អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តំបន់​​​អាឡិប​​​​​​​​​​រងការ​​ទំលាក់​​គ្រាប់បែក​​​​ធ្ងន់ធ្ងរ​ បទឈប់បាញ់​​សម្រេច​​ដោយ​​មហាអំណាច​​ហៅ​លែងលឺ​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃសុក្រ​ម្សិលមិញ ​កងទ័ព​ស៊ីរី​បាន​ប្រតិបត្តិការ​​ទំលាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ​​ នៅតាម​សង្កាត់​ភាគខាងកើត​​​តំបន់​អាឡិប ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម។ ​ទីកន្លែង​សង្គ្រោះ​របស់​ក្រុមសង្គ្រោះ​ស៊ីវិល​៣កន្លែង​បាន​រងការ​បំផ្លាញ​ ខ្ទេចខ្ទាំ។​​ ជនស៊ីវិល​យ៉ាងហោច​៤៥នាក់ បានស្លាប់​​ដោយ​ការទំលាក់គ្រាប់បែក។ 

ក្រុមសង្គ្រោះ​កំពុង​ជួយ​ក្មេងៗ នៅ​អាឡិប ក្នុងពេល​កន្លងមក
ក្រុមសង្គ្រោះ​កំពុង​ជួយ​ក្មេងៗ នៅ​អាឡិប ក្នុងពេល​កន្លងមក REUTERS/Sultan Kitaz
ផ្សាយពាណិជ្ជកម្ម

ដំណោះស្រាយ​ការទូត រកច្រក​ចេញ​ សម្រាប់​​ស៊ីរី ពេលនេះ ​​​បរាជ័យ​ទាំងស្រុង ខណៈ​អាមេរិក​និង​រុស្ស៊ី​នៅតែ​​ខំ​បង្ហាញ​ការគាំទ្រ ​ដល់​កិច្ចព្រមព្រៀង​បទឈប់បាញ់ ​​សម្រេចបាន​ កាលពី​ថ្ងៃ៩កញ្ញា ទាំង​ដឹងថា​ ​វាមិនអាច​ទៅរួច។ ​នៅទីក្រុង​​បុស្តុន ​ថ្ងៃសៅរ៍នេះ ប្រមុខ​ការទូត​អាមេរិក ឃែររី នឹង​​ទទួលជួប​ប្រមុខការទូត​អ៊ីតាលី អង់គ្លេស បារាំង​ និង​អាល្លឺម៉ង់ ដើម្បី​ពិភាក្សា​​​វិបត្តិ​ស៊ីរី។

ស្ថានការណ៍​នៅ​​អាឡិប
ថ្ងៃសុក្រ​ម្សិលមិញ តំបន់​អាឡិប​បាន​រងការទំលាក់គ្រាប់បែក​​​​ឥតឈប់​តែម្តង ​ពី​សំណាក់​ទ័ពស៊ីរី​។ ​អាឡិបធ្លាប់​ជា​​​អតីត​ក្រុង​សេដ្ឋកិច្ច​ស៊ីរី​​។ តាំងពី​ឆ្នាំ២០១២មក អាឡិប​ត្រូវបាន​បែងចែក​ជា២តំបន់ មាន​តំបន់ស្ថិតក្រោម​ការគ្រប់គ្រង​របស់​​កងទ័ព​​ និង​តំបន់​​​​​ដែល​ក្រុម​ឧទ្ទាម​​​គ្រប់គ្រង។

កងទ័ពស៊ីរី​ឡោមព័ទ្ធ​តំបន់​ដែល​​ក្រុមឧទ្ទាមគ្រប់គ្រង​​ ​​២ខែមកហើយ។ កាលពី​​ថ្ងៃ​ព្រហស្បតិ៍​ ​កងទ័ព​ស៊ីរី​​​​បាន​ប្រកាស​បើកការ​វាយលុក​​ ដើម្បី​​​យក​សង្កាត់​ដែល​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​​ក្រុមឧទ្ទាម​មកវិញ។ ​​

ការទំលាក់គ្រាប់បែក​ម្សិលមិញ បានបំផ្លាញ​ទីតាំង​សង្គ្រោះ​របស់​ក្រុមសង្គ្រោះ​ស៊ីវិល​ស៊ីរី ៣កន្លែង​ បំផ្លាញ​​សម្ភារៈ​ពេទ្យខ្ទេចខ្ទាំអស់។ សំណាង​ល្អ ដែល​គ្មានបុគ្គលិក​សង្គ្រោះ​ណាម្នាក់​​ស្លាប់។ តែ​ក្នុង​ការ​បំពេញ​​ការងារ​កន្លងមក នៅ​ស៊ីរី បុគ្គលិក​ក្រុមសង្គ្រោះ ដែល​មាន​ឈ្មោះថា ​ក្រុមសង្គ្រោះ​​​ស៊ីវិល​ស៊ីរី ​បានស្លាប់អស់​ដល់ទៅ​ជាង​១៤០នាក់។​

ពេលនេះ ក្រុមសង្គ្រោះ​កំពុង​ខ្វះខាត​សាំង​ ដូច្នេះ​ប្រតិបត្តិការ​សង្គ្រោះនៅមានកម្រិត។ ​គ្មានអ្នកណា​អាចចូលទៅយក​​សាកសព ​រឺ​ជួយ​មនុស្ស​ដែល​រង​​​​របួស ហើយ​ដែលកំពុង​ជាប់ផុងខ្លួន​ក្នុងគំនរ​ថ្ម​នៃ​​អគារ​បែកបាក់​​​​ទេ​ ព្រោះ​ស្ថានការណ៍​គ្រោះថ្នាក់ណាស់។ ជន​រងគ្រោះ​​​​ត្រូវបានគេទុក​អោយ​ស្លាប់​ គួរ​អោយ​អាណោច​អធម៌​ណាស់។ ​​ក្រុមប្រឆាំង​ស៊ីរី និង​សង្គមស៊ីវិល​បាន​ចោទ​រុស្ស៊ិ​ថា ឃុបខិត​ជាមួយ​កងទ័ព​ស៊ីរី​ ​​ទំលាក់គ្រាប់បែក​ នៅ​អាឡិប​ ថ្ងៃសុក្រ​ម្សិលមិញ​នេះ។

អាមេរិក​និង​រុស្ស៊ី​បន្ត​ទំលាក់កំហុស​ដាក់គ្នា
បទឈប់បាញ់​៩កញ្ញា ដែល​អាមេរិក​និង​រុស្ស៊ី ​សម្រេចបាន ​មានទិសដៅ​ចំបង​អោយ​ភាគីជម្លោះ​ស៊ីរី​វិល​ចូល​តុ​ចរចា​គ្នាវិញ។ បទឈប់បាញ់​ចែង​​​អោយភាគី​ជម្លោះ ​​ផ្អាក​ការប្រយុទ្ធ ដើម្បី​អាច​អោយ​គេដឹក​ស្បៀង​មនុស្សធម៌​​​ជួយ​ប្រជាជន​ស៊ីរី។​ បទឈប់បាញ់ អាចពន្យារ​ពេល​បាន​មួយសប្តាហ៍ ហើយ​បើ​អ្វីៗ​ដំណើរការ​​ល្អ បន្ទាប់ពីនោះ អាមេរិក​និង​រុស្ស៊ី​ចាប់​ផ្តើមសហ​​ប្រតិបត្តិការ​​យោធា​រួម​គ្នា កំចាត់​ក្រុម​ជិហាត​​​រដ្ឋអ៊ីស្លាម។ ​

តែ​បទឈប់បាញ់​​ ត្រូវបាន​រំលោភ​ទាំងស្រុង តាំងពីថ្ងៃចន្ទ​មក​ ​​ពេល​​​​មានការវាយប្រហារ​ក្បួន​ស្បៀង​មនុស្សធម៌ ធ្វើអោយ​មនុស្ស​ស្លាប់​២០នាក់។ ពេលនេះ កងទ័ព​​បើកការ​វាយលុក​យក​អាឡិបពី​ក្រុម​ឧទ្ទាមមកវិញ​។ អាមេរិក​និង​រុស្ស៊ីបានទំលាក់​កំហុស​លើគ្នាទៅវិញទៅមក។ ម្សិលមិញ ​កងទ័ពស៊ីរី​​​​ទំលាក់គ្រាប់បែក​ធ្ងន់ធ្ងរនៅ​អាឡិប​ ធ្វើអោយ​​បទឈប់បាញ់​កាន់តែ​បរាជ័យ។

​មហាអំណាច​​រុស្ស៊ី និង​អាមេរិកបានតែក្អេងក្អាងដាក់គ្នា ខណៈ​​​​អាមេរិក​ទាំង​រុស្ស៊ី​សុទ្ធតែ​មិនអាច​​ដោះស្រាយ​វិបត្តិ​ស៊ីរីបាន។ ភាគីទាំង២​នៅតែ​​ វាយប្រហារ​សំដីគ្នា មិនត្រឹម​តែ​នៅក្នុង​កិច្ចប្រជុំ​អង្គការ​សហប្រជាជាតិ​​ប៉ុណ្ណោះទេ។ ​​សូម្បីតែ​ក្នុង​កិច្ចប្រជុំ​មហាអំណាច​តំបន់ និង​មហាអំណាចពាក់ព័ន្ធ​វិបត្តិ​ស៊ីរី ដែល​មាន​សមាជីក​២៣​ប្រទេស កាលពី​​ថ្ងៃព្រហស្បតិ៍ ក៏​រុស្ស៊ី​និង​អាមេរិក​​នៅតែ​តវ៉ាគ្នា។

ប្រមុខការទូត​អាមេរិក​ ឃែររី នៅតែ​ទាមទារ​អោយ​កងទ័ព​ស៊ីរីបញ្ឈប់​ប្រតិបត្តិការ​ផ្លូវអាកាស។ ​ឯ​​ប្រមុខការទូត​រុស្ស៊ី ឡាវ្រូវ វិញ ​នៅ​តែ​ទាមទារ​អោយ​ក្រុមឧទ្ទាម​ផ្តាច់ខ្លួន ​អោយដាច់​​ស្រឡះ​ចេញ​ពី​ក្រុម​ភេរវជន​ហ្វាតេ អាល់ ឆាំ ដែល​ជា​អតីតក្រុម​អាល់ណូស្រា។ រុស្ស៊ី​ដូច​ជា​រាង​​យល់ព្រម​អោយ​មានការផ្អាក​ប្រតិបត្តិការ​ហោះហើរ​របស់​កងទ័ពស៊ីរី​ បាន​៣ថ្ងៃ​​ តែ​ខាងអាមេរិក​វិញ ទាមទារ​អោយ​បាន​ដល់​មួយ​​សប្តាហ៍។ ​​

ដឹងថា បទឈប់បាញ់​​ ជាគ្រឹះ​នៃ​ដំណោះស្រាយ​​ជម្លោះ​ស៊ីរីហើយ តែ​​ម្នាក់ៗ​នៅតែ​បន្តចោទគ្នា​ទៅវិញ​ទៅមក​ ពីរឿង​​មិន​គោរព​​​គោលការណ៍​​បទឈប់បាញ់។​ តែ​ក៏នៅតែ​ប្រឹង​គាំទ្រ​បទឈប់បាញ់ ប្រហែល​ជា​​ដើម្បី​​​បង្អួត​គេថា មានតែ​ខ្លួនទេ ទើបអាច​​រកដំណោះស្រាយ​អោយស៊ីរីបាន។

រុស្ស៊ី​និយាយ​ទៅកើត អាមេរិក​និយាយ​ទៅលិច។ វាសនា​ស៊ីរី​បែរជា​ក្លាយជា​ល្បែង​ជម្លោះ​​របស់​​មហា​អំណាច​​ទៅវិញ ពិតជា​ពិបាក​ទទួលយក​បានណាស់។

ការត្រួតពិនិត្យ​បទឈប់បាញ់​ជាយន្តការ​ចំពោះមុខ ​
ដំណោះស្រាយ​ចំពោះមុខ គឺ​បទឈប់បាញ់​នេះហើយ។ មិនអាច​អោយ​ប្រជាជន​បន្តស្លាប់​ក្រោម​គ្រាប់ផ្លោង​​​ទៀតទេ។ សង្គ្រាម​អូសបន្លាយ​ជាង​៥ឆ្នាំនេះ សម្លាប់​មនុស្ស​ជាង​៣សែននាក់ហើយ។ ​រុស្ស៊ី​ក៏​ទទួល​ស្គាល់ដែរ​ថា គឺ​ដល់ពេល​វេលាហើយ ព្រោះ​គ្រប់គ្នា​សុទ្ធតែ​បានឃើញ​បទពិសោធន៍កន្លងមក។ ​ប៉ុន្តែ បទឈប់បាញ់ត្រូវបាន​រំលោភ ភាគី​និមួយៗ​ចោទគ្នា​ ថាជាដើមហេតុ​នៃ​ការរំលោភ​បទឈប់បាញ់។

ដោយសារ​រឿងនេះ បារាំងបាន​​ស្នើ​អោយ​មាន​ការត្រួតពិនិត្យ​បទឈប់បាញ់ តាមដាន​ភាគីជម្លោះ​និមួយៗ​​ថា តើ​ពួកគេ​ពិតជា​បានគោរព​តាមត្រឹមត្រូវទេ។​ រដ្ឋមន្ត្រី​ការបរទេស​បារាំង លោក​ ​ហ្សង់ម៉ាក អៃរ៉ូល ​បាន​​ប្រទេស​ទាំង២៣ ជាមហអំណាចតំបន់ និង​មហាអំណាច​​​ដែលពាក់ព័ន្ធ​វិបត្តិ​ស៊ីរី ចូលរួម​ត្រួតពិនិត្យ​បទឈប់បាញ់​ទាំងអស់គ្នា ព្រោះថា ការត្រួតពិនិត្យ​បទឈប់បាញ់ កន្លងមក គឺ​មានតែ​អាមេរិក និង​រុស្ស៊ី តែ​​២ប្រទេស​នេះទេ ដែលជា​អ្នក​ត្រួតពិនិត្យ។​​ ដូច្នេះ​ បើភាគី​ណាចោទភាគីណា​នោះ គេពិបាក​​ដឹង​ការពិត​ណាស់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ