អានតួអត្ថបទ
លីប៊ី

អូតង់​បាន​វាយប្រហារ​លើ​លំនៅឋាន​របស់​លោក​កាដាហ្វី

នៅ​ព្រឹក​ព្រលឹមស្រាងៗ​ថ្ងៃ​ចន្ទ ទី ២៥ មេសា​នេះ យន្តហោះ​ចម្បំាង​របស់​កងកម្លំាង​អូតង់​បាន​បើក​ការ​វាយប្រហារ​យ៉ាង​ខ្លំាង​ ទៅ​លើ​ទីក្រុង​ទ្រីប៉ូលី។ រដ្ឋអំណាច​លីប៊ី​បាន​បរិហារ​អំពី​ការ​វាយប្រហារ​របស់​អូតង់ និង​បាន​ចាត់​ទុក​ទង្វើ​នេះ ថា​ជា​ការ​ប៉ុនប៉ង​សម្លាប់​លោក​កាដាហ្វី។ សាក្សី​ជា​ច្រើន​បាន​ឃើញ​ផ្សែងហ៊ុយទ្រលោម​ចេញ​ពី​តំបន់ Bab al-Aziziyah ដែល​មាន​លំនៅឋាន​របស់​លោកកាដាហ្វី​ស្ថិត​ក្បែរ​នោះ។ ចំណែក​អគារ​ដែល​លោក​កាដាហ្វី​ធ្វើការ​ក៏​ត្រូវ​បាន​បំផ្លាញ​ខ្ទេចខ្ទី​អស់​ ដែរ។

អូតង់​បាន​វាយប្រហារ​លើ​លំនៅឋាន​របស់​លោក​កាដាហ្វី
អូតង់​បាន​វាយប្រហារ​លើ​លំនៅឋាន​របស់​លោក​កាដាហ្វី ©AFP Photo/Joseph Eid
ផ្សាយពាណិជ្ជកម្ម

យ៉ាង​ហោច​ណាស់ មាន​សំឡេង​ផ្ទុះ​យ៉ាង​ខ្លំាង​ចំនួន ៣ដង​ត្រូវ​បាន​ឮ​កាល​ពី​រំលង​អធ្រាត្រ​យប់​មិញ និង​ដែល​បាន​ធ្វើ​ឲ្យ​រង្គើ​ជញ្ជំាង​ផ្ទះ​របស់​ប្រជាជន​ក្នុង​ទីក្រុង​ទ្រីប៉ូលី។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ ទូរទស្សន៍ជាតិ​ក៏​បាន​សម្រេច​ផ្អាក​ការ​ផ្សាយ​របស់​ខ្លួន ហើយ​មន្រ្តី​របស់​រដ្ឋាភិបាល​លីប៊ី​បាន​ពន្យល់​ថា មក​ពី​អគារ​របស់​គេ​ទទួលរង​ការ​ទម្លាក់គ្រាប់​បែក​ពី​កងកម្លំាង​អូតង់។

ប៉ុន្មាន​នាទី​ក្រោយ​មក ទូរទស្សន៍ជាតិ​ដដែល​ក៏​បាន​ផ្តើម​ផ្សព្វផ្សាយ​ជាថ្មី​នូវ​កម្មវិធី​របស់​ខ្លួន​ដូច​សព្វមួយដង រួម​មាន រូបភាព​ដ៏​រុងរឿង​របស់​មនុស្ស​ខ្លំាង​កាដាហ្វី ព្រម​ទំាង​សុន្ទរកថា​របស់​លោកកាដាហ្វី​ដែល​បរិហារ​អំពី​ការ​ឈ្លានពាន​របស់​ប្រទេសលោក​ខាងលិច។

យ៉ាង​ណា​ក៏​ដោយ កងកម្លំាង​អន្តរជាតិ​ដឹកនំា​ដោយ​អង្គការ​អូតង់​បាន​និង​កំពុង​បន្ត​ដាក់​គំនាប​ជា​អចិន្ត្រែយ៍​ទៅ​លើ​របប​លោកកាដាហ្វី។ យប់មិញ គឺ​ជា​យប់​ទី៣​ហើយ​ដែល​កងកម្លំាង​អូតង់​បាន​ធ្វើ​ការ​ទម្លាក់​គ្រាប់​បែក​ចំ​កណ្តាល​បេះដូង​ទីក្រុង​ទ្រីប៉ូលី ដោយ​សំដៅ​លើ​ចំណុច​យុទ្ធសាស្រ្ត​នៃ​របប​កាដាហ្វី​តែម្តង ដូច​យ៉ាង​បន្ទាយទាហាន និង​អគារ​រដ្ឋបាល។

នៅ​រំលងអធ្រាត្រ​យប់មិញ អូតង់​បាន​បំផ្លាញ​ការិយាល័យ​របស់​កាដាហ្វី​ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​លំនៅឋាន​កាដាហ្វី។ គឺ​ជា​ទីកន្លែង​ដែល​មាន​ការ​យាមកាម ការពារ​យ៉ាង​ម៉ឹងម៉ាត់​ពី​កងកម្លំាង​របស់​កាដាហ្វី និង​ក៏​ជា​ទីកន្លែង​ជួបជុំ​គ្នា​រៀងរាល់​យប់​របស់​ក្រុម​អ្នកគាំទ្រ​កាដាហ្វី។ អ្នកទទួល​ខុសត្រូវ​លីប៊ី​ម្នាក់​បាន​ឲ្យ​ដឹង​ថា ការ​វាយប្រហារ​ជា​ថ្មី​របស់​កងកម្លំាង​អូតង់​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ត្រូវ​របួស​ចំនួន ៤៥នាក់ ក្នុង​នោះ​របួស​ធ្ងន់ ១៥នាក់។ ទន្ទឹម​គ្នា​នេះ រដ្ឋអំណាច​លីប៊ី​ក៏​បាន​លើកឡើង​ពី​ការ​ប៉ុនប៉ង​សម្លាប់​កាដាហ្វី​ពី​សំណាក់​កម្លំាង​អូតង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ