អានតួអត្ថបទ
លីប៊ី

ប្រតិបត្តិការ​តាម​ចាប់​កាដាហ្វី​កំពុង​បន្ត ?

តើ​កាដាហ្វី​កំពុង​ស្ថិត​នៅ​ទីណា ? នៅ​ក្នុង​ក្នុង​ប្រទេស​លីប៊ី ឬ​មួយ​ក៏​បាន​ចាក​ចេញ​ពី​ប្រទេស​កំណើត​បាត់​ទៅ​ហើយ ?។ ទំាង​នេះ​សុទ្ធសឹង​ជា​​សំណួរ​ដែល​នៅ​មិន​ទាន់​មាន​ចម្លើយ​ជាក់​ច្បាស់​នៅ​ឡើយ​ទេ។ ក្នុង​ពេល​ជា​មួយ​គ្នា​នេះ នៅ​ក្នុង​សារសំឡេង​មួយ​ផ្សាយ​ដោយ​ទូរទស្សន៍​មួយ​នៅ​ក្នុង​ប្រទេស​ស៊ីរី កាដាហ្វី​បាន​អំពាវនាវ​ឲ្យ​ក្រុម​អ្នកគំាទ្រខ្លួន​បន្ត​ប្រឆំាង​នឹង​ក្រុមបះបោរ និង​ថា អង្គការ​អូតង់​នឹង​ទទួល​បរាជ័យ​នា​ពេល​ឆាប់ៗ​ខាង​មុខ។ រីឯ​ពាក្យ​ចចាមអារ៉ាម​ជុំវិញ​វត្តមាន​របស់​កាដាហ្វី​នៅ​ក្នុង​ប្រទេស​នីហ្សេ ឬ​នៅ​ក្នុង​ប្រទេស​ផ្សេង​នោះ កាដាហ្វី​បាន​បរិហារ​លើ​ព័ត៌មាន​នេះ និង​ចាត់​ទុក​ថា ជា​សង្រ្គាមចិត្តសាស្រ្ត។

ប្រតិបត្តិការ​តាម​ចាប់​កាដាហ្វី​កំពុង​បន្ត ?
ប្រតិបត្តិការ​តាម​ចាប់​កាដាហ្វី​កំពុង​បន្ត ? AFP
ផ្សាយពាណិជ្ជកម្ម

ចាប់​កាដាហ្វី​ទំាង​រស់ ឬ​មួយ​ក៏​សម្លាប់​ចោល នេះ​ហើយ​ជា​គោលដៅ​របស់​ក្រុម​អ្នក​ប្រឆំាង​កាដាហ្វី។ ប៉ុន្តែ​អាទិភាព​មុន​គេ​នោះ គឺ​ត្រូវ​ស្វែង​រក​ទីតំាង​ដែល​កាដាហ្វី​កំពុង​លាក់​ខ្លួន ពិសេស តើ​នៅ​ពេល​នេះ កាដាហ្វី​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​លីប៊ី ឬ​មួយ​ក៏​បាន​ចាក​ចេញ​ពី​លីប៊ី​បាត់​ទៅ​ហើយ ?

ក្រុម​អ្នក​គំាទ្រ​កាដាហ្វី​បាន​បញ្ជាក់​ម្តងហើយ ម្តងទៀត​ថា កាដាហ្វី​មិន​បាន​រត់​ចោល​ស្រុក​ដូច​ដែល​ព័ត៌មាន​បាន​ចុះ​ផ្សាយ​កន្លង​មក​ទេ។ ចំណែក​សហរដ្ឋអាមេរិក​វិញ​ក៏​បាន​យល់​ស្រប​ដូច​គ្នា​នេះ​ដែរ។ ក្រសួង​ការបរទេស​អាមេរិក​បាន​អះអាង​ជា​ជា​លើក​ទីមួយ​ថា គេ​គ្មាន​ភស្តុតាង​ណា​មួយ​ដែល​បញ្ជាក់​ពី​ការ​រត់​ភៀសខ្លួន​របស់​កាដាហ្វី​ទេ។ អ៊ីចឹង​សួរ​ថា តើ​កាដាហ្វី​កំពុង​លាក់​ខ្លួន​នៅ​ទីណា ?

បើ​យោង​តាម​ក្រុមប្រឹក្សាជាតិ​លីប៊ី កាដាហ្វី​ប្រហែល​ជា​កំពុង​ពួនសំងំ​នៅ​ក្នុង​ស្រុក Bani Walid ស្ថិត​ចម្ងាយ​ប្រមាណ​ជា ១៧០គីឡូម៉ែត្រ​ពី​ទីក្រុង​ទ្រីប៉ូលី។ ស្រុក Bani Walid គឺ​ជា​ដែន​អំណាច​ដែល​កំពុង​កាន់កាប់​ដោយ​កងកម្លំាង​របស់​កាដាហ្វី តែ​កំពុង​ឡោមព័ទ្ធ​ដោយ​ក្រុម​អ្នកប្រឆំាង​កាដាហ្វី និង​ត្រូវ​ពួក​គេ​គ្រោង​នឹង​បើក​ការ​វាយប្រហារ​នា​ពេល​ឆាប់ៗ​ខាង​មុខ។ ក្រៅ​ពី​ស្រុក Bani Walid កាដាហ្វី​ក៏​អាច​លាក់​ខ្លួន​នៅ​ស្រុក Sebha ដែល​ស្ថិត​នៅ​ប៉ែក​កណ្តាល​ប្រទេស និង​ដែល​កំពុង​គ្រប់គ្រង​ដោយ​ក្រុម​កុលសម្ព័ន្ធ​គំាទ្រ​កាដាហ្វី។ អ្វី​ជា​ការ​កត់សម្គាល់ ផ្លូវ​ឆ្លង​កាត់​ស្រុក Sebha នេះ​ក៏​នឹង​អាច​នំា​ឆ្ពោះ​ទៅ​កាន់​ប្រទេស​នីហ្សេ និង​អាល់យេរី​ដែរ។ ប្រទេស​អាល់យេរី​ដែល​មាន​សមាជិក​គ្រួសារ​របស់​កាដាហ្វី​ជា​ច្រើន​នាក់​បាន​រត់​ភៀសខ្លួន​ទៅ​ជ្រកកោន​នៅ​ទី​នោះ តែ​មិន​មាន​រូប​កាដាហ្វី​ទេ នេះ​ជា​ការ​អះអាង​របស់​រដ្ឋាភិបាល​អាល់ហ្សេរី។

ចំណែក​នៅ​ក្នុង​ប្រទេស​នីហ្សេ​វិញ មាន​មន្រ្តី​របស់​កាដាហ្វី​ជា​ច្រើន​នាក់​បាន​រត់​ទៅ​ជ្រកកោន​នៅ​ទីនោះ។ តើ​អាច​មាន​រូប​កាដាហ្វី​ដែរ ឬ​ទេ ?
ត្រង់​ចំណុច​នេះ ទីក្រុង​នីញ៉ាមេ​បាន​ឆ្លើយ​បដិសេធ​ភ្លាមៗ​ដោយ​បញ្ជាក់​ថា វត្តមាន​របស់​កាដាហ្វី​លើ​ដែនដី​របស់​ខ្លួន​នឹង​អាច​បង្ក​ឲ្យ​មាន​បញ្ហា។ ជំហរ​របស់​ប្រទេស​នីហ្សេ​ពេល​នេះ​ក៏​មិន​ខុស​ពី​ជំហរ​របស់​ប្រទេស​បួគីណាហ្វាសូ និង ឆាដ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ