អានតួអត្ថបទ
រុស្ស៊ី-វៀតណាម

បន្ទាប់ពី​ប្រទេស​ឡាវ​ប្រមុខ​រដ្ឋាភិបាល​រុស្ស៊ី​ផ្តើម​ទស្សនកិច្ច​នៅ​វៀតណាម​

ក្នុង​ក្របខ័ណ្ឌ​ទស្សនៈកិច្ច​​ដែល​នឹង​ពន្យារ​ទៅ​២​ថ្ងៃ​ព្រឹកមិញ​នៅ​ក្រុង​ហាណូយ​លោក​នាយក​រដ្ឋមន្ត្រី​​រុស្ស៊ី​​មេដវេដេវ បាន​ធ្វើ​កិច្ច​ចរចា​ជាមួយ​សមភាគី​វៀតណាម​គឺ​លោក Nguyen Tan Dung។ ​ប្រធានបទ​សំខាន់ៗ គឺ​សហប្រតិបត្តិការ វិស័យ​ថាមពល ពាណិជ្ជកម្ម សេដ្ឋកិច្ច​និង​យោធា។ ជា​លទ្ធផល​មាន​ចុះ​បាន​កិច្ច​ព្រមព្រៀង​មួយ​ចំនួន។

ជំនួបរវាង​លោក​នាយករដ្ឋមន្ត្រីរុស្ស៊ី មេដ​វេដេវ​និង​លោកប្រធានាធិបតីវៀតណាម ងៀន​តាន់ស៊ុង
ជំនួបរវាង​លោក​នាយករដ្ឋមន្ត្រីរុស្ស៊ី មេដ​វេដេវ​និង​លោកប្រធានាធិបតីវៀតណាម ងៀន​តាន់ស៊ុង Reuters
ផ្សាយពាណិជ្ជកម្ម

ថ្លែង​ទៅ​ពួក​អ្នក​កាសែត​ក្រោយ​ពី​កិច្ច​ចរចា​ព្រឹកមិញ នៅ​ក្រុង​ហាណូយ ប្រមុខ​រដ្ឋាភិបាល រុស្ស៊ី​លោក​មេដវេដេវ​បង្ហើប​ឲ្យ​ដឹង​ថា វៀតណាម​និង​រុស្ស៊ី បាន​ឯកភាព​គ្នា​ទៅ​លើ​ការ​ស៊ីជម្រៅ សហប្រតិបត្តិការ វិស័យ​ថាមពល។ ពោល​គឺ ៖ មាន​បញ្ជាក់​អំពី​ការ​សាង​សង់​ដោយ​រុស្ស៊ី ជា​ស្ថានីយ​អគ្គិសនី​ទី​១​នៅ​វៀតណាម​ដែល​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ។ សម្រាប់​ស្ថាបនកម្ម​នេះ​នឹង​មាន​ប្រើ​ឥណទាន​ផ្តល់​ដោយ​រុស្ស៊ី។

ទន្ទឹម​នឹង​សហគ្រាស​ចម្រុះ​ខាង​ជីក​ប្រេង​បង្កើត​តាំងពី​ជំនាន់​សហភាព​សូវៀត​មក ក្រោម​ឈ្មោះ​​ ថា VietSovPetro ដែល​ក្នុង​ឆ្នាំ​២០១២​នេះ ចេះ​ជីក​ប្រេង​នៅ​តាម​បាត​សមុទ្រ​បណ្តោយ​ឆ្នេរ​វៀតណាម​បាន​បរិមាណ​ឡើង​ដល់ ២០០​លាន​តោន​ទៅ​ហើយ ភាគី​វៀតណាម​ក៏​ស្វាគម ដល់​ការ​ចូល​ខ្លួន​ទៅ​លើ​ទីផ្សារ​វៀតណាម​ទាំង​ក្រុមហ៊ុន​ថាមពល​រុស្ស៊ី ផ្សេង​ទៀត​បែប​យ៉ាង​Gazprom Lukoil​និង​ក្រុមហ៊ុន​ចម្រុះ​រុស្ស៊ី -អង់គ្លេស “TNK-BP” ។

ខាង​ផ្នែក​ពាណិជ្ជកម្ម រុស្ស៊ី​និង​វៀតណាម បាន​ព្រមព្រៀង​គ្នា​ថា​នឹង​បង្កើន​ការ​ផ្តោះប្តូរ​ទំនិញ​ដែល​ក្នុង​ឆ្នាំ​២០១១​កន្លង​ទៅ បាន​មាន​ទឹកប្រាក់ ជាង​៣.០០០​លាន​ដុល្លារ​ទៅ​ហើយ ឲ្យ​ស្ទុះ​ដល់ ៧.០០០​លាន​ដុល្លារ​តែ​ម្តង​ទៅ​ទល់​ឆ្នាំ ២០១៥។ ការ​ឯកភាព​គ្នា​នេះ ត្រូវ​លោក​មេដវេដេវ និង​លោក​នាយក​រដ្ឋមន្ត្រី វៀតណាម Nguyen Tan Dung យោង​ដូច​គ្នា ទៅ​លើ​លទ្ធផល​ដែល​ថា គ្រាន់​តែ​ក្នុង​៩​ខែ​កន្លង​ទៅ​នៃ​ឆ្នាំ​នេះ ទំហំ​ផ្តោះប្តូរ​នេះ បាន​កើន​ឡើង ១៥០% បើ​ប្រៀប​ទៅ​នឹង អំឡុង​ពេល​ដូច​គ្នា​នេះ​នៃ​ឆ្នាំ​មុន។ គួរ​និយាយថា វៀតណាម ជា​ដៃ​គូ​ពាណិជ្ជកម្ម​ទី​២​របស់​រុស្ស៊ី បើ​គិត​ក្នុង​ចំណោម​១០​ប្រទេស អាស៊ាន ហើយ​ជា​ទី​៧ បើ​គិត​នៅ​ទ្វីប​អាស៊ី​ទាំង​មូល។

ខាង​ផ្នែក​សេដ្ឋកិច្ច គូភាគី​បាន​មូល​មតិ​គ្នា​ថា គឺ​ក្នុង​ឆ្នាំ​ក្រោយ​ទៅ​ហើយ ដែល​នឹង​ប្រព្រឹត្ត​ទៅ កិច្ច​ចរចា ស្តី​អំពី​ការ​បង្កើត​ឡើង ជា”តំបន់​ពាណិជ្ឃកម្ម​សេរី” ជាមួយ”សហភាព​គយ” ដែល រួម​ក្តោប​ប្រទេស​រុស្ស៊ី បេឡារុស និង កាហ្សាក់ស្ថាន។

ចំណែក​កិច្ច​ព្រមព្រៀង​៣​ច្បាប់​ដែល​មាន​ចុះ​ថ្ងៃ​នេះ គឺ​ប៉ះ​លើ​វិស័យ ស្រាវជ្រាវ​និង​ប្រើ លំហ​អវកាស ក្នុង​គោលដៅ​ស៊ីវិល, វិស័យ​វិនិយោគ​ទៅ​ក្នុង​គម្រោង​រួម​ណា​ដែល​ជាអាទិភាព​និង​វិស័យ​ប្រើ​ថាមពល​ឲ្យ​បាន​ប្រសិទ្ធិភាព​កម្រិត​ខ្ពស់។ខាង​ផ្នែក​វប្បធម៌ ម៉ូស្គូ​នឹង​សាងសង់​នៅ​វៀតណាម ជា “សាកល​វិទ្យាល័យ​បច្ចេកវិជ្ជា​រុស្ស៊ី”។

ទោះបី​ខាង​ផ្នែក​យោធា ពុំ​ទាន់​មាន​ប្រកាស​លទ្ធផល​អ្វី​ណាក្តី ក៏​គួរ​រំលឹក​ថា វៀតណាម​ជា ដៃ​គូ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។ ស្ថាបនិក​រដ្ឋ​វៀតណាម​សង្គម​និយម លោក ហូ ជីមិញ ក្នុង​ទសវត្សរ៍​ទី​៦០​នៃ​សង្គ្រាម​ប្រឆាំង​អាមេរិក​តែង​បាន​ថ្លែង​អំណរគុណ​មក​កាន់ ថ្នាក់​ដឹកនាំ​សូវៀត ដោយ​ឃ្លា​ថា “ ប្រជា​ជន​វៀតណាម តែង​ចង​ចាំ​ជានិច្ច អំពី​ប្រភព​នៃ​ទឹក ដែល​ខ្លួន​ហូប” ជា​ឃ្លា​កតញ្ញូ ចំពោះ​ជំនួយ​យោធា​សូវៀត​ដ៏​ច្រើន​សន្ធឹកសន្ធាប់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ