យេម៉ែន បើកប្រតិបត្តិការទ្រង់ទ្រាយធំរំដោះកំពង់ផែពីដៃពួកឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់
ដោយមានការគាំទ្រពី សម្ព័ន្ធអារ៉ាបដឹកនាំដោយអារ៉ាប៊ីសាអូឌីត កងកម្លាំងយោធារបស់ប្រធានាធិបតីយេម៉ែននិរទេស បានប្រកាស នៅថ្ងៃពុធទី ១៣មិថុនានេះ បើកប្រតិបត្តិការរំដោះកំពង់ផែ Hodeïdah។ Hodeïdah ជាកំពង់ផែយេម៉ែនដ៏សំខាន់ជាងគេនៅក្នុងប្រទេស និងជាក្រុងយុទ្ធសាស្ត្រ ដែលស្ថិតក្នុងកណ្តាប់ដៃពួកឧទ្ទាមហ៊ូទី និកាយឈីអ៊ីត គាំទ្រដោយអ៊ីរ៉ង់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អេមីរ៉ាតអារ៉ាប់រួម ដែលជាអំណាចសំខាន់ពីរដំបូងរបស់សម្ព័ន្ធអារ៉ាប់ បានអំពាវនាវរួចហើយឱ្យពួកហ៊ូទី កាន់និកាយឈីអ៊ីត គាំទ្រដោយអ៊ីរ៉ង់ ដែលកំពុងត្រួតត្រាប្រទេសភាគខាងជើង រួមទាំងរដ្ឋធានីផង ដកទ័ពចេញពីកំពង់ផែ យ៉ាងយូរត្រឹមថ្ងៃអង្គារម្សិលមិញ។
នៅថ្ងៃនេះ យន្តហោះទម្លាក់គ្រាប់បែក នាវាចម្បាំងរបស់កងសម្ព័ន្ធអារ៉ាប់ និកាយស៊ុននីត បានចាប់ផ្តើមផ្លោងគ្រាប់សង្គ្រប់លើកំពែងការពារកំពង់ផែរបស់ពួកហ៊ូទី ដើម្បីជាជំនួយ និងជាការបើកផ្លូវឱ្យកងទ័ពថ្មើរជើងយេម៉ែន ផ្តុំកម្លាំងគ្នាស្រេចនៅភាគខាងត្បូងក្រុង អាចសម្រុករុលចូលទៅកម្ចាត់ក្រុមឧទ្ទាមបាន។ នេះបើតាមសេចក្តីថ្លែងការណ៍លម្អិតរបស់រដ្ឋាភិបាលនិរទេសយេម៉ែន ដឹកនាំដោយប្រធានាធិបតី លោក អាប រ៉ាប៊ូ ម៉ង់សួរ ហាឌី Abd-Rabbou Mansour Hadi ដែលបាននិរទេសខ្លួនចេញពីប្រទេសតាំងពីឆ្នាំ២០១៥ ទៅជ្រកកោន និងបានទទួលការគាំទ្រពីអារ៉ាប៊ីសាអូឌីត។
នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កងកម្លាំងទ័ពយេម៉ែនរបស់រដ្ឋាភិបាលនិរទេស និងកងទ័ពអេមីរ៉ាត់អារ៉ាប់រួម បានរំកិលទៅមុខតាមបណ្តោយឆ្នេរប៉ែកនិរតី រហូតមកកៀកនឹងក្រុងកំពង់ផែ ដោយចង់ប្រើយុទ្ធសាស្ត្រផ្តាច់ផ្លូវផ្គត់ផ្គង់ស្បៀង និងបិទខ្ទប់ពួកហូទីឱ្យនៅថប់កម្លាំងនៅតែរដ្ឋធានីសាណា។
នេះជាលើកទីមួយហើយគិតចាប់តាំងពី ឆ្នាំ២០១៥ ឆ្នាំដែលកងទ័ពបរទេសចូលលូកដៃក្នុងសង្គ្រាមនៅយេម៉ែនដើម្បីនាំប្រធានាធិបតីនិរទេសឱ្យត្រលប់ទៅអំណាចមក ដែលកងកម្លាំងសម្ព័ន្ធមិត្តអារ៉ាប់សាកល្បងវាយយកក្រុងធំពីកណ្តាប់ដៃពួកឧទ្ទាមហ៊ូទី យ៉ាងដូច្នេះ។ ការវាយលុក បើកប្រតិបត្តិការទ្រង់ទ្រាយធំ យកក្រុងកំពង់ផែ ដែលមានកម្មវត្ថុជំរុញឱ្យពួកឧទ្ទាមហ៊ូទីព្រមចូលចរចា។
ប៉ុន្តែសម្រាប់អង្គការសហប្រជាជាតិ ក្តីព្រួយបារម្ភកំពុងរីកធំធាត់ខ្លាំង ខ្លាចមានការបាត់បង់ជីវិតមនុស្សច្រើន នៅប្រយុទ្ធគ្នា ព្រោះបើតាមការប៉ាន់ស្មាន មានប្រជាជនស៊ីវិលយេម៉ែនប្រមាណជាង៦០ម៉ឺននាក់រស់នៅផ្តុំគ្នាក្នុងក្រុងកំពង់ផែ Hodeïdahនេះ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ