អានតួអត្ថបទ
ម៉ារ៉ុក

ភេរវកម្ម​នៅទីក្រុងម៉ារ៉ាកេស្ហ​នៃប្រទេស​ម៉ារ៉ុក​

ភេរវកម្ម​ដ៏​សាហាវ​មួយ​បាន​កើតមាន​នៅ​ថ្ងៃព្រហស្បតិ៍​ទី២៨​មេសា​ឆ្នាំ២០១១​ នៅ​ពេល​ថ្ងៃត្រង់​នៅ​ក្នុង​ហាង​កាហ្វេមួយ​ឈ្មោះ​Argana ​ ​ ឋិត​នៅ​ទីលាន​Jemaa el-Fna​ ដែល​ជា​បេះដូង​នៃ​ទី​កន្លែង​​ទេសចរ​នៅ​ទីក្រុង​ម៉ារ៉ាកេស្ហ។​ តុល្យការ​ជា​ផ្លូវការ​បាន​ឲ្យ​ដឹងថា​ ​ មានជន​រងគ្រោះ​ស្លាប់​១៦នាក់​ដែល​ក្នុង​នោះ​មាន​ជនជាតិ​បារាំង​ផងដែរ។​ នេះ​ពិតជា​ភេរវកម្ម​មួយ​ដ៏​សែន​សាហាវ​ពុំ​ដែលកើតមាន​នៅ​ប្រទេស​ម៉ារ៉ុក​ ចាប់តាំងពី​មាន​ភេរវកម្ម​របស់​ពួក​អ៊ីស្លាម​និយម​ជ្រុល​​នៅ​ឆ្នាំ២០០៣​នៅ​ ទីក្រុង​កាហ្សាប្លងកា​រួចមក។

ប្រជាជន​​ម៉ារ៉ុក​​​ព្រួយ​បារម្ភ​​ខ្លាចក្រែង​​អំពើ​​ភេរវកម្ម​​ដ៏​ហិង្សា​​នៅ​ទីក្រុង​​ម៉ារ៉ាកេស្ហ​ធ្វើ​ឲ្យ​​ប៉ះពាល់​​ដល់​​សកម្មភាព​​ទេចរណ៍​
ប្រជាជន​​ម៉ារ៉ុក​​​ព្រួយ​បារម្ភ​​ខ្លាចក្រែង​​អំពើ​​ភេរវកម្ម​​ដ៏​ហិង្សា​​នៅ​ទីក្រុង​​ម៉ារ៉ាកេស្ហ​ធ្វើ​ឲ្យ​​ប៉ះពាល់​​ដល់​​សកម្មភាព​​ទេចរណ៍​ © Reuters/Youssef Boudlal
ផ្សាយពាណិជ្ជកម្ម

រហូត​ដល់ពេល​យប់ជ្រៅ​នៃ​ថ្ងៃព្រហស្បតិ៍​ឆ្លងមក​ថ្ងៃសុក្រ​ ​ គេ​បាន​កត់​សម្គាល់​ឃើញ​មាន​ប្រជាជន​ម៉ារ៉ុក​ជា​ច្រើន​បាន​នាំគ្នា​មក​ប្រជ្រៀត​មើល​ទីកន្លែង​ដែល​មាន​អំពើ​ភេរវកម្ម​ដ៏​សែន​សាហាវ។​ ដំបូល​ហើយនិង​ជាន់ទីមួយ​នៃ​ហាងកាហ្វេ​Argana បាន​ត្រូវ​រលំ​បាក់បែក​កំទេច​ដោយ​គ្រាប់បែក​ផ្ទុះ។​ ស្នូរ​សំឡេង​ផ្ទុះ​បាន​លាន់ឮ​រហូត​ដល់​ចម្ងាយ​ប្រមាណ​ពីរគីឡូម៉ែត្រ​ពី​ ទីលាន​Jemaa el-Fna ​ដែល​ជា​បេះដូង​នៃ​ទីកន្លែង​ទេសចរ​នៅ​ទីក្រុង​ម៉ារ៉ាកេស្ហ​ ​ ដែល​ក្នុង​មួយថ្ងៃៗ​មាន​ភ្ញៀវ​ទេសចរ​រាប់​ពាន់នាក់​មក​លេង​កំសាន្ត។

 
មកទល់​ពេលនេះ​ ​ គេនៅ​ពុំទាន់​ដឹង​នៅឡើយ​ថា​ ​ តើ​នរណា​ជា​អ្នក​បញ្ជា​ឲ្យ​ដាក់​គ្រាប់បែក​ផ្ទុះ​នៅ​ក្នុង​ហាង​កាហ្វេ​ឈ្មោះ​Argana ​ ​ ឋិត​នៅ​ទីលាន​Jemaa el-Fna។​ ទាំងនេះ​ ក៏​ហេតុតែ​គ្មាន​ទាន់​មាន​ក្រុមណា​ចេញ​មុខ​ប្រកាស​ទាមទារ​ថា​ខ្លួន​ជា​អ្នក​ទទួល​ខុសត្រូវ​នៃ​ទង្វើ​ភេរកម្ម​ នៅ​ក្នុង​ហាង​កាហ្វេ​ឈ្មោះ​Argana ​ ​ ហើយ​តើ​ដើម្បី​បុព្វហេតុ​អ្វី?

អាជ្ញាធរ​ម៉ារ៉ុក​នៅតែ​បន្ត​ធ្វើការ​អង្កេត​ទៅលើ​ការសន្និដ្ឋាន​ពីរ៖
ទី១-ការផ្ទុះ​កើតចេញពី​សាក់កាដូ​មួយ​ដែល​បង្កប់​ពេញ​ទៅដោយ​គ្រឿងផ្ទុះ​ ​ ដែល​គេ​បាន​យកមក​ដាក់​នៅ​ក្នុង​ហាងកាហ្វេ។
ទី២-ការផ្ទុះ​បង្ក​ឡើង​ដោយ​ទង្វើ​របស់​ភេរវជន​អត្តឃាត។

បច្ចុប្បន្ននេះ​ ​ គេនៅ​ពុំទាន់​ដឹង​នៅឡើយ​ពី​ធាតុពិត​នៃ​គ្រឿង​ផ្ទុះ។​ ក៏​ប៉ុន្តែ​វេជ្ជបណ្ឌិត​ម្នាក់​នៃ​មន្ទីរពេទ្យ​នៅ​ទីក្រុង​ម៉ារ៉ាកេស្ហ​បាន​ថ្លែង​​ប្រាប់ថា​ ​ គេឃើញ​មាន​ស្លាកស្នាម​នៅលើ​រូបកាយ​នៃ​អ្នករបួស​ជាច្រើន​នាក់​ដូច​ស្លាកស្នាម​ដែល​បង្ក​ឡើង​ដោយ​ “ដែកគោល​”​។​ ទាំងនេះ​ ធ្វើឲ្យ​គេ​សន្និដ្ឋាន​ថា​ ​ ជាស្នាដៃ​របស់​គ្រាប់បែក​ច្នៃ។ ហើយ​គេ​សង្ស័យថា​ ពួកអាល់កៃដា​ជា​អ្នកនៅ​ពីក្រោយ​អំពើ​ភេរវកម្ម​ដ៏ហិង្សា​នេះ។

ព័ត៌មាន​ដែល​ទទួលបាន​ពី​ទីលាន​jemaa el-Fna បាន​ធ្វើ​ឲ្យ​ប្រជាជន​ម៉ារ៉ុក​កើតមាន​ក្តីបារម្ភ​យ៉ាងខ្លាំង។​ ពួកគេ​ព្រួយ​បារម្ភ​ខ្លាចក្រែង​អំពើ​ភេរវកម្ម​ដ៏​ហិង្សា​នៅ​ទីក្រុង​ម៉ារ៉ាកេស្ហ​នេះ​ ​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សកម្មភាព​ទេចរណ៍។​ សូមបញ្ជាក់ថា​ ​ វិស័យ​ទេសចរណ៍​ជា​វិស័យ​មួយ​ដ៏​សែន​សំខាន់​សម្រាប់​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​នៃ​ប្រទេស​ម៉ារ៉ុក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ