អានតួអត្ថបទ

អន្តរការី​អង្គការ​សហប្រជាជាតិ​ទៅ​យេម៉ែន ដើម្បី​ចរចា​បញ្ចៀស​ជម្លោះ​ប្រដាប់​អាវុធ

លោក លោក ម៉ាតាំង ហ្គីហ្វីត Martin Griffiths អន្តរការី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​យេម៉ែន បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ក្រុង​សាណា នៅ​ថ្ងៃ​សៅរ៍​ទី​១៦ មិថុនា​នេះ ដើម្បី​មាន​ជំនួប​ចរចា​ជាបន្ទាន់​ជាមួយ​ពួក​ឧទ្ទាម​ហ៊ូទី ស្តី​ពី​ប្រតិបត្តិការ​នៅ​ក្រុង​កំពង់​ផែ ហូដីដា។ តំបន់​យុទ្ធសាស្ត្រ​ហូដីដា កាន់កាប់​ដោយ​ពួក​ឧទ្ទាម តែ​ត្រូវ​កង​កម្លាំង​ប្រធានាធិបតីនិរទេស​ព្រម​ទាំង​សម្ព័ន្ធ​អន្តរជាតិ​អារ៉ាប់ បើកវាយប្រហារ​រំដោះ​តាំង​ពី​ថ្ងៃពុធ​មក។

អន្តរការី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​យេម៉ែន លោក Martin Griffiths
អន្តរការី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​យេម៉ែន លោក Martin Griffiths REUTERS/Khaled Abdullah
ផ្សាយពាណិជ្ជកម្ម

លោក ម៉ាតាំង ហ្គីហ្វីត មិន​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍អ្វី​ទាំង​អស់ នៅ​ពេល​អញ្ជើញ​ទៅ​ដល់​ប្រទេស​យេម៉ែន ប៉ុន្តែបើ​តាម​អ្នក​ឆ្លើយ​ឆ្ល​ងព័ត៌មាន​របស់ទី​ភ្នាក់ងារ​ព័ត៌មានបារាំង AFP ​អន្តរការី​អង្គការ​សហប្រជាជាតិ បាន​ធ្វើ​សំណើ​ទៅ​កាន់​​​ពួក​ឧទ្ទាម​ហ៊ូទី ដែលជា​​​អ្នក​កាន់កាប់រដ្ឋធានីសាណារដ្ឋធានី​របស់​យេម៉ែន និង​តំបន់​ភាគ​ខាង​ជើង​ប្រទេស ឱ្យ​បង្វែរ​ការ​គ្រប់គ្រង​តំបន់​ហូដីដា មក​ឱ្យ​គណៈកម្មការ​​ត្រួត​ពិនិត្យ​អង្គការ​សហប្រជាជាតិ។ សំណើ​បែប​នេះ គឺ​ ដើម្បី​បញ្ចៀស​ការ​ប្រយុទ្ធ​គ្នា​​ដោយ​អាវុធ​។

ដោយ​មាន​ជំនួយ​ពី​សម្ព័ន្ធ​អារ៉ាប់ កងកម្លាំង​ប្រដាប់​អាវុធ​របស់​រដ្ឋាភិបាល​និរទេស​យេម៉ែន បាន​បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ វាយលុក​លើ​តំបន់​យុទ្ធសាស្ត្រ​ហូដីដា ដែល​តាំង​ពី​ថ្ងៃពុធ​ទី ១៣​មិថុនាបាន​ធ្វើ​ឱ្យ​ស្លាប់​មនុស្ស​ប្រមាណ​១៤០​នាក់ ក្នុង​១១៨​នាក់​ជាខាង​ពួក​ឧទ្ទាម និង​២១​នាក់​ជា​ទាហាន​យេម៉ែន (នេះ​បើ​តាម​ប្រភព​គ្រូពេទ្យ)។

ទាហាន​យេម៉ែន បាន​ប្រកាស​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ថា​រំដោះ​បាន​អាកាសយានដ្ឋានហូដីដា ដែល​បិទ​ទ្វារ​តាំង​ពី​ឆ្នាំ​២០១៤​មក ប៉ុន្តែ​គ្មាន​ប្រភព​ណា​អាច​បញ្ជាក់​ព័ត៌មាន​នេះ​ទេ។ ចំណែក​ឯ​អ្នក​នាំ​ពាក្យ​សម្ព័ន្ធអារ៉ាប់​ ក៏​បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​យើង​ដែរ។ គេ​គ្រាន់​តែ​ដឹង​ថា​កាលពី​ថ្ងៃ​សុក្រ ទ័ព​ថ្មើរ​ជើង​យេម៉ែន​បានរុល​មក​កាន់​តែ​កៀក​ប្រមាណ​២​គីឡូម៉ែត្រ​ពី​ព្រលាន​យន្តហោះ។

ប្រតិបត្តិការ​ទ្រទ្រាយ​ធំ​នេះ បាន​បង្ក​បង្កើត​ឱ្យ​មា​នក្តី ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ខ្លាច​យេម៉ែន​ធ្លាក់​ក្នុង​វិបត្តិ​មនុស្សធម៌ធ្ងន់ធ្ងរ​ខ្លាំងជា​ថ្មីទៀត​ ព្រោះ​ហូដីដា ជា​​ក្រុង​កំពង់ផែ​ដ៏ធំ​ជាង​គេ​ប្រទេស និង​ជា​ច្រក​ចាំ​ទទួល​ជំនួយ​មនុស្ស​ធម៌​ផ្សេង​ៗ​។

មុន​នឹង​ធ្វើ​ដំណើរ​មក​កាន់​សាណា អន្តរការី​ពិសេស​អង្គការ​សហប្រជាជាតិ បាន​ធ្វើ​ការ​អំពាវនាវ​រួច​ម្តង​ហើយ​ឱ្យ​គ្រប់ភាគី​ចេះអត់​ធ្មត់​និង​ជ្រើសរើសមធ្យោបាយ​បែប​ស្ថាបនា ​របស់​អង្គការ​សហប្រជាជាតិ ព្រោះ គ្មានឡើយ​ដំណោះស្រាយ​តាម​ផ្លូវយោធា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ