៍​ក៏​បាន​សន្យា​ថា​ ​ នឹង​ចូល​រួបរួម​ជាមួយ​ធ្វើ​អន្តរាគមន៍​ជាមួយ​កងកម្លាំង​សម្ព័ន្ធភាព​នៃ​ប្រទេស​លោក​ខាងលិច។

 
កម្មវត្ថុ​នៃ​អន្តរាគមន៍​យោធា​របស់​​កងកម្លាំង​សម្ព័ន្ធភាព​នៃ​ប្រទេស​លោកខាងលិច​នេះ​គឺ៖
ទី១-​អនុវត្តន៍​សេចក្តី​សម្រេចចិត្ត​១៩៧៣​អនុម័ត​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ។
ទី២-​បង្កើត​តំបន់​​មួយ​​ដែល​ដាក់​​ឲ្យ​ឋិត​​នៅ​​ក្រោម​​ “​ការ​ហាម​ឃាត់​ពុំ​​ឲ្យ​​មាន​​យន្តហោះ​​ហោះហើរ”​​។
ទី៣-​ដាក់​ល័ក្ខខ័ណ្ឌ​ឲ្យ​ឈប់​បាញ់គ្នា។

ប៉ុន្មាន​ម៉ោង​ក្រោយពី​ជំនួប​កំពូល​នៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃសៅរ៍​ម្សិលមិញ​បាន​បិទបញ្ជប់​ ​ កងកម្លាំង​អាកាស​បារាំង​បាន​ធ្វើ​ការ​វាយប្រហារ​ភ្លាម​ទៅលើ​ប្រទេស​លីប៊ី។​ ជំនួប​កំពូល​នៅ​ទីក្រុង​ប៉ារីស​ដែល​មាន​អ្នកដឹកនាំ​២២ប្រទេស​ ​ អង្គការ​សហប្រជាជាតិ​ ​ សហភាព​អឺរ៉ុប​ ​ ហើយនិង​អង្គការ​សម្ព័ន្ធភាព​អារ៉ាប់​មក​ចូលរួម។

គួរកត់​សម្គាល់ថា​ ​ យន្តហោះ​ប្រដេញ​បារាំង​ម្ភៃ​ប្លាយ​គ្រឿង​បាន​ចូលរួម​បេសកកម្ម​យោធា​នេះ​ ​ ដោយបាន​ហោះ​ទៅ​ទម្លាក់​គ្រាប់បែក​នៅ​ម្តុំ​ទីក្រុង​បេនហ្កាហ្ស៊ី​ ​ ដោយបាន​កំទេច​រថក្រោះ​ជាច្រើន​គ្រឿង​របស់​កងកម្លាំង​ស្មោះស្ម័គ្រ​នឹង​មូអាម៉ារ​កាដាហ្វី។

ហើយ​ចាប់ពី​ម៉ោង១៩​ម៉ោងសកល​ ​ នាវា​ចម្បាំង​និង​នាវា​មុជទឹក​នៃ​កងកម្លាំង​យោធា​អង់គ្លេស​និង​អាមេរិកាំង​បាន​បាញ់​កាំជ្រួច​មីស្ស៊ីល​Tomahawk​ជាង​១១០​ដើម​ទៅលើ​ទីតាំង​សំខាន់ៗ​នៃ​កងកម្លាំង​យោធា​ការពារ​ដែន​អាកាស​របស់​កាដាហ្វី​ ​ ដោយបាន​ធ្វើឲ្យ​មាន​ការខូចខាត​យ៉ាង​ដំណំ។​ នេះ​បើយោងតាម​អ្នកទទួល​ខុស​ត្រូវ​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិកាំង។

ចំណែកឯ​លោក​ប្រធានាធិបតី​បារាំង​នីកូឡា​សាកូហ្ស៊ី​វិញ​បាន​ថ្លែង​គូស​បញ្ជាក់ថា​ ​ “​ច្រកទ្វារ​នៃ​វិស័យ​ការទូត​នឹង​បើកចំហ​ឡើងវិញ​ ​ នៅខណៈពេល​ដែល​មូអាម៉ារ​កាដាហ្វី​បញ្ឈប់​ទង្វើ​ឈ្លានពាន​របស់​ខ្លួន”​។

ដូច្នេះ​​ តើ​កាដាហ្វី​មាន​ប្រតិកម្ម​យ៉ាង​ដូចម្តេច​ដែរ​នៅ​ចំពោះមុខ​អន្តរាគមន៍​យោធា​នៃ​កងកម្លាំង​សម្ព័ន្ធភាព​នៃ​ប្រទេស​លោកខាងលិច​ទាំងប្រាំ?

មេដឹកនាំ​ផ្តាច់ការ​លីប៊ី​មូអាម៉ារ​កាដាហ្វី​ដែល​បាន​វាយ​ប្រហារ​និង​វាយ​បង្ក្រាប​ប្រជាពលរដ្ឋ​លីប៊ី​បះបោរ​នៅ​ប៉ែកខាងកើត​នៃ​ប្រទេស​កាលពី​​១ខែមុន​បានថ្លែង​ថា​ ​ "​អន្តរាគមន៍​យោធា​នៃ​កងកម្លាំង​សម្ព័ន្ធភាព​នៃ​ប្រទេស​លោកខាងលិច​គឺជា​ទង្វើ​ឈ្លានពាន​របស់​ពួក​អាណានិគមនិយម”។

ហើយ​មូអាម៉ារ​កាដាហ្វី​បាន​ថ្លែង​ប្រកាស​ទៀតថា​ ​ ចាប់ពី​ពេលនេះ​តទៅ​ តំបន់​មេឌីទែរ៉ាណេ​និង​តំបន់​អាហ្វ្រិក​ខាងជើង​ក្លាយជា​ “សមរភូមិ​ប្រយុទ្ធ​”​ ហើយ​ផ្ទាំងស៊ីប្លឺ៍​ទាំង​យោធា​ទាំង​ស៊ីវិល​នឹង​ឋិត​នៅ​ក្រោម​គ្រោះថ្នាក់​នៃ​ការ​គំរាម។​ ហើយ​មេដឹកនាំ​ផ្តាច់ការ​លីប៊ី​មូអាម៉ារ​កាដាហ្វី​នឹង​ចែក​សព្វាវុធ​ឲ្យ​ប្រជាជន​លីប៊ី​ប្រមាណ​ជាងមួយលាននាក់​ដើម្បី​ការពារ​ឯករាជភាព​ និង​កិត្តិយស​របស់​ប្រទេស​លីប៊ី៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ