អានតួអត្ថបទ
អេហ្ស៊ីប

អេហ្ស៊ីប​​ស្ថិត​​ក្នុង​​ស្ថានភាព​អាសន្ន​៤​ថ្ងៃ​មុន​​ការ​​រៀបចំ​​បោះឆ្នោត​ប្រជាមតិ​​ស្តីពី​​ច្បាប់​​រដ្ឋធម្មនុញ្ញ​

អំពើហិង្សា​នៅ​ទីលាន​សន្តិភាព Tahrir កំពុង​បន្ត​មាន​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប ៤ថ្ងៃ មុន​ការ​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​ច្បាប់រដ្ឋធម្មនុញ្ញ។ មាន​ការ​បាញ់​គ្រាប់​កំាភ្លើង​ពិត​ទៅ​លើ​ហ្វូង​បាតុករ​ដែល​បាន​បោះ​ជំរំ​នៅ​លើ​ទីលាន​សន្តិភាព Tahrir ដោយ​បណ្តាល​ឲ្យ​រងរបួស ៩នាក់។ ខណៈនេះ ទីលាន​សន្តិភាព Tahrir កំពុង​ឡោមព័ទ្ធ​ដោយ​កម្លំាង​ប៉ូលិស ហើយ​លោក​ប្រធានាធិបតី Morsi បាន​ស្នើ​កម្លំាង​ទាហាន​ឲ្យ​ធានា​សន្តិសុខ។ ថ្ងៃ​អង្គារ ទី១១ ធ្នូ​នេះ ក្បួន​បាតុកម្ម​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ក្រុម​អ្នកប្រឆំាង​លោក​ប្រធានាធិបតី​អេហ្ស៊ីប Morsi និង​ក្រុម​អ្នកគំាទ្រ​លោក​ប្រធានាធិបតី​ត្រូវ​ជួបជុំ​គ្នា​នៅ​ទីលាន​សន្តិភាព Tahrir។

ក្រុម​អ្នកប្រឆំាង​លោក​ប្រធានាធិបតី​អេហ្ស៊ីប Morsi បាន​បោះជំរំ​នៅ​លើ​ទីលាន​សន្តិភាព Tahrir
ក្រុម​អ្នកប្រឆំាង​លោក​ប្រធានាធិបតី​អេហ្ស៊ីប Morsi បាន​បោះជំរំ​នៅ​លើ​ទីលាន​សន្តិភាព Tahrir REUTERS/Mohamed Abd El Ghany
ផ្សាយពាណិជ្ជកម្ម

តាម​ការ​គ្រោង​ទុក បាតុកម្ម​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ទីលាន​សេរីភាព Tahrir រវាង​ក្រុម​អ្នកប្រឆំាង​លោក​ប្រធានាធិបតី​អេហ្ស៊ីប Morsi និង​ក្រុម​អ្នកគំាទ្រ​លោក​ប្រធានាធិបតី​ត្រូវ​ចាប់​ផ្តើម​នៅ​រសៀល​ថ្ងៃ​នេះ។ សម្រាប់​ក្រុម​គណបក្សប្រឆំាង ក្បួន​បាតុកម្ម​នៅ​ថ្ងៃ​នេះ គឺ​សំខាន់​ខ្លំាង​ណាស់ ព្រោះ​ថា ជា​សំណាង​ចុង​ក្រោយ​ដើម្បី​បង្ខំ​លោក​ប្រធានាធិបតី Morsi ឲ្យ​លើក​ថ្ងៃ ឬ​មួយ​ក៏​បោះបង់​ចោល​ទំាង​ស្រុង​នូវ​ការ​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​ច្បាប់​រដ្ឋធម្មនុញ្ញ​ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃ​សៅរ៍ ទី១៥ ធ្នូ​ចុង​សប្តាហ៍​នេះ។

តាម​កម្មវិធី ក្បួន​បាតុកម្ម​នឹង​ត្រូវ​ដើរ​ដង្ហែរ​ជា ៣ខ្សែ ដោយ​ណាត់​ជួបជុំ​គ្នា​នៅ​ពី​មុខ​វិមាន​ប្រធានាធិបតី និង​ដែល​ក្នុង​នោះ មាន​មួយ​ក្រុម​ត្រូវ​ដង្ហែរ​ក្បួន​មាន​ចម្ងាយ ២០០ម៉ែត្រ​កាត់​តាម​វិហារ​មួយ​ដែល​មាន​ក្រុម​អ្នកគំាទ្រ​លោក Morsi បាន​សម្រេច​រៀបចំ​ក្បួន​បាតុកម្ម​នៅ​ទីនោះ។ គឺ​ក្បួន​បាតុកម្ម​ក្បែរ​គ្នា​រវាង​ក្រុម​អ្នកគំាទ្រ​លោក Morsi និង​ក្រុម​អ្នកប្រឆំាង​លោក Morsi នេះ​ហើយ ដែល​នឹង​អាច​ផ្ទុះ​ឡើង​នូវ​អំពើហិង្សា​ដោយ​ចៀស​មិន​រួច។ កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​កន្លង​ទៅ ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​ទំាង​ពីរ​នៅ​មុខ​វិមាន​ប្រធានាធិបតី​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ៨នាក់ និង​រងរបួស​ជាង ៧០០នាក់​ផ្សេង​ទៀត។

គឺ​ដោយ​ព្រួយបារម្ភ​ពី​ផ្ទុះ​អំពើហិង្សា​ជា​យថាហេតុ​ជា​ថ្មី​នៅ​ពេល​នេះ​ហើយ បាន​ជា​ចលនា​អ៊ីស្លាមនិយមជ្រុល Salafistes បាន​បញ្ជាក់​ថា ពួក​គេ​នឹង​មិន​ដង្ហែរ​ក្បួន​បាតុកម្ម​នៅ​ក្បែរ​ក្រុម Frère Musulmans ទេ។ យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​បាន​ចេញ​បញ្ជា​ឲ្យ​ដាក់​ពង្រាយ​កម្លំាង​ប៉ូលិស កម្លំាង​ទាហាន ព្រម​ទំាង​រថក្រោះ​នៅ​ទីតំាង​សំខាន់ៗ​មួយ​ចំនួន​ដើម្បី​ប្រឈម​ទប់​នឹង​ការ​ផ្ទុះ​គ្រប់​អំពើហិង្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ