អានតួអត្ថបទ
លីប៊ី-អាមេរិក

លីប៊ី៖មេភេរវជន​ម៉ុកតារ បែលម៉ុកតារ​ស្លាប់​ដោយ​គ្រាប់បែក​អាមេរិកំាង !

នៅ​ក្នុង​ប្រទេស​លីប៊ី រដ្ឋាភិបាល​ផ្លូវការ​បាន​ប្រកាស​ឲ្យ​ដឹង​ពី​ការ​ស្លាប់​មេភេរវជន ម៉ុកតារ បែលម៉ុកតារ (Mokhtar Belmokhtar) នៅ​ក្រោម​ការ​វាយប្រហារ​ផ្លូវអាកាស​របស់​ទ័ពអាមេរិកំាង​ក្នុង​ទឹកដី​លីប៊ី​នា​រាត្រី​យប់​ថ្ងៃ​សៅរ៍​ឆ្លង​ចូល​ថ្ងៃ​អាទិត្យ ទី១៤ មិថុនា។ នៅ​សហរដ្ឋអាមេរិក​ឯ​ណោះ មន្ទីរ​ប៉ង់តាហ្កូន​នៅ​មិន​ទាន់​បាន​បញ្ជាក់​ព័ត៌មាន​នេះ​ជា​ផ្លូវការ​ទេ តែ​គ្រាន់​អះអាង​ថា មេភេរវជន​រូប​ម៉ុកតារ បែលម៉ុកតារ​ពិត​ជា​ផ្ទំាងស៊ីប​នៃ​ការ​វាយប្រហារ​របស់​ទ័ព​អាមេកំាង​នៅ​លីប៊ី​មែន។

Mokhtar Belmokhtar, dans une vidéo non datée et diffusée, après le 16 janvier 2013.
Mokhtar Belmokhtar, dans une vidéo non datée et diffusée, après le 16 janvier 2013. REUTERS/Belmokhtar Brigade/Handout
ផ្សាយពាណិជ្ជកម្ម

មេភេរវជន ម៉ុកតារ បែលម៉ុកតារ (Mokhtar Belmokhtar) បាន​ស្លាប់​នៅ​ក្រោម​គ្រាប់បែក​អាមេរិកំាង​ក្នុង​ទឹកដី​លីប៊ី​បាត់​ទៅ​ហើយ នេះ​ជា​ព័ត៌មាន​ដែល​បាន​ប្រកាស​ដោយ​រដ្ឋាភិបាល​លីប៊ី​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​ក្នុង​ទីក្រុង​តូព្រូគ (Tobrouk)។ តែ​សហរដ្ឋអាមេរិក​នៅ​មិន​ទាន់​ហ៊ាន​បញ្ជាក់​ព័ត៌មាន​នេះ​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។ នៅ​ក្នុង​សេចក្តីជូនដំណឹង​មួយ អ្នក​នំាពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក​គ្រាន់​តែ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មេភេរវជន ម៉ុកតារ បែលម៉ុកតារ​ពិត​ជា​ផ្ទំាងស៊ីប​នៃ​ការ​វាយប្រហារ​ផ្លូវអាកាស​របស់​ទ័ពអាមេរិក​ក្នុង​ទឹកដី​លីប៊ី​មែន និង​ថា អាមេរិក​ត្រូវ​រង់ចំា​លទ្ធផល​នៃ​ការ​សិក្សា វិភាគ​បន្ថែម​លើ​ព័ត៌មាន​នេះ​ជា​មុន​សិន មុន​នឹង​ធ្វើ​ការ​សន្និដ្ឋាន​យ៉ាង​ណា​នោះ។

បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​លីប៊ី​ឈ្មោះ​ឡាណា (Lana) ឲ្យ​ដឹង​ថា ទ័ពអាកាស​អាមេរិក​បាន​បើក​ការ​វាយប្រហារ​ក្នុង​នា​រាត្រី​យប់​ថ្ងៃ​សៅរ៍​ឆ្លង​ចូល​ថ្ងៃ​អាទិត្យ ទី១៤ មិថុនា​លើ​កសិដ្ឋាន​មួយ​ក្នុង​ស្រុក​អាដាប៊ីយ៉ា​មាន​ចម្ងាយ​ប្រមាណ​ជា ១៦០គីឡូម៉ែត្រ​ពី​ទីក្រុង​បេនហ្កាស៊ី (Benghazi) និង​ដែល​នៅ​ក្នុង​ការ​វាយប្រហារ​នោះ មេភេរវជន ម៉ុកតារ បែលម៉ុកតារ​កំពុង​រៀបចំ​កិច្ចប្រជុំ​មួយ​ជាមួយ​មេ​ចលនា​ជ្រុលនិយម​ផ្សេង​ទៀត ដូច​យ៉ាង​ចលនា Ansar Asharia ដែល​អង្គការ​សហប្រជាជាតិ​ចាត់​ទុក​ជា​អង្គការ​ភេរវនិយម។

នៅ​លើ​បណ្តាញសង្គម ក្រុមជ្រុលនិយម​បាន​ប្រាប់​ឲ្យ​ដឹង​ពី​ការ​ស្លាប់​គ្នីគ្នា​គេ​ចំនួន ៧នាក់​នៅ​ក្នុង​ការ​វាយប្រហារ​របស់​ទ័ពអាមរិក ដោយ​ដាក់​បង្ហោះ​ឈ្មោះ និង​សាកសព តែ​មិន​បាន​និយាយ​ពី​រូប​ម៉ុកតារ បែលម៉ុកតារ​ទេ។

តើ​ម៉ុកតារ បែលម៉ុកតារ​ជា​នរណា?

កើត​ក្នុង​ខែ​មិថុនា ឆ្នំា ១៩៧២ នៅ​ប្រទេស​អាល់ហ្សេរី ម៉ុកតារ បែលម៉ុកតារ​បាន​ចូល​ប្រយុទ្ធ​តំាង​ពី​វ័យក្មេង​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​នា​ឆ្នំា ១៩៩១ ដោយ​បាន​ខ្វាក់ភ្នែក​ម្ខាង។ មុន​នឹង​បង្កើត​ចលនា​ដាច់​ដោយ​ឡែក​របស់​ខ្លួន​ឈ្មោះ « Signataires par le sang » ឬ​អាច​ប្រែ​ថា « ហត្ថលេខី​ដោយ​ឈាម » ក្នុង​ឆ្នំា ២០១២ ម៉ុកតារ បែលម៉ុកតារ​បាន​ដឹកនំា​ចលនា Aqmi ដែល​ជា​សាខា​អាល់កៃដា​ក្នុង​តំបន់​អាហ្រ្វិកខាងជើង។ បន្ទាប់​មក​ក្នុង​ឆ្នំា ២០១៣ មាន​ប្រសូត្រ​ចេញ​នូវ​ចលនា​ជីហាត​ថ្មី​ឈ្មោះ « Al-Mourabitoune » ដែល​រួម​បញ្ចូល​គ្នា​រវាង​ចលនា « Signataires par le sang » និង​ចលនា « Mujao » នៅ​អាហ្រ្វិកខាងលិច ពិសេស​ក្នុង​ប្រទេស​ម៉ាលី។

មេភេរវជន​ម៉ុកតារ បែលម៉ុកតារ​ត្រូវ​បាន​តុលាការ​អាល់ហ្សេរី​កាត់ទោស​ប្រហារ​ជីវិត​ចំនួន​ពីរ​ដង​ពី​បទ​សម្លាប់​ជនជាតិ​បារំាង ៤នាក់​នៅ​ម៉ូរីតានី​ក្នុង​ខែ​ធ្នូ ឆ្នំា ២០០៧ ការ​ចាប់​ជនជាតិ​កាណាដា ២នាក់​ធ្វើ​ជា​ថ្នូរ​ក្នុង​ឆ្នំា ២០០៨ និង​ការ​ចាប់​ជនជាតិ​អេស្បាញ ៣នាក់ និង​អ៊ីតាលី ២នាក់​ធ្វើ​ជា​ថ្នូរ​ក្នុង​ឆ្នំា ២០០៩។ ក្នុង​ខែ​មករា ឆ្នំា ២០១៣ ម៉ុកតារ បែលម៉ុកតារ​បាន​រៀបចំ​អំពើ​ភេរវកម្ម​បង្ហូរ​ឈាម​ប្រឆំាង​នឹង​ស្ថានីយ៍បូមប្រេង​ក្នុង​ប្រទេស​អាល់ហ្សេរី​ដោយ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ៣៨នាក់ ក្នុង​នោះ​មាន​ជនជាតិ​អាមរិកំាង ៣នាក់។ ក្នុង​ខែ​ឧសភា ឆ្នំា ២០១៣ ដដែល ម៉ុកតារ បែលម៉ុកតារ​បាន​ប្រកាស​ទទួល​ស្គាល់​ពី​ការ​បង្ក​ភេរវកម្ម​អត្តឃាត​ផ្ទួន​គ្នា​នៅ​ក្នុង​ប្រទេស​នីហ្សេ​ដោយ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ប្រមាណ​ជា ២០នាក់។ តំាង​ពី​ពេល​នោះ​មក ម៉ុកតារ បែលម៉ុកតារ​បាន​ក្លាយ​ជា​ភេរវជន​ម្នាក់​ដែល​ក្រសួង​ស៊ើបការណ៍​​សម្ងាត់​អាមេរិក​តាម​រក​ចាប់​ខ្លំាង​ជាង​គេ។

តាម​ពិត​ទៅ ព័ត៌មាន​ជុំវិញ​ការ​ស្លាប់​មេភេរវជន​ម៉ុកតារ បែលម៉ុកតារ​ធ្លាប់​បាន​ប្រកាស​ឲ្យ​ដឹង​ជា​ច្រើន​ដង​មក​ហើយ ពិសេស​ក្នុង​ខែ​មេសា​កន្លង​ទៅ​ដោយ​សារព័ត៌មាន​អាល់ហ្សេរី ឬ​មួយ​ដោយ​កងទ័ព​ឆាក​ក្នុង​ឆ្នំា ២០១៣។ ឥឡូវ​នេះ ព័ត៌មាន​ស្តីពី​ការ​ស្លាប់​ម៉ុកតារ បែលម៉ុកតារ​បាន​លេច​ជា​ថ្មី​ដោយ​គេ​នៅ​មិន​ទាន់​ដឹង​ថា ពិត ឬ​មួយ​ក៏​យ៉ាង​ណា​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ