អាល់ហ្សេរីស្នើOPEP ឱ្យកាត់បន្ថយចំនួនផលិតប្រេងឆៅ ដើម្បីដំឡើងថ្លៃ
រដ្ឋមន្ត្រីក្រសួងថាមពលអាល់ហ្សេរី បានស្នើសុំទៅកាន់អង្គការប្រទេសអ្នកផលិតប្រេង ហៅកាត់ថា OPEP ដែលជាអាល់ហ្សេរីជាសមាជិកម្នាក់ដែរ ឱ្យសម្រេចកាត់បន្ថយបរិមាណផលិតប្រេងឆៅ ដើម្បីទប់ស្កាត់កុំឱ្យតម្លៃប្រេងឆៅធ្លាក់ថ្លៃខ្លាំងពេកនៅលើទីផ្សារ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៦
“OPEPត្រូវតែធ្វើអន្តរាគមន៍ ដើម្បីទប់តម្លៃប្រេងមានលំនឹងឡើងវិញ ! កាត់បន្ថយការចំនួនផលិត នោះតម្លៃប្រេងឆៅនឹងឡើងថ្លៃ ហើយអាចជួយការពារប្រទេសជាសមាជិកអង្គការអ្នកផលិតប្រេងឆៅផង” នេះជាការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងថាមពលអាល់ហ្សេរី។
កាលពីសប្តាហ៍មុន ប្រទេសអារ៉ាប៊ីសាអ៊ូឌី ដែលជាប្រធានអង្គការOPEP និងក្រុមប្រទេសផលិតករប្រេងឆៅធំៗផ្សេងទៀត បានបញ្ជាក់រួចហើយ ថានឹងមិនកាត់បន្ថយបរិមាណផលិតប្រេងទេ ទោះបីជាតម្លៃធ្លាក់ចុះដល់២០ដុល្លារក្នុងធុងប៉ារីសក៏ដោយ ព្រោះការបន្ថយផលិតផល អាចនឹងជំរុញឱ្យប្រទេសដែលមិនមែនជាសមាជិកអង្គការប្រទេសអ្នកផលិតប្រេង ទាញយកផលចំណេញបានយ៉ាងងាយ។ ប៉ុន្តែសម្រាប់រដ្ឋមន្ត្រីក្រសួងថាមពលអាល់ហ្សេរី លោក Youcef Yousfi លោកមិនយល់ស្របតាមជំហររបស់ក្រុមប្រទេសផលិតករប្រេងចំបងៗទាំងអស់នោះឡើយ ៖ ប្រេងឆៅ គួរត្រូវដំឡើងតម្លៃឱ្យដល់ត្រឹមចន្លោះពី ៦០ ទៅ៧០ ដុល្លារក្នុងមួយធុងប៉ារីល នៅឆ្នាំពី២០១៥ និងបើអាច ចាប់ពីត្រីមាសទី៤ឆ្នាំ២០១៥ និងចាប់ពីឆ្នាំ២០១៦ទៅ តម្លៃប្រេងឆៅមួយធុងប៉ារីល គួរមានតម្លៃប្រមាណ៨០ដុល្លារ។
សូមបញ្ជាក់ថា ៩៥%នៃប្រាក់ចំណូលអាល់ហ្សេរីដែលនាំចូលមកពីបរទេស បានមកពីការលក់ផលិតផលប្រេងនិងឧស្ម័ន។ ពន្ធដារបានមកពីពាណិជ្ជកម្មប្រេងឆៅ តំណាងឱ្យ៦០%នៃថវិការដ្ឋ។ តម្លៃប្រេងឆៅធា្លក់ថ្លៃនៅពេលនេះ បានបង្ខំឱ្យរដ្ឋាភិបាលអាល់ហ្សេរី ប្រកាន់យកជាលើកទីមួយវិធានការត្បិតត្បៀតថវិកា មិនជ្រើសរើសបុគ្គលិករដ្ឋថ្មីជាដើម។ល។
ប្រេងឆៅបានធ្លាក់ថ្លៃអស់ជាងពាក់កណ្តាលក្នុងរយៈពេលមិនដល់៦ខែផង។ កាលពីពាក់កណ្តាលខែមិថុនា ប្រេងឆៅមួយធុងតម្លៃ១១៥ដុល្លារទល់នឹងពេលបច្ចុប្បន្នថ្លៃតែ ៥៥ដុល្លារ។ ការធ្លាក់ថ្លៃនេះបណ្តាលមកពីផលិតផលប្រេងមានច្រើនហូរហៀ ប្រាក់ដុល្លារឡើងថ្លៃ និងម្យ៉ាងទៀត ដោយហេតុ តម្រូវការធ្លាក់ចុះ ព្រោះសេដ្ឋកិច្ចពិភពលោកកំពុងបន្ថយល្បឿន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ