អានតួអត្ថបទ
យេម៉ែន

យេម៉ែន៖​ការ​វាយប្រហារ​លើ​ស្រុកហូដីដា​កំពុង​គំរាមកំហែង​ដល់​ជំនួយមនុស្សធម៌

នៅ​ក្នុង​ប្រទេស​យេម៉ែន ថ្ងៃ​សុក្រ ទី១៥ មិថុនា​ជា​ថ្ងៃទី៣ ដែល​កម្លាំង​ទ័ពរដ្ឋាភិបាល​កំពុង​បន្ត​បើក​ការ​វាយប្រហារ​ដណ្តើម​យក​ស្រុក​ហូដីដា​ពី​កណ្តាប់ដៃ​ពួក​ឧទ្ទាម​ហ៊ូទី្ស។ តួលេខ​ផ្តល់​ដោយ​ក្រុមអ្នកជួយសង្រ្គោះ​ឲ្យ​ដឹង​ថា មាន​ស្លាប់​ពួក​ឧទ្ទាម​ចំនួន ១១៨នាក់​គិត​តាំង​ពី​ការ​វាយប្រហារ​ថ្ងៃទី១ តែ​មិន​បាន​លំអិត​ឲ្យ​ច្បាស់​នៃ​ចំនួន​មនុស្ស​ស្លាប់​របស់​ភាគី​ម្ខាងៗ​ទេ។ អ្វី​ជា​ក្តីបារម្ភ​នៅ​ក្នុង​យុទ្ធនាការ​សឹក​នៅ​ហូដីដា​ពេល​នេះ គឺ​ការ​ប៉ះពាល់​ដល់​ដំណើរការ​ដឹកជញ្ជូន​ជំនួយមនុស្សធម៌ ព្រោះ​ហូដីដា​ជា​ស្រុក​យុទ្ធសាស្រ្ត​ដែល​មាន​ព្រលានយន្តហោះ និង​កំពង់ផែ។

នៅយេម៉ែន ​ការ​វាយប្រហារ​លើ​ស្រុកហូដីដា​កំពុង​គំរាមកំហែង​ដល់​ជំនួយមនុស្សធម៌
នៅយេម៉ែន ​ការ​វាយប្រហារ​លើ​ស្រុកហូដីដា​កំពុង​គំរាមកំហែង​ដល់​ជំនួយមនុស្សធម៌ REUTERS/Abduljabbar Zeyad
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ថ្ងៃ​ពុធ ទី១៣ មិថុនា​មក​ម្ល៉េះ​ដែល​កម្លាំងរដ្ឋាភិបាល​បាន​បើក​ការ​វាយប្រហារ​លើ​ស្រុក​ហូដីដា​ដែល​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុម​ឧទ្ទាម​ហ៊ូទី្ស។ តែ​ទោះ​បី​ជា​មាន​ការ​គាំទ្រ​ពី​កម្លាំងទ័ព​អារ៉ាប៊ីសាអូឌីត និង​អេមីរ៉ាតអារ៉ាប់រួម​ក៏​ដោយ ក៏​ទ័ពរដ្ឋាភិបាល​យេម៉ែន​ហាក់​ពិបាក​ទប់ទល់​នឹង​ការ​តស៊ូ ក្រាញ​ននាល​របស់​កម្លាំង​ឧទ្ទាម​ដែល​មាន​ការ​ជួយ​គាំទ្រ​ផ្លូវ​យោធា​ពី​ប្រទេស​អ៊ីរ៉ង់។ តាម​ក្រុម​អ្នក​ជួយសង្រ្គោះ​នៅ​លើ​សមរភូមិ ពួក​ឧទ្ទាម​បាន​បាញ់​សម្លាប់​ទាហាន​រដ្ឋាភិបាល​ជា​ច្រើន​នាក់​ដោយ​ប្រើ​យុទ្ធសាស្រ្ត​វាយឆ្មក់ និង​បាញ់ស៊ីប។

ប្រភព​យោធា​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា កម្លាំងទ័ព​កំពុង​ត្រៀម​ជើងព្រួល​ផ្លូវគោក​ជាមួយ​នឹង​ជំនួយ​ផ្លូវអាកាស​ពី​កម្លាំងសម្ព័ន្ធមិត្ត​ដើម្បី​វាយប្រហារ​ផ្តាច់ព័្រត្រ​យក​ស្រុក​ហូដីដា។ សូម​ជម្រាប​ជូន​ថា មាន​ទីតាំង​ស្ថិត​នៅ​លើ​ច្រាំង​នៃ​សមុទ្រក្រហម ​ហូដីដា​ជា​ស្រុក​យុទ្ធសាស្រ្ត​ដែល​មាន​ព្រលាន​យន្តហោះ និង​កំពង់ផែ ហើយ​នៅ​ទីនោះ​ជា​ច្រក​នៃ​ការ​ទទួល​ជំនួយ​មនុស្សធម៌​សម្រាប់​ជួយ​ផ្គត់ផ្គង់​ដល់​ពលរដ្ឋ​យេម៉ែន​ដែល​កំពុង​ជួប​វិបត្តិមនុស្សធម៌​ដ៏​ធ្ងន់ធ្ងរ​ជាង​គេ​ក្នុង​លោក។ សង្រ្គាម គ្រោះអត់ឃ្លាន និង​ជំងឺផ្សេងៗ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជិត ១០ ០០០នាក់​ក្នុង​រយៈពេល ៣ឆ្នាំ​កន្លង​ទៅ។

ក្រៅ​ពី​ផ្តល់​ផលវិបាក​ក្នុង​ការ​ដឹកជញ្ជូន​ជំនួយ​មនុស្សធម៌ លោកស្រី Sarah Leah Whitson នាយិកា​អង្គការ​សិទ្ធិមនុស្ស Human Rights Watch ទទួល​បន្ទុក​តំបន់​មជ្ឈិមបូព៌ា​ក៏​បាន​ព្រមាន​ថា ការ​វាយប្រហារ​លើ​ស្រុក​ហូដីដា​ពេល​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​ជនស៊ីវិល​ក្នុង​ស្រុក​ហូដីដា និង​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ទឹកដី​យេម៉ែន។ អ្វី​ជា​ការ​កត់សម្គាល់ ប្រតិបត្តិការ​សឹក​លើ​ស្រុក​ហូដីដា​ជា​ប្រតិបត្តិ​មួយ​ដ៏​សំខាន់​គិត​តាំង​ពី​ឆ្នាំ ២០១៥។ កន្លង​មក ទ័ព​រដ្ឋាភិបាល​ធ្លាប់​វាយដណ្តើម​បាន​តំបន់​ជា​ច្រើន​នៅ​ប៉ែកខាងត្បូង ពិសេស​ទីក្រុង​អាដេន​ពី​ពួក​ឧទ្ទាម​ហ៊ូទី្ស។ ចំណែក​នៅ​ប៉ែកខាងជើង​កំពុង​បន្ត​ស្ថិត​ក្នុង​កណ្តាប់​ពួក​គេ រួម​ទាំង​ទីក្រុង​សាណា​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ