អានតួអត្ថបទ
អារ៉ាប៊ីសាអ៊ូឌីត

អារ៉ាប៊ីសាអ៊ូឌីត​បដិសេធ​មិន​បន្ថយ​ចំនួន​ផលិត​ប្រេងឆៅ​ជា​ដាច់​ខាត

ស្រប​ពេល​ដែល ​តម្លៃ​ប្រេងឆៅ​បាន​បន្ត​ធ្លាក់​មក​ត្រឹម​ជាង​៥០ដុល្លារ ​ក្នុង​មួយ​ធុង​បារីល អារ៉ាប៊ីសាអ៊ូឌីត ដែល​ជា​ប្រទេស​ផលិត​ប្រេង​ នាំមុខ​គេ​បង្អស់​ បាន​អះអាង​ជាថ្មី​ម្តង​ទៀត​ថា ខ្លួន ​ក៏​ដូច​ជា​សមាជិក​ របស់​អង្គការ​ប្រទេស​អ្នកនាំ​ប្រេង​ផ្សេង​ទៀត​ដែរ នឹង​មិន​បន្ថយ​ការ​ផលិត​ប្រេងឆៅ​ ឲ្យ​នៅ​ក្រោម​ ៣០លាន​ធុង​បារីល ​ក្នុង​មួយ​ថ្ងៃ​ឡើយ។ អារ៉ាប៊ីសាអ៊ូឌីត ​បន្ត​ថា ប្រេងឆៅ​នឹង​ឡើងថ្លៃ​មក​វិញ ​ក្នុង​ពេល​ខាងមុខ ​ជាមួយ​នឹង​កំណើន​សេដ្ឋកិច្ច​ពិភពលោក។

រដ្ឋមន្ត្រី​ក្រសួង​ប្រេង​ឥន្ទនៈ​អារ៉ាប៊ីសាអូឌីត អាលី អាល់ ណាអ៊ីមី
រដ្ឋមន្ត្រី​ក្រសួង​ប្រេង​ឥន្ទនៈ​អារ៉ាប៊ីសាអូឌីត អាលី អាល់ ណាអ៊ីមី
ផ្សាយពាណិជ្ជកម្ម

លោក​រដ្ឋមន្រ្តី​ក្រសួង​ប្រេង​ឥន្ទនៈ​របស់​អារ៉ាប៊ីសាអ៊ូឌីត​ បាន​ផ្តល់​បទ​សម្ភាស​ន៍​មួយ ដោយ​បាន​អះអាង​យ៉ាង​ច្បាស់ ​ជាថ្មី​ម្តងទៀត​ថា ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត នឹង​មិន​បន្ថយ​ចំនួន​ផលិត​ប្រេងឆៅ​ឡើយ។ នេះ​គឺ​ជា​គោល​ជំហ​រួម​​ របស់​ប្រទេស​សមាជិក​អង្គការ​ប្រទេស​អ្នក​នាំ​ប្រេង​ចេញ​ទាំងអស់។ សូម​បញ្ជាក់​ថា ​បច្ចុប្បន្ន​នេះ អង្គការ​អូប៉ិប(OPEP) ​បាន​កំណត់​ ឲ្យ​ប្រទេស​សមាជិក​ទាំងអស់​ ផលិត​ប្រេង​សរុប​ក្នុង​ចំនួន ៣០លាន​ធុង​បារីល​ក្នុង​មួយ​ថ្ងៃ។

 
លោក​រដ្ឋមន្រី្ត​ប្រេង​អារ៉ាប៊ីសាអ៊ូឌីត​ បាន​បន្ថែម​ថា ​វា​ជា​រឿង​ដែល​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ដែល​អារ៉ាប៊ីសាអ៊ូឌីត ​ក៏​ដូច​ជា​ប្រទេស​សមាជិក​អង្គការ​អូប៉ិប​ (OPEP) ផ្សេង​ទៀត កាត់​បន្ថយ​ការ​ផលិត​ប្រេងឆៅ ​ព្រោះ​ថា ​ប្រទេស​ដ៏ទៃ​ទៀត ​ដែល​មិនមែន​ជា​សមាជិក OPEP គេ​មិន​កាត់​បន្ថយ​ផង ​គេ​មាន​តែ​បង្កើន​ការ​ផលិត​ឲ្យ​បាន​ច្រើន ​ដើម្បី​វាយលុក​យក​ទីផ្សារ។ លោក​ពន្យល់​ថា ​ប្រេង​កំពុង​តែ​ចុះ​ថោក​ស្រាប់​ទៅ​ហើយ បើ​យើង​កាត់​បន្ថយ​ការ​ផលិត​ទៀត​នោះ ​នាំ​ឲ្យ​បាត់បង់​ទីផ្សារ ​ហើយ​ចំណូល​ នឹង​រឹតតែ​បាន​តិច​ថែម​ទៀត។

រដ្ឋមន្រ្តី​អារ៉ាប៊ីសាអ៊ូឌីត​រូប​នេះ ​បាន​បន្ថែម​ថា​ ប្រេង​ចុះថោក ​មិនមែន ដោយសារ​តែ​ការ​ផលិត​មាន​ច្រើន​ហួសហេតុ​នោះ​ទេ។ មូលហេតុ​ចំបង គឺ​ដោយសារ​កំណើន​សេដ្ឋកិច្ច​ពិភពលោក ​មាន​ការ​ជាប់​គាំង ​ទើប​ធ្វើ​ឲ្យ​តម្រូវការ​ប្រេង​ មាន​ការ​ថយ​ចុះ។ មួយ​វិញ​ទៀត មាន​ប្រេង​ឥន្ទនៈ​ច្រើន​ប្រភេទ​ ដែល​ចរាចរ​នៅ​លើ​ទីផ្សារ ​មក​ពី​ប្រទេស​ដ៏ទៃ​ផ្សេង​ទៀត ក្រៅ​ពី​ប្រទេស​សមាជិក​ របស់​អង្គការ​អូប៉ិប(OPEP)។ លោក​បាន​ឆ្លៀត​រិះគន់​ ដល់​ក្រុម​អ្នក​ជំនាញ​ ទិញ​លក់​ភាគហ៊ុន​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ ថា​ជា​អ្នក​ចូលរួម​ចំណែក ធ្វើ​ឲ្យ​ប្រេង​ចុះ​ថោក ​ព្រោះ​ពួក​នេះ ​បាន​បំប៉ោង​តួលេខ ដោយ​បាន​ឆ្លៀត​ឱកាស​នេះ ​ទិញ​ស្តុកទុក​ភាគហ៊ុន​ប្រេង​ មួយ​ភាគ​ធំ​ ក្នុង​តម្លៃ​ថោក ​ហើយ​រងចាំ​លក់​ទៅវិញ​ នៅ​ពេល​ណា​ដែល​ប្រេង​ឡើងថ្លៃ។

តែ​ទោះ​ជា​យ៉ាងណា​ លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​ក្នុង​ពេល​អនាគត​ដ៏​ខ្លី ប្រេងឆៅ​នឹង​ឡើងថ្លៃ​មក​វិញ ​ស្រប​ពេល​ដែល​កំណើន​សេដ្ឋកិច្ច​ពិភពលោក​មាន​ភាព​ល្អ​ប្រសើរ ដែល​ធ្វើ​ឲ្យ​តម្រូវការ​ប្រេង​ឥន្ទនៈ​មាន​សន្ទុះ​ឡើងវិញ​ដែរ។ រុស្ស៊ី ​និង​អាមេរិក កំពុង​ភ័យ​ខ្លួន​ព្រោះ​ថា ចំណូល​ពី​ការ​នាំ​ចេញ​ប្រេង ថយ​ចុះ​កាន់​តែ​ខ្លាំង ហើយ​ដោយសារ​តែ​តម្លែ​ផលិត​មាន​កម្រិត​ខ្ពស់ ​ក្រុមហ៊ុន​ខ្លះ ​លក់​ទាំ​ងខាត​ក៏​មាន​ដែរ។

យ៉ាង​ណា​មិញ ​រតនាគារ​កណ្តាល​របស់​អាមេរិក ទើប​បាន​សម្រេច​នូវ​គោល​នយោបាយ​ហិរញ្ញវត្ថុ​ថ្មីមួយ  ​ដោយ​យល់យោគ​ទៅ​ដល់​ការ​វិនិយោគ​ ក្នុង​វិស័យ​ប្រេង និង​ថាមពល។ ដំណឹង​នេះ បាន​ធ្វើ​ឲ្យ ប្រេងឆៅ​បាន​កើន​តម្លៃ​បន្តិច​ឡើង​វិញ នៅ​ទីផ្សារ​​ប្រេង​​ក្រុង​​ញូយ៉ក ​​កាល​​ពី​​ល្ងាច​​ថ្ងៃ​​ព្រហស្បតិ៍​ ​ពោល​គឺ ប្រេងឆៅ​មួយ​ធុង​បារីល​ បានកើន​តម្លៃ​​​ មក​ដល់​ ៥៧​ដុល្លារ ​៦៧​សេន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ