អានតួអត្ថបទ
អេហ្ស៊ីប

អេហ្ស៊ីប​ចាប់ផ្តើម​បោះឆ្នោត​ប្រជាមតិ​ដើម្បី​អនុម័ត​រដ្ឋធម្មនុញ្ញ​ថ្មី

អេហ្ស៊ីប​បាន​​ចាប់ផ្តើម​ធ្វើការ​បោះឆ្នោត​ប្រជាមតិ នៅថ្ងៃ​សៅរ៍​នេះ ដើម្បី​អនុម័ត​រដ្ឋធម្មនុញ្ញ​ថ្មី​ដ៏​ចម្រូងចម្រាស​។ រដ្ឋធម្មនុញ្ញ​ ដែល​គាំទ្រ​ដោយ​​គណបក្ស​កាន់អំណាច ប៉ុន្តែ ក្រុម​ប្រឆាំង​ និង​ក្រុមសកម្មជន​សិទ្ធិមនុស្ស​ជាច្រើន រិះគន់​ថា រដ្ឋធម្មនុញ្ញ​ថ្មីនេះ នឹង​បើក​ផ្លូវ​នាំ​អេហ្ស៊ីប​ទៅជា​ប្រទេស​អ៊ីស្លាម​ជ្រុលនិយម។ ប្រធានាធិបតី​អេហ្ស៊ីប​បាន​ចេញបញ្ជា​ឲ្យ​ដាក់ពង្រាយ​កងទ័ព ដើម្បី​ជួយជាកម្លាំង​ដល់​ប៉ូលិស ដើម្បីការពារ​សុវត្ថិភាព ពេញ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​នេះ។

ការបោះឆ្នោត​ប្រជាមតិ​លើ​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​អេហ្ស៊ីប ចាប់ផ្តើម​បើក​ធ្វើ​នៅថ្ងៃ​សៅរ៍ ១៥ ធ្នូ ២០១២
ការបោះឆ្នោត​ប្រជាមតិ​លើ​រដ្ឋធម្មនុញ្ញ​ថ្មី​របស់​អេហ្ស៊ីប ចាប់ផ្តើម​បើក​ធ្វើ​នៅថ្ងៃ​សៅរ៍ ១៥ ធ្នូ ២០១២ REUTERS/Sharif Karim
ផ្សាយពាណិជ្ជកម្ម

ការបោះឆ្នោត​ប្រជាមតិ ដើម្បី​អនុម័ត​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​អេហ្ស៊ីប​នេះ នឹង​ប្រព្រឹត្ត​ទៅ​រយៈពេល​២ថ្ងៃ គឺ​នៅថ្ងៃ​សៅរ៍​នេះ និង​នៅថ្ងៃ​សៅរ៍​សប្តាហ៍ក្រោយ។ ការ​រៀបចំ​ការ​បោះឆ្នោត​ពីរ​ថ្ងៃ ដោយ​មួយថ្ងៃៗ ឃ្លាត​ពីគ្នា​រហូតដល់​ទៅ​មួយ​សប្តាហ៍​បែបនេះ បណ្តាល​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ពី​សំណាក់​ក្រុម​ប្រឆាំង គឺ​​ម្យ៉ាង​ខ្លាច​មាន​បញ្ហា​ទាក់ទង​នឹង​ការ​រក្សា​ហិបឆ្នោត ដែល​បោះ​រួច​នៅថ្ងៃ​សៅរ៍​នេះ ដែល​អាច​នាំឲ្យ​មាន​ការ​លួច​បន្លំ​សន្លឹកឆ្នោត និង​ម្យ៉ាងទៀត គឺ​បារម្ភ​ខ្លាច លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅថ្ងៃ​សៅរ៍​ត្រូវ​លេចធ្លាយ​ចេញ​ទៅក្រៅ​ ហើយ​ជះឥទ្ធិពល​ទៅដល់​អ្នក​ដែល​ត្រូវ​បោះឆ្នោត នៅថ្ងៃ​សៅរ៍​ក្រោយ។

គួរបញ្ជាក់ថា មុននឹង​ឈាន​ដល់​ការ​បោះឆ្នោត​ប្រជាមតិ​ថ្ងៃនេះ អេហ្ស៊ីប​បាន​ឆ្លងកាត់​ភាពចលាចល​​អស់រយៈពេល​ជាច្រើន​សប្តាហ៍​មកហើយ ដោយសារ​តែ​មាន​បាតុកម្ម និង​អំពើ​ហិង្សា​រវាង​ក្រុមប្រឆាំង និង​ក្រុម​អ្នក​គាំទ្រ​រដ្ឋធម្មនុញ្ញ ដែល​ភាគច្រើន​ជា​ក្រុម​អ៊ីស្លាម​ជ្រុលនិយម។ ការប្រឈមមុខដាក់គ្នា​រវាង​គូបដិបក្ខ​ទាំងពីរនេះ​នៅតែ​បន្ត​កើតមាន​ រហូតមកទល់នឹង​ថ្ងៃ​សុក្រ​ម្សិលមិញ ដែល​ការ​ប៉ះទង្គិចគ្នា​​​បណ្តាល​ឲ្យ​មាន​អ្នក​របួស​យ៉ាងតិច ១៥នាក់។

ការ​បោះឆ្នោត​នៅ​ថ្ងៃ​សៅរ៍​នេះ ក៏​កំពុង​ប្រព្រឹត្ត​ធ្វើ​ទៅ ​ក្នុង​ភាព​តានតឹង​យ៉ាង​ខ្លាំង​ដែរ។ យោងតាម​ក្រសួង​មហាផ្ទៃ​អេហ្ស៊ីប ប៉ូលិស​ប្រមាណ ១៣ម៉ឺននាក់ និង​ទាហាន ១២ម៉ឺននាក់ នឹង​ត្រូវ​ដាក់ពង្រាយ​ ដើម្បី​ការពារ​សន្តិសុខ ​នៅក្នុងពេល​បោះឆ្នោត​ប្រជាមតិ​នេះ ពោលគឺ ចាប់ពី​ថ្ងៃ​សៅរ៍​​នេះ រហូតដល់​ពេល​ប្រកាស​លទ្ធផល។

ក្រុម​ប្រឆាំង​អេហ្ស៊ីប​​ធ្លាប់​បាន​ទាមទារ​ដោយ​ទទូច​ឲ្យ​​លើកពេល​ការ​ធ្វើ​ប្រជាមតិ​លើ​រដ្ឋធម្មនុញ្ញ​សិន ក៏ប៉ុន្តែ លោក​ប្រធានាធិបតី Mohamed Morsi ដែល​គាំទ្រ​ដោយ​ក្រុម​អ៊ីស្លាម​ជ្រុល​និយម បាន​បដិសេធ។ ក្រុម​អ្នក​ប្រឆាំង​បាន​រិះគន់​​ថា សេចក្តីព្រាង​រដ្ឋធម្មនុញ្ញ​នេះ​មិនមាន​ចែង​អំពី​ការការពារ​សិទ្ធិ​សេរីភាព​ដល់​ស្រ្តី សិទ្ធិសេរីភាព​ក្នុងការ​បញ្ចេញ​មតិ និង​សិទ្ធិសេរីភាព​ក្នុង​ការគោរព​សាសនា។ ក្រុម​សកម្មជន​សិទ្ធិមនុស្ស​មួយចំនួន​ក៏​បាន​ធ្វើការ​​​រិះគន់​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ ដោយ​បារម្ភ​ខ្លាច រដ្ឋធម្មនុញ្ញ​នេះ នាំ​អេហ្ស៊ីប​ទៅ​រក​ផ្លូវ​​​ អ៊ីស្លាម​ជ្រុលនិយម ដែល​ជា​ផ្លូវ​ដ៏​គ្រោះថ្នាក់មួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ